គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ បានធ្វើការប្រជុំឆ្លងរបាយការណ៍ ស្ដីអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ដោយមានសមាសភាពចូលរួម នៅក្នុងឱកាសនោះ មាននាយទាហានជាន់ខ្ពស់ មកពីអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថផងដែរ។
ក្នុងរបាយការណ៍បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់ អនុវត្តតាមផែនការជាតិ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ ក៏ដូចជាផែនការសកម្មភាពរបស់គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ នៅក្នុងឆ្នាំ២០២៣កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន អគ្គនាយក នាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងអង្គភាពចំណុះ បានខិតខំប្រឹងប្រែងអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាលស្តារនីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម។ ក្នុងឆ្នាំពីរ២០២៣ អង្គភាពចំណុះក្រសួងការពារជាតិ បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ បានធ្វើតេស្តរកសារធាតុញៀន សរុបចំនួន៤.៩១៨នាក់ វិជ្ជមាន១៧នាក់ អវិជ្ជមាន ៤៩០១នាក់ ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ ចំនួន៥នាក់ ហើយបានកាត់ចេញពីការគ្រប់គ្រងចំនួន១២នាក់។ ក្នុងឆ្នាំ២០២៣ មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣ បានទទួលជនរងគ្រោះចូលសម្រាកព្យាបាលសរុបចំនួន៧០០នាក់ ស្រី២០នាក់ សំណល់ពីឆ្នាំ២០២២ ចំនួន១៩៧នាក់ ស្រី៦នាក់ ទទួលចូលក្នុងឆ្នាំ២០២៣ ចំនួន៥០៣នាក់ ស្រី១៤នាក់ ជាសះស្បើយវិលចូលក្នុងសង្គមវិញ ចំនួន៣៧៨នាក់ ស្រី១១នាក់ បន្តស្នាក់នៅព្យាបាលចំនួន៣២២នាក់ ស្រី៩នាក់។
មានប្រសាសន៍បូកសរុបនាឱកាសនោះ នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងការណ៍កោតសរសើរគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ បានទទួលលទ្ធផលល្អប្រសើរ ក្នុង២០២៣កន្លងមក។ ឯកឧត្តម រដ្ឋលេខាធិការ បានលើកផែនការឆ្នាំ២០២៤ គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ពជំនាញ និងមេបញ្ជាការគ្រប់អង្គភាព រួមទាំងការចូលរួមពីយោធិនគ្រប់រូប ត្រូវបន្តធ្វើការអប់រំផ្សព្វផ្សាយបង្ការទប់ស្កាត់ ការប្រើប្រាស់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តឲ្យបានល្អប្រសើរថែមទៀត។ គួរបញ្ជាក់ថា៖ ដើម្បីចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទបានបង្កើតគណៈកម្មាធិការ គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរចនាសម្ព័ន្ធចាត់តាំង ពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស និងកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ធ្វើការផ្សព្វផ្សាយអប់រំបង្ការទប់ស្កាត់ ការប្រើប្រាស់ ការចែកចាយ នឹងគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងជួរកងយោធពលខេមរភូមិន្ទ ៕















