រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុង អាក្រា (ACCRA) សាធារណរដ្ឋហ្គាណា (Ghana) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ ហ្គាណា (Ghana)។
ក្នុងជំនួបនោះរដ្ឋមន្ត្រីការពារជាតិ ហ្គាណា បង្ហាញពីបំណងចង់អោយមានការផ្លាស់ប្តូរសិក្ខាយោធា រវាងប្រទេសទាំងពីរ កម្ពុជា-ហ្គាណា ក្នុងហ្វឹកហ្វឺនបណ្តុះបណ្តាលវិស័យកងទ័ព។ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ហ្គាណា ក៏បានលើកឡើងផងដែរ អំពីការផ្លាស់ប្តូរបទពិសោធន៍លើជំនាញកំទេចគ្រឿងផ្ទុះកែច្នៃ ដែលកម្ពុជា បានកំពុងអនុវត្តមុខជំនាញនេះ ក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណ ចំពោះប្រទេសហ្គាណា (Ghana) ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅពេលនេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ឆ្នាំ២០២៣ នេះគឺជាខួបទី ៣១ឆ្នាំ ដែលប្រទេស Ghana បានបញ្ជូនកម្លាំងចូលរួមបេសកកម្ម អ៊ុន តាក់ (UNTAC) និងមានសមាជិក ២នាក់ បានពលី ក្នុងបេសកកម្ម ថែរក្សាសន្តិភាពនៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ ចំពោះការលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុសន្តិភាព ក្នុងប្រទេសកម្ពុជា។ ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានស្នើសុំអោយ អតីតកងកម្លាំងអ៊ុនតាក់ ដែលធ្លាប់បានបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលការអភិវឌ្ឍរីកចំរើន នៅប្រទេសកម្ពុជា ក្រោយពីកម្ពុជា បានទទួលសុខសន្តិភាព ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។ ដោយសារបច្ចុប្បន្ននេះ ប្រទេស Ghana មានកងកម្លាំងរក្សាសន្តិភាពនៅក្នុង ប្រទេសលីបង់ និងស៊ូដង់ខាងត្បូងដូចកម្ពុជាដែរ អាស្រ័យ ហេតុនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានស្នើសុំកិច្ចសហប្រតិបត្តិការ ការពារដល់កម្លាំងកម្ពុជា ដែលឈរជើងក្នុងតំបន់ជាមួយគ្នា ករណីចាំបាច់ណាមួយកើតឡើង។
មានមតិឆ្លើយតបវិញនាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិ ហ្គាណា ក៏បានបង្ហាញពីបំណងចង់អោយនាយទាហានប្រទេសហ្គាណា បានត្រលប់ទៅកម្ពុជាម្តងទៀត ដើម្បីមើលការអភិវឌ្ឍប្រទេសកម្ពុជា ពីព្រោះកម្ពុជាពេលមុន រហូតមកដល់បច្ចុប្បន្ននេះ មិនដូចគ្នាទេ។ កម្ពុជាមានការអភិវឌ្ឍច្រើនមែនទែន។ ប្រសិនបើបានទៅប្រទេសកម្ពុជាម្តងទៀត គឺជាឱកាសល្អ ដើម្បីចែករំលែក និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ហ្គាណា។ ឯកឧត្តម បានបន្តថា៖ បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពហ្គាណា បានឈរជើងនៅស៊ូដង់ខាងត្បូង ហើយកងកម្លាំងហ្គាណា ក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងមួកខៀវកម្ពុជានៅស៊ូដង់ខាងត្បូងផងដែរ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការពារជាតិ ហ្គាណា បានស្នើសុំដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បន្តកិច្ចសហប្រតិ្តបត្តិការជាមួយគ្នាបន្តទៀត នៅស៊ូដង់ខាងត្បូង។ ដោយសារកម្ពុជា មានជំនាញក្នុងការកំទេចគ្រាប់មិនទាន់ផ្ទុះ រដ្ឋមន្ត្រីការពារជាតិ ហ្គាណា ក៏បានស្នើសុំអោយមានកិច្ចសហប្រតិបត្តិការជាមួយ ហ្គាណា លើជំនាញកំទេចគ្រាប់មិនផ្ទុះ និងប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃផងដែរ ៕























