នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង វូ ហៃសាន (VU Hai San) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម មកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បីចូលរួមពិធីបើកពិពណ៌ផលិតផលការពារជាតិ មិត្តភាពកម្ពុជា-វៀតណាម នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តម វូ ហៃសាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ បានជួបសម្តែងការគួរសម នាពេលនេះ ដោយឯកឧត្តម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូមកកាន់កម្ពុជាលើកនេះ មានគោលបំណងជាចម្បង គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណី និងជាប្រវត្តិសាស្ត្រ រវាងកងទ័ពប្រទេសទាំងពីរវៀតណាម-កម្ពុជា។ ហើយក៍នឹងចូលរួមផងដែរ ក្នុងកម្មវិធីបើក ពិព៌ណផលិតផលការពារជាតិ មិត្តភាព វៀតណាម-កម្ពុជា នៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្នុងរាជធានីភ្នំពេញផងដែរ។ ឯកឧត្តម វូ ហៃសាន បានសង្កត់ធ្ងន់ថា៖ វៀតណាម នៅតែបន្តជួយឧបត្ថម្ភគាំទ្រ ដល់កងយោធពលខេមរភូមិន្ទលើគ្រប់ផ្នែក ពិសេសការបណ្តុះបណ្តាលធនធានមនុស្សច្រើនថ្នាក់ ច្រើនជំនាញ ដើម្បីរួមចំណែកកសាងកងយោធពលខេមរភូមិន្ទ ឱ្យមានការរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា បានបញ្ជាក់ជូនសារជាថ្មី ដល់ភាគីមិត្ត ពីការយកចិត្តទុកដាក់ ការខិតខំពូនជ្រុំនៃការរិតចំណងសាមគ្គីភាព មិត្តភាព របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ រួមជាមួយកងទ័ព និងប្រជាជនកម្ពុជា ក្នុងការបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាពអមតៈ ដែលមានតាំងពីយូរមកហើយតាមរយៈថ្នាក់ដឹកនាំជំនាន់មុន ឲ្យកាន់តែល្អថែមទៀត ដើម្បីធ្វើឲ្យសន្តិសុខ តាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនរុងរឿងដូចពេលបច្ចុប្បន្ន និងទៅអនាគត។ ទន្ទឹមនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានផ្ដល់ការលើកទឹកចិត្ត ឱ្យកងទ័ពប្រទេសទាំងពីរបន្តរួមសហការគ្នាថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី ស្របតាមពាក្យស្លោកថា ”ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូអង្វែង” ៕


















