នៅទីស្ដីការក្រសួងការពារជាតិ ព្រឹកថ្ងៃទី០៦ ខែធ្នូនេះ បានបើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធានប្រចាំការ នៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ និងព្រមទាំងមានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ ស្ថាប័នសាមីក្រសួងពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ អគ្គបញ្ជាការ និងបណ្ដាស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប។
ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអានសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ដែលនៅក្នុងសេចក្តីសម្រេចនោះ បានចាត់តាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានគណៈកម្មការអន្តរក្រសួង និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្នាក់អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ និងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិករបស់គណៈកម្មការ ដើម្បីរៀបចំការប្រព្រឹត្តទៅនៃការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការប្រកបដោយជោគជ័យអនុវត្តនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ក្នុងឆ្នាំ២០២៣នេះ អាចប្រព្រឹត្តទៅដោយភាពអធិកអធម រលូន និងជោគជ័យ។
ឧត្តមសេនីយ៍ឯក មាស ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងឱ្យស្ថាប័នអង្គភាពសេនាតេជោ បានលើកបញ្ជាក់ក្នុងផែនការត្រៀមរៀបចំពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ថាការប្រារព្ធធ្វើខួបលើកទី២៥ នាឆ្នាំ២០២៣នេះ ក្រុមការងារបានសហការគ្នាជាប្រចាំ ដើម្បីរៀបចំធ្វើនៅវិមានឈ្នះឈ្នះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ឧកញ៉ា លី យ៉ុងផាត់ ក្នុងទឹកដីសង្កាត់ព្រែកឫស្សី ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ឆ្នាំ២០២៣នេះ តាមផែនការរបស់គណៈកម្មការរៀបចំពិធី អបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន (២៩ ធ្នូ ឆ្នាំ១៩៩៨-២៩ ធ្នូ ឆ្នាំ២០២៣) ក្រុមការងារយើងបានត្រៀមគ្រប់លក្ខណៈសម្បត្តិ ក្នុងការរៀបចំកម្លាំង ចូលរួមពិធីប្រមាណជា ៦.៦០៤នាក់។ ជាមួយនឹងការរៀបចំពិធីរំលឹកខួបនេះ ក្រុមការងារ នៃគណៈកម្មការអន្តរក្រសួង ក៏បានធ្វើផែនការរួចជាស្រេច ទាំងទីតាំង និងស្តង់តាំងពិព័រណ៍កងទ័ព ស្តង់ពិព័រណ៍ និងរបស់បណ្តាក្រសួងស្ថាប័ន ស្តង់ពិព័រណ៍ម្ហូបអាហារ និងឆាកប្រគំតន្ត្រី ដែលរៀបចំឡើងដោយស.ស.យ.ក ក៏និងក្រសួងវប្បធម៌ វិចិត្រសិល្បៈ សហការជាមួយសាលារាជធានីភ្នំពេញ សម្រាប់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣នេះ ជូនដល់មហាជនប្រជាជនបានចូលទស្សនាផងដែរ។ នេះបើតាមយោងតាមការបញ្ជាក់របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាឆ្នាំ២០២៣នេះ។ បើយោងតាមផែនការនេះ ពិធីអបអរសាទរខួបលើកទី២៥នាឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូខាងមុខនេះក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អនុប្រធានប្រចាំការគណៈកម្មការអន្តរក្រសួង ដើម្បីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក៏បានសំណូមពរដល់សាមីក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាក្រុមការងារគ្រប់គ្រងពិធី គ្រប់គ្រងសកម្មភាពការតាំងពិព័រណ៍ សមិទ្ធផល និងក្រុមការងារគ្រប់គ្រងកងកម្លាំងសម្រាប់ចូលរួមពិធីនេះ ត្រូវយកចិត្តទុកដាក់សហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការរៀបចំឲ្យបានល្អទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធី រួមទាំងការរៀបចំទទួលបដិសណ្ឋារកិច្ច សម្រាប់ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ និងកងកម្លាំងដែលចូលរួមឲ្យរលូន និងល្អប្រសើរ។ ពិសេសក្រុមការងារក៏ត្រូវសហការបានជិតស្និទ្ធជាមួយគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការរៀបចំពិធី ដើម្បីស្វែងរកទីតាំងសម្រាប់រៀបចំផែនការ ផែនឈរ ផែនអង្គុយ នៃមហាជនឲ្យបានត្រឹមត្រូវ និងមានគម្លាតសុវត្តិភាព និងកម្មវិធីសាកល្បង ក៏ដូចជាកម្មវិធីជាផ្លូវការ។ តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអនុប្រធានប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា៖ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តឲ្យបានជោគជ័យទៅតាមផែនការ ដែលបានកំណត់ ៕
































