កិច្ច​ប្រជុំ​ឆ្លង​សេចក្ដី​ព្រាង​របាយ​ការណ៍​ បូក​សរុប​ការ​ងារ​ឆ្នាំ​២០២៣ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ឆ្នាំ២០២៣ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រជុំ​ឆ្លង​សេចក្ដី​ព្រាង​របាយការណ៍​ បូក​សរុប​ការ​ងារ​ឆ្នាំ​២០២៣ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៤ ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។ 

       ក្នុង​សេចក្ដី​ព្រាង​របាយ​ការណ៍​បូក​សរុប​លទ្ធផ​ល​ការ​ងារ​ឆ្នាំ២០២៣ ដែល​អាន​ដោយ​ ឧត្តម​សេនីយ៍ឯក​ ចាន់ សារ៉ាង អគ្គលេខា​ធិការ​រង​ និង​ជា​នាយក​ នាយកដ្ឋាន​សរុប​ អគ្គ​លេខាធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​បាន​លើក​ឡើង​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​និង​​បា​នបង្ហាញ​ពី​សភាព​ការណ៍​វិវឌ្ឍន៍​រីក​ចម្រើន​ថ្មីៗ ក្នុង​ឆ្នាំ​២០២៣​កន្លង​មក​ ដែលកង​យោធពល​ខេមរ​ភូមិន្ទ បាន​ចូល​រួម​បំពេញ​ភារៈកិច្ច ​សហការ​ការ​ពារ​ជា​មួយ​ស្ថាប័​ន​នានា​​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ពិសេស​ព្រឹត្តិការណ៍​ នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ តំណាង​រាស្ត្រ​នី​តិ​កាលទី​៧, ព្រឹត្តិ​ការណ៍​រៀប​ចំ​សម​យុទ្ធ​រួម​គ្នា​ (នាគ​មាស​ ២០២៣ កម្ពុជា-ចិន), ការរៀបចំ​លំហាត់​ហ្វឹក​ហ្វឺន​ប្រតិបត្តិការ​ពហុជាតិ​ លើ​ទីលាន​សកម្មភាព​មីន​ មនុស្ស​ធម៌​ ដែល​មាន​១៤​ប្រទេស​ចូល​រួម​ និង​ព្រឹត្តិ​ការណ៍​ នៃ​ការ​រៀប​ចំ​សម​យុទ្ធ​រួម​គ្នា​ (ទេវតា​សន្តិភាព​ឆ្នាំ២០២៣ កម្ពុជា-ចិន) ពិសេស​​ប្រតិបត្តិ​ការណ៍​ នៃ​ជំនួប​ប្រា​ស្រ័យ​មិត្ត​ភាព​ ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ លើក​ទី​១ បីប្រទេស​ កម្ពុជា-ឡាវ​-​វៀតណាម​ ដែល​ហៅ​កាត់​ថា​(CLV​) ដែល​បាន​រួម​គ្នា​ធ្វើ​ពិធីគោរព​បង្គោល​ព្រំ​ដែន​អធិបតេយ្យ ​លាប ​ពណ៌​បង្គោល​ និង​ធ្វើ​ពិធី​ដាំ​ដើម​ឈើ​ជា​និមិត្ត​រូប​ផង​ដែរ​​ នៅ​ជុំវិញ​តំបន់​ប្រសព្វ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​៣ ត្រី​កោណ​មរកត ​កម្ពុជា​-វៀត​ណាម​-ឡាវ​ នា​ពេល​កន្លង​មក​។

ក្នុង​របាយ​ការណ៍​ឆ្នាំ​២០២៣ ក៏​បាន​លើក​ឡើង​ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិសុខ​ ស្ថិរភាព ​សណ្ដាប់​ធ្នាប់​សាធារណៈ ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ កង​អង្គ​រក្ស​ បាន​ខិត​ខំ​ពុះពារ​សម្រេច​បាន​នៅ​ក្នុង​រយៈ​ពេល​១ឆ្នាំ​​កន្លង​ទៅ​ ក្រោម​កិច្ច​សហការ​ជា​មួយ​បណ្តា​កម្លាំង​មាន​សមត្ថកិច្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក្នុងការ​បំពេញ​ភារៈកិច្ច​ ការ​ពារ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ និង​ភាព​សុខ​សាន្ត​ ជូន​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។ នៅ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ ២០២៣នេះ​ដែរ​ កងយោធពល​ខេមរ​ភូមិន្ទ​បាន​បន្ត​ពង្រឹង​កិច្ច​ការ​ពារ​ជាតិ​​លើ​គ្រប់​វិស័យ​ នៅតាម​តំបន់​ព្រំដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុសត្រូវ​​រៀង​ៗ​ខ្លួន​ ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់ស្កាត់​បទ​ល្មើស​គ្រ​ប់ប្រភេទ​នៅ​តាម​តំបន់​ព្រំ​ដែន​ និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​។ កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ចូល​រួម​យ៉ាង​សកម្ម​ការ​ពារ​សន្តិសុខ​ សណ្ដាប់​ធ្នាប់​សាធារណៈ ​​ធ្វើ​ការ​បង្ការ​ទប់​​ស្កាត់​​ និង​​បង្ក្រាប​សកម្ម​ភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ ភាព​អនាធិប​តេយ្យ​ផ្សេងៗ​ និង​សហការ​ចូល​រួម​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ជូន​ប្រមុខ​ថ្នាក់​ដឹ​ក​នាំ​ រាជ​រដ្ឋាភិបាល​ ថ្នាក់​ដឹ​​ក​នាំ​គណៈ​ប្រតិភូ​ជាតិ​ អន្តរ​ជាតិ​នា​នា និង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ព្រម​ទាំង​គោរព​អនុវត្ត​បទ​បញ្ជា អនុសាសន៍​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្ក្រាប​សកម្ម​ភាព​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ​។ បណ្ដា​ស្ថាប័ន​អង្គភាព​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ផែន​ការ​ សកម្មភាព​ការ​ងារ​​របស់​ខ្លួន​ និង​បាន​បន្ត​អនុវត្ត​ការ​ងារ​ហ្វឹក​ហ្វឺន,​ ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​នយោ​បាយ​ និង​ការ​ងារ​សតិ​អារម្មណ៍,​ ការ​ងារ​កសាង​បែប​បទ​យោធិន​ចូល​និវត្តន៍​ និង​យោធិន​ប្រភេទ​២, ការងារ​កសាង​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​ផ្សេង​ៗ, កា​រងារ​ធានា​ភ័ស្តុភារ​ហិរញ្ញវត្ថុ​, ការ​ងារ​ធានា​គ្រឿង​បំពាក់​សម្ភារៈ​បច្ចេក​ទេស​ កែច្នៃ ជួស​ជុល​ថែទាំ​ លើក​កម្ព​ស់​សុវត្ថិភាព ​គុណ​ភាព​គ្រឿងបំពាក់,​ ការ​ងារ​សុខា​ភិបាល​បាន​លើក​កម្ពស់​សុខុមាល​ភាព​ និងការ​បន្ត​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​-១៩ ជូន​កង​ទ័ព​ និង​គ្រួសារ​, បាន​គ្រប់​គ្រង​ និង​ធានា​ដល់​​ការ​​ប្រើ​​ប្រាស់​​បណ្ដាញ​ទំនាក់​ទំនង​បញ្ជូន​សារ, ​ការ​ងារ​​កសាង​បណ្ដាញ​ផ្លូវ​គមនាគមន៍​ ស្ពាន​លូ​ និង​សំណង់​ផ្សេង​ៗ ក្នុង​កង​ទ័ព​ បាន​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ,​ ធ្វើ​ការ​ងារ​ល្អ​លើ​ការ​ងារ​ទំនាក់​ទំនង​កិច្ចសហប្រតិបត្តិការ​យោធា​ ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ និង​នៅ​លើ​សកល​លោក​, ការ​ងារ​កសាង​ និង​ដំណើរ​ការ​វិមាន​ឈ្នះ ​ឈ្នះ​ និង​តំបន់ប្រវត្តិ​សាស្ត្រ​យោធា​ បន្ត​ការ​បំពេញ​បេសក​កម្ម​រក្សា​សន្តិភាព ​ក្រោម​ឆត្រ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ព្រម​ទាំង​ការ​ងារ​មួយ​ចំនួន​ទៀត​ ដោយ​សម្រេច​បាន​ផល​ល្អ​។ កិច្ច​ប្រជុំក៏​បាន​បន្ត​ពិភាក្សា​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ និង​កែ​តម្រូវ​លើ​ចំណុច​ខ្វះ​ខាត​នានា​ ដើម្បី​ឲ្យ​របាយការណ៍​នេះ​ ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ខ្លឹម​សារ​ និង​អត្ថន័យ​ដែល​រំលេច​ឲ្យ​ឃើញ​ពី​ស្នាដៃ​ ដែល​កង​យោធ​ពលខេមរភូមិន្ទ​ បាន​ខិត​ខំ​កន្លង​មក​ សម្រាប់​វិស័យ​ការ​ពារ​ជាតិ​។ 

       មាន​ប្រសាសន៍​បូកសរុប​ក្នុង​កិច្ច​ប្រជុំ នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បាន​មាន​ប្រសាសន៍​ថា​៖ រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០២៣​កន្លង​មក​នេះ គឺ​ជា​រយៈ​ពេល​មួយ​ដ៏​មាន​សារៈ​សំខាន់​ ដោយ​មាន​ព្រឹត្តិការណ៍​ទាំង​ជាតិ​ និង​អន្តរជាតិ​ធំៗ​ជា​​ច្រើន​ ក្នុ​ង​នោះ​កង​យោ​ធពល​ខេមរ​ភូមិន្ទ​ និង​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជួយ​ដល់​រាជ​រដ្ឋាភិបាល​ថ្មី​ អាណត្តិ​ទី​៧ ដើម្បី​ភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន ​ក្រោយ​ពី​មាន​ការ​អាក់​ខាន​អស់​រយៈ​ពេល​ជាង​​២​ឆ្នាំ​កន្លង​មក​ ដោយ​សារ​រោគ​រាត​ត្បាត​ជា​សកល​ នៃ​ជំងឺ​ឆ្លង​កូវីដ​-១៩។​  នៅ​ក្នុង​រយៈ​ពេល​នេះ​ដែរ​ កង​យោធពល​ខេមរ​ភូមិន្ទ​ក៏​បាន​ធ្វើ​ការ​កែ​ទម្រង់​ ក្នុង​នោះបាន​បន្ត​ធ្វើ​ការ​កែ​សម្រួល​និង​បង្កើត​ក្រប​ខ័ណ្ឌ​មួយ​ចំនួន​ ស្រប​តាម​ការ​ចាំ​បាច់​ចំពោះ​មុខ​ និង​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​យូរ​អង្វែង​ ព្រ​មទាំង​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង ​និង​ពង្រឹ​ង​សមត្ថភាព​ គុណ​ភាព​យោធិន​ គ្រប់​លំដាប់​ថ្នាក់​ គ្រប់​ជំនាញ ​និងកសាង​ប្រភព​នាយ​ទាហាន​សម្រាប់​បន្ត​វេន​ ពី​នាយ​ទាហាន​​ដែលត្រូវចូលនិវត្តន៍។ សម្រាប់ឆ្នាំ២០២៤​ខាង​មុខ​នេះ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ឲ្យ​ដល់​គ្រប់​អង្គ​ភាព​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​បន្ត​ពង្រឹង​លើ​កិច្ច​ការ​ ការ​ពារ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ និង​រួម​សហការ​ទប់​ស្កាត់​ បង្ការ​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រភេទ​នៅ​តាម​តំបន់​ព្រំដែន​គោក​ ដែន​សមុទ្រ​ និង​សកម្មភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាងឲ្យ​មាន​ប្រសិទ្ធ​ភាព​​។ ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​ត្រូវ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ថែម​ទៀត​ ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ដោះ​ស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ ដែល​កើត​មាន​ឡើង​ដោយ​សន្តិ​វិធី។​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើន​រំលឹក​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ពិសេស​ស្ថាប័ន​អាវុធ​ហត្ថ​ កង​អង្គ​រក្ស​ និង​មេ​បញ្ជាការ​បី​ប្រភេទ​ទ័ព​ ត្រូវ​ពង្រឹង​ឡើង​វិញ​លើ​​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ ពិសេស​ត្រូវ​បន្ត​កិច្ច​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ ជា​មួយ​គ្រប់​សមត្ថកិច្ច​ ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ សុវត្ថិភាព​ ជូន​ថ្នាក់​ដឹក​នាំប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ប្រតិភូ​ជាតិ​ និង​អន្តរជាតិ​ ដែល​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ និង​បំពេញ​ការ​ងារ​នៅ​កម្ពុជា​ ប្រកប​ដោយ​សុវត្ថិ​ភាព​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ