នៅល្ងាចថ្ងៃទី០២ ខែឆ្នូ ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពរំដោះប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង (HE WEIDONG) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងជំនួបនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាម សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង និងសមាជិកប្រតិភូនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៅកម្ពុជាលើកនេះ ចំពេលដែលប្រជាជនកម្ពុជា កំពុងអបអរសាទរខួបលើកទី ៤៥ឆ្នាំ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមុននេះហៅថា រណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហើយក៏នឹងមានពិធីដ៏ធំមួយទៀត ដែលនឹងរៀបធ្វើឡើងនៅក្នុងខេត្តកែប របស់ប្រទេសកម្ពុជា គឺបុណ្យសមុទ្រ ដែលកម្ពុជាតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ សម្ដេចពិជ័យសេនា បានចូលរួមអបអរសាទរ ជាមួយនិងកងទ័ពរំដោះប្រជាជនចិន លើកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រសួងការពារជាតិកម្ពុជា ក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏រឹងមាំយូរអង្វែង សម្រាប់វិស័យការពារជាតិ នៃប្រទេសទាំងពីរ។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ឺ វេទុង បានជម្រាបជូនសម្ដេចពិជ័យសេនាថា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងសមាជិកប្រតិភូមកកាន់កម្ពុជាលើកនេះ គឺធ្វើឡើងទៅតាមការអនុវត្តលើកុងសង់ស៊ីស ដែលកំណត់ដោយមេដឹកនាំ នៃប្រទេសទាំងពីរចិន-កម្ពុជា ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ មិត្តភាពយូរអង្វែង តកូន តចៅ រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរចិន-កម្ពុជា។ ឯកឧត្តម ហ៊ឺ វេទុង បានអរគុណ ចំពោះមិត្តកម្ពុជា ដែលតែងតែផ្តល់កិច្ចគាំទ្រនយោបាយចិនតែមួយ ។ ឯកឧត្តម ក៏បានសម្តែងការអបអរសាទរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការរៀបចំការប្រកួតកីឡាជនពិការពិភពលោកអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ប្រព្រឹត្តទៅទទួលបានជោគជ័យ។ ឯកឧត្តម បានជំរាបជូនអំពីលទ្ធផលជំនួបជាមួយ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានផ្តោតលើការបន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ ចិន-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន។ ឯកឧត្តម បានស្នើឱ្យកងទ័ពប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ទៅមុខ ដើម្បីឈានទៅដល់កម្រិតថ្មីមួយទៀត។
ជាការឆ្លើយតបវិញផងដែរ សម្ដេចពិជ័យសេនា បញ្ជាក់ថា៖ មិនថាកិច្ចសហប្រតិបត្តិការចាស់ ឬកិច្ចសហប្រតិបត្តិការថ្មីនោះទេ ថ្នាក់ដឹកនាំបន្តវេនរបស់កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏មាន សារៈសំខាន់នេះ ដោយមិនមានការប្រែប្រួល និងផ្លាស់ប្ដូរឡើយ ហើយភាគីយើងទាំងពីរ នៅតែបន្តពង្រឹងពង្រីកឥតឈប់ឈរ ដើម្បីធ្វើឲ្យកងទ័ពយើងទាំងពីរ កាន់តែយល់ពីគ្នា ទៅវិញទៅមក បានកាន់តែច្រើន។ សម្ដេច ក៏បានស្នើឱ្យភាគីកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការលើការងាររៀបចំការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពប្រទេសទាំងពីរ និងបញ្ហា ផ្សេងៗទៀត ក្នុងការផ្លាស់ប្ដូរ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើគ្រប់កម្រិត ដែលការងារនេះ គឺយើងបានចាត់ទុកថា ជាការងារដែលមានសារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសយើងទាំងពីរ ៕























