រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ហ្សង់ ព្យែរ ឡាក្រស (Jean Pierre Lacroix) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានគាំទ្រចំពោះកម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងអនុញាតអោយ កម្ពុជាបន្តបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្តម ហ្សង់ ព្យែរ ឡាក្រស និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលនៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងប្រតិបត្តិការថែរក្សាសន្តិភាព។
មានមតិឆ្លើយតបវិញ ឯកឧត្តម ហ្សង់ ព្យែរ ឡាក្រស បានថ្លែងអំណរគុណដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុងអាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana) នាពេលនេះ និងថ្លែងអំណរគុណ ការបរិច្ចាកដ៏ធំធេងពីសំណាក់ យុទ្ធជន យុទ្ធនារីកម្ពុជា ក្នុងប្រតិបត្តិការរក្សា សន្តិភាព ដែលការបរិច្ចាកកម្លាំងនេះ មានសារៈសំខាន់ណាស់ ដែលកងកម្លាំងរបស់កម្ពុជាបានចូលរួមក្នុងបេសកកម្មពេលខ្លះប្រឈម នឹងហានិភ័យខ្ពស់ និងមានភាពស្មុគស្មាញ។ ឯកឧត្តម បញ្ជាក់ថា៖ អង្គការសហប្រជាជាតិ នឹងបន្តការសហការគាំទ្រដល់ការចូលរួមរបស់កម្ពុជាបន្តទៀត ក្នុងនោះ ឯកឧត្តម បានចាត់ទុកការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ គឺមានសារៈសំខាន់ណាស់ ដែលកម្ពុជាបានបញ្ចូលកងកម្លាំងក្នុងប្រពន្ធ័ ត្រៀមជាស្រេច គឺមានកងកំទេចគ្រឿងផ្ទុះ បោសសំអាតមីន គឺជាសមត្ថភាពដ៏សំខាន់ក្នុងតំបន់បេសកកម្ម ដែលកម្ពុជាមានសមត្ថភាពខ្ពស់ និងជំនាញក្នុងការបន្សាបឧបករណ៍គ្រឿងផ្ទុះកែច្នៃផង និងការបោសសំអាតមីនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចាក់ពីការបន្តបេ្តជ្ញា របស់កម្ពុជាក្នុងការបញ្ចូលកម្លាំងក្នុងប្រពន្ធ័ត្រៀមជាស្រេច ដែលមាន៖ ១កងវិស្វកម្មព្រលានយន្តហោះ, ១កងកំទេចគ្រាប់មិនទាន់ផ្ទុះ-បោសសំអាតមីន, ១កងអាវុធហត្ថ និង១កងស្ពានលើគោក និងបណ្តែតទឹក ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលា នៅពេលមានសំណូមពរពីអង្គការសហប្រជាជាតិ ៕















