ឯកឧត្តម ទៀ សីហា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានក្រើនរំឭក និងជម្រុញដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា គប្បីត្រូវយកចិត្តទុកដាក់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនបន្ថែម ក្នុងការព្យាបាលដល់ ក្រុមគ្រួសារយោធិន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្ន នៅមន្ទីរពេទ្យយោធាដ៏ធំមួយនេះ បានបំពាក់នូវគ្រឿងបរិក្ខារពេទ្យទំនើបៗជាច្រើនជាបន្តបន្ទាប់នោះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធអគារសម្ដេចពិជ័យសេនា ទៀ បាញ់ ១៧៧ មន្ទីរពេទ្យព្រះកេតុមាលា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
បច្ចុប្បន្ននេះមន្ទីរពេទ្យព្រះកេតុមាលា មាមានសម្ភារៈទំនើបៗ និងអគារជាច្រើនត្រូវបានបំពាក់ និងសាងសង់ឡើងជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺយោធិន និងក្រុមគ្រួសាររបស់ពួកគាត់ ដែលមានបញ្ហាអ្វីកើតឡើងនោះ តែទោះជាយ៉ាងណាក្ដី ក្នុងនាមគ្រូពេទ្យ ដែលចាំបម្រើពួកគាត់ គប្បីត្រូវមានវិជ្ជាជីវៈ និងសីលធម៌ ជៀសវាងមានការថ្នាំងថ្នាក់ណាមួយពីសំណាក់ពួកគាត់។ យ៉ាងណាក៏ដោយក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការនៅអគារនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ នៅមន្ទីរពេទ្យព្រះកេតុមាលាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ ដែលភាគច្រើនជាទាហាន និងក្រុមគ្រួសារសាច់ញាតិទាហាននាពេលកន្លងមក ប្រកបដោយការយកចិត្តទុកដាក់ និងវិជ្ជាជីវៈផងដែរ ដោយមិនគិតការនឿយហត់នោះទេ។ ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ក៏បានប្រកាសថ្លែងអំណរគុណ ចំពោះប្រទេសជាមិត្តដែលបានផ្ដល់នូវសម្ភារៈបរិក្ខារពេទ្យទំនើបៗ និងការជួយសាងសង់នូវអគារជាច្រើនដល់មន្ទីរពេទ្យព្រះកេតុមាលា ឲ្យកាន់តែល្អ និងប្រកបដោយផាសុខភាព ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺផងដែរ។
បើតាមរបាយការណ៍របស់ ឧត្ដមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលា បានឲ្យដឹងថា៖ នៅឆ្នាំ២០២២ ក្នុងពេលប្រទេសជាតិបានឆ្លងផុតពីវិបត្តិជំងឺកូវីដ-១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀបាញ់ បានជួយឧបត្ថម្ភគាំទ្រដល់ការសាងសង់អគារសង្គ្រោះដំបូង ដែលបានបញ្ចុះបឋមសីលាសាងសង់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលនឹងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ និងបានប្រសិទ្ធនាមអគារនេះថា៖ “អគារសម្ដេចពិជ័យសេនា ទៀ បាញ់ ១៧៧” អគារនេះ មានទទឹង១៥,៦ម៉ែត្រ និងបណ្ដោយ៣៦,៩ម៉ែត្រ, កម្ពស់៧ជាន់ ស្មើនឹង៣១,៨៥ម៉ែត្រ ដាក់គ្រែព្យាបាលអ្នកជំងឺបានចំនួន៧៣គ្រែ, បន្ទប់បុគ្គលិកបំពេញការងារចំនួន១៥បន្ទប់, នៅជាន់ផ្ទាល់ដីមានបន្ទប់បុគ្គលិកបំពេញការងារ២បន្ទប់, បន្ទប់សង្គ្រោះ២ មានគ្រែចំនួន១០, បន្ទប់ដាក់ប្រព័ន្ធអុកស៊ីស៊ែនចំនួន១បន្ទប់ និងបន្ទប់ដាក់ម៉ាស៊ីនបូមទឹក និងពន្លត់អគ្គីភ័យ១បន្ទប់, នៅជាន់ទី១មានបន្ទប់ពិនិត្យភ្នែក៣បន្ទប់, ពិនិត្យត្រចៀកច្រមុះបំពង់ក២បន្ទប់, បន្ទប់ដាក់ម៉ាស៊ីនQRS និងម៉ាស៊ីនEECP២បន្ទប់ និងបន្ទប់ពិនិត្យជាទូទៅ២បន្ទប់, នៅជាន់ទី២ ទី៣ ទី៤ និងទី៥ មានបន្ទប់អ្នកជំងឺចំនួន៣៣បន្ទប់ និងបន្ទប់ប្រជុំ១ ចំណុះ៧០នាក់។ ជាង១ឆ្នាំមកនេះ មន្ទីរពេទ្យព្រះកេតុមាលា ក៏បានធ្វើការបំពាក់ម៉ាស៊ីនមួយចំនួនដូចជា ម៉ាស៊ីន MRI1.5 តេសស្តា១គ្រឿង, ម៉ាស៊ីនលាងឈាម៧គ្រឿង, ម៉ាស៊ីនផលិតទឹកសម្រាប់លាងឈាម១គ្រឿង, ម៉ាស៊ីនជំនួយដង្ហើម៦គ្រឿង, ម៉ាស៊ីនដាក់ថ្នាំសណ្តំ២គ្រឿង, ម៉ាស៊ីនម៉ូនីតធឺរីន១គ្រឿង និងសម្ភារៈឧបករណ៍ពេទ្យមួយចំនួនទៀត ៕



































