នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សម្រាប់សិក្សា និងរៀបចំសាងសង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងមានការចូលរួមពី ឯកឧត្តម ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង មកពីក្រសួង ស្ថាប័ននានា ជាច្រើនរូបទៀត។

ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកការប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ គឺជាព្រឹត្តិការណ៍សំខាន់ បង្ហាញពីសន្តិភាព ដែលកម្ពុជាទទួលបានក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ននានា ដែលបានចូលរួមចំណែកជួយជ្រោមជ្រែង ដើម្បីជំរុញឱ្យដំណើរការប្រារព្ធខួប២៥ឆ្នាំ ប្រព្រឹត្តទៅទទួលបានជោគជ័យ។ កិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នាឱកាសនោះ ក៏បានតាមដានស្តាប់របាយការណ៍ ពីក្រុមការងាររៀបចំប្រារព្ធពិធី ការអញ្ជើញភ្ញៀវកិត្តិយសចូលរួមប្រារព្ធពិធី ការរៀបចំតាំងពិព័រណ៌ក្នុងបរិវេណវិមានឈ្នះ ឈ្នះ ព្រមទាំងការផ្សព្វផ្សាយអោយសាធារណជនបានដឹង អំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏បានរៀបចំពិធីតាំងពិព័រណ៍ ដោយមានការចូលរួមពីស្ថាប័ន ក្រសួងនានា រួមមាន៖ ពិព័រណ៍សមិទ្ធផល២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ ពិព័រណ៍ផលិតផល និងម្ហូបអាហារខ្មែរ ព្រមទាំងបាញ់កាំជ្រួច នៅពេលរាត្រីអបអរខួបលើកទី២៥ឆ្នាំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៕










































