វគ្គហ្វឹកហ្វឺនវិស្វកម្មគ្រឿងចក្រធុនធ្ងន់ត្រីភាគីកម្ពុជា សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិ បានប្រារព្ធពិធីបិទវគ្គ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ដែលពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ។
ក្នុងរបាយការណ៍ស្វាគមន៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា៖ វគ្គហ្វឹកហ្វឺន គម្រោងត្រីភាគី កម្ពុជា -កូរ៉េ-អសប ស្តីពីការប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺន លើកទី១ ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ សម្រាប់ស្ថាបនាចំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឈន៍ប្រទេសជាតិផង ជាពិសេស ដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ឯកឧត្តម សែម សុវណ្ណនី បានបន្តទៀតថា៖ សិក្ខាកាមដែលបានសិក្សាមានចំនួន ៣២នាក់ សម្រាប់រយៈពេល ៦សប្តាហ៍ ជាមួយគ្រូយោធាចារ្យជំនាញវិស្វកម្មកូរ៉េខាងត្បូង១០នាក់ នឹងបង្រៀនវគ្គហ្វឹកហ្វឺនគ្រឿងចក្រ ធុនធ្ងន់ នៅសាលា PKO ហើយក៏នឹងបើកដំណើរការអប់រំ និងបណ្តុះបណ្តាលថ្មីសម្រាប់អង្គភាពវិស្វកម្ម PKO ដើម្បីឱ្យមានភាពស្ទាត់ជំនាញក្នុងប្រតិបត្តិការប្រើប្រាស់ឧបករណ៍នីមួយៗ។
មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា ថ្លែងអំណរគុណដល់គ្រូយោធាចារ្យជំនាញវិស្វកម្មកូរ៉េ ខាងត្បូង ដែលបានបង្រៀន វគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ដល់កងកំលាំងកងយោធពលខេមរភូមិន្ទនៅពេលនេះ។ មិនតែប៉ុណ្ណោះ ក៏បានបើកដំណើរការអប់រំ និងបណ្តុះបណ្តាល វគ្គថ្មីសម្រាប់អង្គភាពវិស្វកម្ម ដើម្បីឱ្យមានភាពស្ទាត់ជំនាញ ក្នុងប្រតិបត្តិការប្រើប្រាស់ឧបករណ៍នីមួយៗទៀតផង។ ឯ.ឧ បានបន្តទៀតថា៖វគ្គហ្វឺកហ្វឺននេះ គឺមានលក្ខណៈ ពិសេសដែលរៀបចំដោយគម្រោងត្រីភាគី នៅកម្ពុជា ហើយក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដំបូង នៃការហ្វឹកហ្វឺនរួមគ្នា”ត្រីភាគី” រវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិផងដែរ។ ការចាប់ផ្តើម នៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅកម្ពុជាថ្ងៃនេះគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហការ រវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដើម្បីសន្តិភាព។ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ក៏សង្ឃឹមថា៖ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលបានមកពីការខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀន ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងតំបន់បេសកកម្ម ជាពិសេស គឺត្រូវបានជ្រើសរើសដោយយោធាចារ្យកូរ៉េ និងទទួលស្គាល់ពីសំណាក់មន្រ្តី អង្គការសហប្រជាជាតិ នឹងក្លាយជាគ្រូបង្គោលសម្រាប់បង្វឹកដល់កម្លាំងវិស្វកម្ម ត្រៀមចេញបំពេញបេសកកម្ម នាពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គិតចាប់ឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៩.២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្ម ចំនួន ១២ ក្នុងបណ្តាប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់, ឆាត, លីបង់, ស៊ូដង់ខាងត្បូង, សាយប្រឺស, ស៊ីរី, អាហ្វ្រិកកណ្តាល, ម៉ាលី, យេម៉ែន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជា៖ វិស្វកម្មពហុជំនាញ, វិស្វកម្មព្រលានយន្តហោះ, បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កម្លាំងសរុប ៨៤៨នាក់, នារី ១៤៤នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន ៥ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង, លីបង់, អាហ្រ្វិកកណ្តាល, ម៉ាលី និងកុងហ្គោ ៕




































