ក្នុងឱកាសអញ្ជើញមកបំពេញដំណើទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ឺ វេទុង (HE WEIDONG) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។ ក្នុងឱកាសនោះ មុននឹងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្ដមសេនីយ៍ ហ៊ឺ វេទុង (HE WEIDONG) បានត្រួតពល កងកិត្តិយស កងត្រែទ័ព នៃកងយោធពលខេមរភូមិន្ទ និងគោរពទង់ជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ចិនផងដែរ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ ទៀ សីហា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសម្តែងការស្វាគមន៍ ចំពោះដំណើរបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង (HE WEIDONG) និងសមាជិកប្រតិភូ មកកាន់ប្រទេសកម្ពុជា។ ដោយ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង នៅកម្ពុជាលើកនេះ គឺពិតជាបាននាំមកនូវការពង្រឹងពង្រីកចំណងទាក់ទងសាមគ្គីភាព មិត្តភាព ដ៏ល្អប្រពៃ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ជូនប្រតិភូ អំពីសភាពការណ៍មួយចំនួននៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អាណត្តិថ្មីបន្តវេន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ទៀ សីហា បានសម្តែងក្តីសង្ឃឹមថា៖ តាមរយៈទស្សនកិច្ចនេះ កងទ័ពយើងទាំងពីរ កម្ពុជា-ចិន កាន់តែពង្រឹងពង្រីកបាននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្នា លើវិស័យការពារជាតិ អោយមានការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។ ឯកឧត្តម បានថ្លែងអំណរគុណដល់រដ្ឋាភិបាល កងទ័ពរំដោះប្រជាជនចិន ដែលជានិច្ចកាលតែងតែគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេស ក្នុងពេលមានការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ប្រទេសចិន បានផ្ដល់នូវឧបករណ៍សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ហើយក្នុងនោះសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ-១៩ សំរាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា បានយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា ទំនាក់ទំនង មិត្តភាព កម្ពុជា-ចិន គឺជាមិត្តភាព ដែកថែប ដ៏ល្អប្រសើរ និងមានភាពយូរអង្វែង។ បច្ចុប្បន្ននេះកម្ពុជា បានកំពុងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និងសមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះ ក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាព ដល់កងយោធពលខេមរភូមិន្ទ។
មានមតិឆ្លើយតបវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង បានបញ្ជាក់ថា៖ ទំនាក់ទំនងមិត្តភាព ចិន-កម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ នៃមេដឹកនាំជំនាន់មុន។ មិត្តភាព ចិន-កម្ពុជា បានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូង នៃប្រជាជនប្រទេសទាំងពីរ ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិកា ររវាងកងទ័ព នៃប្រទេសយើងទាំងពីរ គឺជាទំនាក់ទំនងដ៍មានសារៈសំខាន់ ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តអោយបានល្អ និងជំរុញសហប្រតិបត្តិការ កងទ័ពទាំងពីរអោយកាន់តែមានកម្រិតខ្ពស់។ នាយឧត្តមសេនីយ៍ ទៀ សីហា បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាជាន់ខ្ពស់ គណៈកម្មាធិការយោធាមជ្ឈិម នៃកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សមប្រកបតែសុខសុវត្ថិភាព និងជោគជ័យគ្រប់ការងារ ៕

































