ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងការពារជាតិ បានធ្វើការប្រជុំបូកសរុបការងារខែវិច្ឆិកា និងលើកទិសដៅសម្រាប់អនុវត្តបន្តខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារខែវិច្ឆិកា និងទិសដៅអនុវត្តខែធ្នូ ឆ្នាំ២០២៣ ដែលអានដោយឧត្តមសេនីយ៍ឯក ចាន់ សារ៉ាង អគ្គលេខាធិការរង ក្រសួងការពារជាតិ និងជានាយក នាយកដ្ឋានសរុប បានលើកឡើងពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវឌ្ឍន៍រីកចម្រើនថ្មីៗ ក្នុងខែវិច្ឆិកាកន្លងមក ដែលកងយោធពលខេមរភូមិន្ទយើងបានចូលរួមបំពេញភារៈកិច្ច ដោយសហការជាមួយស្ថាប័ននានា ទទួលបានលទ្ធផលជាបន្តបន្ទាប់។ ក្នុងរបាយការណ៍ក៏បានលើកឡើងពីលទ្ធផលការងារ នៃកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសម្រេចបាន នៅក្នុងរយៈពេលមួយខែកន្លងទៅ ក្រោមកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងភារកិច្ចការពារបូរណភាពទឹកដី និងប្រជាជន។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យគ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ជាមួយប្រទេសជិតខាង។ កងយោធពលខេមរភូមិន្ទ បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្ម ការពារសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ អន្តរជាតិនានា ក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ឆ្នាំ១៩៥៣ – ៩ វិច្ឆិកា ២០២៣) និងថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទ ព្រះរាជពិធី និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ បណ្តាស្ថាប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាពការងារខ្លួន និងបានបន្តអនុវត្តការងារហ្វឹកហ្វឺនការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់ថា៖ ទន្ទឹមនឹងស្នាដៃសម្រេចបានទាំងនេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងប្រវត្តិសាស្ត្រយោធា និងការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ឯកឧត្តមបានដាក់ចេញនូវទិសដៅឲ្យដល់គ្រប់អង្គភាពកងយោធពលខេមរភូមិន្ទ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យតាមតំបន់ព្រំដែន និងចូលរួមទប់ស្កាត់បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ និងសកម្មភាពឆ្លងដែនខុសច្បាប់ឲ្យមានប្រសិទ្ធភាព ៕





























