នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ម៉ម សុផាត នាយក នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ បានជួបពិភាក្សាការងារច្បាប់កងទ័ព ជាមួយនឹងស្នងការច្បាប់ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ វរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង អនុប្រធាន ស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក ម៉ម សុផាត បានមានប្រសាសន៍ថា យោងតាមពិធីសារ និងអនុស្សារណៈ ស្តីកិច្ចសហប្រតិបត្តិការ នៃក្រសួងការពារជាតិ កម្ពុជា និងវៀតណាម បានធ្វើឲ្យកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌច្បាប់យោធា លើវិស័យការពារជាតិ មានភាពរឹងមាំ ហើយលើមូលដ្ឋាននេះ បានជម្រុញឲ្យនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិ និងស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម មានកិច្ចសហប្រតិបត្តិការបានតែជិតស្និតថែមទៀត។ ឧត្តមសេនីយ៍ឯក ម៉ម សុផាត បានបន្តថា ឥឡូវនេះសេចក្តីត្រូវការផ្នែកច្បាប់ ពិតជាមានតម្រូវការចាំបាច់ ទោះបីពិភពលោកមានសង្គ្រាម ក៏តម្រូវការផ្នែកច្បាប់ជាគោល។ ឯកឧត្តម បញ្ជាក់ថា នាយកដា្ឋននីតិកម្ម ក្រសួងការពារជាតិ មានតួនាទី ភារកិច្ច ធ្វើការសេនាធិការជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចការនីតិកម្មពាក់ព័ន្ធនឹងការពារជាតិ ទទួលបន្ទុកការងារតាក់តែងច្បាប់ រៀបចំ សេចក្តីព្រាងច្បាប់ អនុក្រឹត្យ និងបទដ្ឋានគតិយុត្តទាំងឡាយពាក់ព័ន្ធនឹងសកម្មភាព នៃកងយោធពលខេមរភូមិន្ទុ ពិនិត្យឡើងវិញនូវបទដ្ឋានគតិយុត្ត ទាំងឡាយណាដែលហួសសម័យ ផ្សព្វផ្សាយច្បាប់ក្នុងកងយោពលខេមរភូមិន្ទ និងចូលរួមដោះស្រាយវិវាទពាក់ព័ន្ធនឹងវិន័យកងទ័ព និងបទល្មើសផ្សេងៗ។ ឧត្តមសេនីយ៍ឯក ម៉ម សុផាត បានលើកឡើងថា បច្ចុប្បន្ន នាយកដ្ឋានកំពុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ រួមមាន៖ ច្បាប់ស្ដីពីកិច្ចការពារជាតិ, ក្រមស្តីពីបទល្មើសយោធា និងនីតិវិធីបទល្មើសយោធា និងសេចក្តីព្រាងច្បាប់(ដ្រូន)។
ក្នុងឱកាសនោះដែរ វរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង បានមានប្រសាសន៍ថា៖ អនុវត្តតាមអនុសារណៈ នៃក្រសួងការពារជាតិប្រទេសទាំងពីរ និងមានការអនុញាតិពីរដ្ឋមន្ត្រីការពារប្រទេសវៀតណាម និងតបតាមការអញ្ជើញរបស់នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា, ស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ លោកវរសេនីយ៍ឯក ក៏បានថ្លែងអំណរគុណចំពោះការស្វាគមន៍ និងការចែករំលែកបទពិសោធន៍របស់នាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា ក៏ដូចជាវាយតម្លៃលើកិច្ចសហប្រតបត្តិការរបស់វៀតណាមជួយមកដល់កម្ពុជា។ លោកអនុប្រធានស្នងការច្បាប់វៀតណាម បានឧទ្ទេសនាមផងដែរ អំពីប្រទេសវៀតណាម ក្នុងនោះបានបញ្ជាក់ថា វៀតណាមមានប្រព័ន្ធច្បាប់ពីមជ្ឈឹមរហូតដល់មូលដ្ឋាន។ ក្រសួងការពារប្រទេសវៀតណាម មានស្នងការច្បាប់ ហើយអង្គភាពនីមួយៗមានការិយាល័យច្បាប់។ ស្នងការច្បាប់មានតួនាទីភារកិច្ចប្រហាក់ប្រហែល នឹងនាយកដ្ឋាននីតិកម្មផងដែរ កិច្ចចម្បងកសាងច្បាប់ និងតាក់តែងច្បាប់ ជារៀងរាល់ឆ្នាំ ស្នងការច្បាប់បានរួមចំណែកកសាងសេចក្តីព្រាងច្បាប់ អនុក្រឹត្យរបស់រដ្ឋាភិបាល តាមដានការអនុវត្តច្បាប់ និងផ្សព្វផ្សាយអប់រំច្បាប់ ក្រៅពីនេះគ្រប់គ្រង ពិនិត្យបទល្មើសច្បាប់ កសាងសន្ធិសញ្ញាអន្តរជាតិ និងសន្ធិសញ្ញាជាមួយប្រទេសជាសមាជិក។
ក្នុងកិច្ចជំនួបនោះដែរ ឧត្តមសេនីយ៍ឯក ម៉ម សុផាត និងវរសេនីយ៍ឯក ង្វៀន ឌឹកយ៉ុង បានពិភាក្សាផងដែរ អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នច្បាប់ នៃកងទ័ពទាំង២ ការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំទៅវិញទៅមក និងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ និងទទួលយកសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅប្រទេសវៀតណាម ៕
























