នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទួលជួបធ្វើសវនាការ ជាមួយឯកឧត្ដម ស៊ូទីន គ្លូងសាង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែលឯកឧត្តម រដ្ឋមន្ត្រី អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា។ មុនជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គណៈប្រតិភូ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រារព្ធពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៃកងយោធពលខេមរភូមិន្ទ និងគោរពទង់ជាតិ នៃប្រទេសទាំងពីកម្ពុជា-ថៃផងដែរ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ទៀ សីហា ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្ដម ស៊ូទីន គ្លូងសាង ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។ នាយឧត្ដមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ នៅកម្ពុជាលើកនេះ គឺពិតជាបាននាំមកនូវការពង្រឹងពង្រីកចំណងទាក់ទងមិត្តភាពសាមគ្គីភាព ដ៏ល្អប្រពៃ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ថៃ កាន់តែល្អប្រសើរឡើង។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីការពារជាតិថៃ ពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា៖ ថ្វីត្បិតតែឯកឧត្តមទើបចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ របស់កម្ពុជាក៏ដោយ ក៏ប៉ុន្តែមានការងារជាច្រើនដែលក្រសួងការពារជាតិ ប្រទេសយើងទាំងពីរ ត្រូវតែបន្តពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែល្អថែមទៀតបន្តពីរថ្នាក់ដឹកនាំក្រសួងការពារជាតិជំនាន់មុន ដើម្បីធ្វើយ៉ាងណា ឱ្យព្រំដែននៃប្រទេសយើងទាំងពីរ ដែលជាអ្នកភូមិផងរបងជាមួយុគ្នា ក្លាយជាព្រំដែនសន្តិភាព មានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីទំនាក់ទំនងល្អ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ ធ្វើឱ្យស្ថានការណ៍នយោបាយ សេដ្ឋកិច្ច និងវិស័យការពារជាតិ មានភាពល្អប្រសើរ ដែលជាគោលដៅចង់បានរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីជំនាន់មុន និងសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលថ្មីបន្តវេន នាពេលបច្ចុប្បន្ន ក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើន។ សម្រាប់វិស័យកងទ័ព នាយឧត្តមសេនីយ៍ បានរំលេចពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្ដូរព័ត៌មាន កិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការផ្លាស់ប្ដូរទស្សនកិច្ច ការជួយបណ្ដុះបណ្ដាលធនធានមនុស្ស និងការជួយឧបត្ថម្ភសម្ភារៈផ្សេងៗ ដើម្បីពង្រឹងវិស័យសន្តិសុខ រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់។
ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ូទីន គ្លូងសាង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យទាំងឡាយ ដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យថ្មីៗ នៅក្នុងដំណើរការរៀបចំបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីបង្កើតរដ្ឋាភិបាលកម្ពុជាថ្មី បន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម ស៊ូទីន ក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាព កិច្ចសហប្រតិបត្តិការល្អ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ពិសេសកសាងជំនឿទុកចិត្តពីគ្នាទៅវិញទៅមកលើការពង្រឹងពង្រីក កសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសយើងទាំងពីរ ជាខ្សែបន្ទាត់ព្រំដែន សន្តិភាព មានសន្តិសុខល្អ គ្មានការគំរាមកំហែង ដើម្បីឲ្យប្រជាជននៃប្រទេសយើងទាំងពីរ រស់នៅប្រកបរបរចិញ្ចឹមជីវិត ដោយសុខដុមរមនា ៕



























