សមិទ្ធផលអគារថ្មីមួយខ្នង ដែលជាសំណង់អគារទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រី ស្ថិតនៅខាងក្រោយវត្តស្លាកែត ភូមិស្លាបអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ង្វៀន ហ្វីតាំង (NGUYỄN HUYTĂNG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀត។
ក្នុងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ របស់ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា៖ ទីតាំងសមិទ្ធផលថ្មី ជាអគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ដែលយើងកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ ដើមឡើយគឺជាមជ្ឈមណ្ឌល ថែបំប៉នសុខភាពយោធាពិការ ៣១៧ ប៉ុន្តែដោយទីតាំងនេះពុំមានដីធំទូលាយសម្រាប់បែងចែកជាដីលំនៅឋាន និងដីបង្កបង្កើនផលជូនគ្រួសារយោធិនពិការ រាជរដ្ឋាភិបាលក្នុងអាណត្តិដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានផ្លាស់ប្តូរទីតាំងឲ្យទៅរស់នៅមណ្ឌលថែបំប៉នសុខភាពយោធាពិការ ៣១៧ថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត។ អគារនេះបានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយបានសាងសង់រួចរាល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកាសរុបចំនួន ១.២៥៥.៧០០ដុល្លា។ សាងសង់តាមរចនាប័ទ្មខ្មែរ ដំបូលប្រក់ក្បឿង មានបណ្ដោយ៣៧ម៉ែត្រ ទទឹង២៧,៥ម៉ែត្រ កម្ពស់៣ជាន់ មានក្រឡាផ្ទៃសរុប ២.៣៩១ម៉ែត្រក្រឡា មានបន្ទប់សរុបចំនួន១៧បន្ទប់ ដែលនៅក្នុងនោះមានបន្ទប់សវនាការ១បន្ទប់, បន្ទប់ខណៈជំនាញ៦បន្ទប់, បន្ទប់អគ្គលេខាធិការសមាគម១បន្ទប់, បន្ទប់អគ្គលេខាធិការរងចំនួន៥បន្ទប់,បន្ទប់ប្រជុំចំណុះបាន៤៤នាក់ ១បន្ទប់, បន្ទប់រង់ចាំ១បន្ទប់, បន្ទប់ជំនួយការ១បន្ទប់, បន្ទប់ប្រជុំចំណុះមនុស្សបាន២០០នាក់ ១បន្ទប់, ដោយប្រើរយៈពេលសាងសង់១១ខែ ដោយចំណាយថវិកាអស់ប្រមាណជាង ៣៥៨.២០០ ដុល្លារសហរដ្ឋអាមេរិក នៅក្នុងនោះមានថវិការបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងនាមសម្ដេចតេជោប្រធាន ២០០.០០០ដុល្លារ និងថវិកាភាគីមិត្តវៀតណាម ចំនួន៥៥៨.២០០ដុល្លារ។ ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា បានបន្ថែមទៀតថា៖ ក្រៅពីសាងសង់អគារទីស្នាក់ការកណ្តាល នៅមានការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មួយចំនួនទៀត ដែលរួមមានការកសាងផ្លូវបេតុងក្នុងបរិវេណទីស្នាក់ការកណ្តាល ប្រវែង១.៦១០ដប់ម៉ែត្រ, សាងសង់របងថ្មប្រវែង៥០០ម៉ែត្រ, ចាក់បេតុងជុំវិញអគារមានទំហំ ៤.៥០០ម៉ែត្រការ៉េ, ការជួសជុលកែលម្អអគាររោងបាយ១ខ្នង មានបណ្ដោយ៣០ម៉ែត្រ ទទឹង១០ម៉ែត្រ, ការងាររៀបចំសួនច្បារជុំវិញអគារ, រៀបចំខឿនការ៉ូឡា, ចំណតរថយន្ត, ប្រព័ន្ធទឹកស្រោចស្រព, ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ និងដាំដើមឈើក្នុងបរិវេណទីស្នាក់ការទាំងមូល ដោយចំណាយថវិកាសរុបចំនួន៤៩៧.៥០០ដុល្លារ ជាអំណោយនៃការចូលរួមរបស់សប្បុរសជន។
ឯកឧត្តម ង្វៀន ហ្វីតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖ សំណង់អគារទីស្នាក់ការកណ្ដាល នៃសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ គឺជានិមិត្តរូបថ្មីមួយទៀត នៃការពង្រឹងពង្រីកចំណងទាក់ទងកិច្ចសហប្រតិបត្តិការ រវាងបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជននៃប្រទេសទាំង២ វៀតណាម និងកម្ពុជា។ ឯកឧត្តម ង្វៀន ហ្វីតាំង បានសម្តែងការចូលរួមអបអរសាទរ ជាមួយនឹងសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅអគារទីស្នាក់ការកណ្តាលដ៏ធំទូលាយមួយ និងស្របតាមលក្ខណៈបទដ្ឋាន សម្រាប់ធ្វើប្រតិបត្តិការការងារ របស់កម្មាភិបាល ដែលបម្រើការងារក្នុងសមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត រួមចំណែកលើកកម្ពស់លទ្ធភាពការពារសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម បានកាន់តែប្រសើរ។
ថ្លែងក្នុងពិធីសម្ពោធបើក ទោះជាផ្លូវការ នូវសំណង់អគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា ដែលជាអំណោយរបស់ក្រសួងការពារប្រទេសវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានចាត់ទុកអគារថ្មី នៃទីស្នាក់ការកណ្តាល ដែលឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះថា៖ ជាសមិទ្ធផលថ្មីមួយថែមទៀត ដែលរដ្ឋាភិបាល ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា បន្ទាប់ពីអគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 សម្ពោធដាក់ប្រើជាផ្លូវការ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ និងសមិទ្ធិផលនានាជាច្រើនទៀតនាពេលកន្លងមក។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថា៖ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីលទ្ធផលជាផ្លែផ្កាកើតចេញពីភាពរីកចម្រើនគ្រប់ជ្រុងជ្រោយ គ្រប់កម្រិត នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងវៀតណាម ពិសេសសមាគមអតីតយុទ្ធជន ប្រទេសទាំងពីរ សម្រាប់ឆ្នាំ២០២៤នេះ សំដៅរួមចំណែកបង្កើតទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែង និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ ការរៀបចំសម្ពោធនាថ្ងៃនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមអបអរសាទរនូវសមិទ្ធិផលនានា ដែលបក្សរដ្ឋាភិបាលកងទ័ព និងប្រជាជន ពិសេសសមាគមអតីតយុទ្ធជនប្រទេសទាំងពីរ សម្រេចបាននាពេលកន្លងមក ក្នុងស្មារតីលើកកម្ពស់ប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការ កម្ពុជា និងវៀតណាម គ្រប់ជ្រុងជ្រោយ និងបង្កើនថែមទៀតនូវទំនាក់ទំនង សហប្រតិបត្តិការ នៃការកសាងខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម មានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចិរភាព សំដៅរួមគ្នាសហការអភិវឌ្ឍគ្រប់គ្រងរក្សាការពារតំបន់ព្រំដែន ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំវិទ្យាសាស្ត្របច្ចេកទេស នាពេលខាងមុខ ដែលជានិមិត្តរូប នៃចំណងសាមគ្គីភាពស្អិតរមួត រវាងប្រជាជាតិ និងប្រទេសទាំងពីរ។ ឯកឧត្តមបានសម្ដែងជំនឿយ៉ាងមុតមាំថា៖ ក្រោយការរៀបចំពិធីសម្ពោធអគារទីស្នាក់ការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា នាពេលនេះទៅ សមាគមអតីតយុទ្ធជនប្រទេសទាំងពីរ នឹងបន្តលើកកម្ពស់ពង្រឹងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់តាមស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ទំនាក់ទំនងយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តនានា របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរថ្មីៗនេះ។
ក្នុងពិធីសម្ពោធនោះដែរ ឯកឧត្តម គន់ គីម ក៏បាននាំយកនូវអំណោយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភទៅដល់គ្រួសារអតីតយុទ្ធជន ដែលបានចូលរួមចំនួនជាង៣០០គ្រួសារ មានសម្ភារៈជាគ្រឿងឧបភោគបរិភោគ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ ៕

































