ក្នុងជំនួបសំដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នារសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាកទីន វាវរ៉ា (MARTIN VAVRA) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងជំនួសមុខឲ្យរដ្ឋាភិបាល ពិសេសក្រសួងការពារជាតិ នៃសាធារណរដ្ឋឆេក សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការពារជាតិកម្ពុជា ដែលបានអនុញាតិឲ្យ ឯកឧត្តមបានចូលជួបសំដែងការគួរសម ដើម្បីបានពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ នៃការរឹតចំណង សាមគ្គីភាព មិត្តភាព រវាងកងទ័ពទាំងពីរ ឆេក និងកម្ពុជា ឲ្យកាន់តែមានភាពជិតស្និទ្ធ។
ឯកឧត្តម បានលើកឡើងថា៖ ទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឆេក គឺបានរក្សាតាំងពីយូរណាស់មកហើយ គឺតាំងពីសម័យប្រទេសឆេកូស្លូវ៉ាគី មកម៉្លេះ។ ហើយទោះបីបច្ចុប្បន្នសាធារណរដ្ឋឆេក បានបែកចេញពីគ្នាក៏ដោយ ក៏ទំនាក់ទំនងរបស់យើងនូវតែរក្សាបានល្អជានិច្ច។ ឯកឧត្តម ម៉ាកទីន វាវរ៉ា បានបញ្ជាក់ថា៖កន្លងមកសាធារណរដ្ឋឆេក បានធ្វើការផ្តល់ជាជំនួយមនុស្សធម៌មួយចំនួនមកជូនប្រទេសកម្ពុជា។ ដោយឡែកចំពោះទំនាក់ទំនងទ្វេភាគី រវាងកងទ័ពនៃប្រទេសយើងទាំងពីរ កន្លងមក គឺនៅរក្សាបានភាពជិតស្នឹតនឹងគ្នាទៅវិញទៅមកកាន់តែរឹងមាំ ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មយោធា។ ឯកឧត្តម សង្ឃឹមថា៖ នាពេលខាងមុខក្រសួងការពារជាតិទាំង២ កម្ពុជា និងឆេក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែល្អ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ទៅវិញទៅមក។
មានប្រសាសន៏តបក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ថ្លែងអបអរសារទរ ចំពោះជោគជ័យដែល ឯកឧត្តម ម៉ាកទីន វាវរ៉ា ដែលបានមកបំពេញភារកិច្ចជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្តថា៖ រវាងកងទ័ពយើងទាំង២ កម្ពុជា និងឆេក ធ្លាប់មានប្រវត្តិទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា តាំងពីយូណាស់មកហើយ គឺតាំងពីសម័យ នៅជាប្រទេសឆេកូស្លូវ៉ាគី។ ឯកឧត្តម បានបន្តថា៖ ទោះបីសាធារណរដ្ឋឆេក បានបែកចេញពីគ្នាក៏ដោយ ក៏យើងនៅតែបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាប ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឲ្យបានដឹងដែរថា៖ ក្នុងរយៈពេលកន្លង មកប៉ុន្មានថ្ងៃនេះ ប្រមុខរាជរដ្ឋភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃបណ្តាប្រទេសអាស៊ាន និងអាស៊ានបូក ជាច្រើនទៀត ហើយកម្ពុជានឹងមានព្រឹត្តិការណ៏ធំៗជាច្រើន ដែលកំពុងត្រៀមនឹងអនុវត្តន៏នាពេលខាងមុខ។ ឯកឧត្តម សង្ឃឹមថា៖ នាពេលខាងមុខក្រសួងការពារជាតិ ទាំង២ កម្ពុជា និងឆេក នឹងមានអនុស្សារណៈ កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែល្អ ក្នុងការរឹតចំណង សាមគ្គីភាព មិត្តភាព ទៅវិញទៅមកឲ្យកាន់តែរឹងមាំថែមទៀត ៕















