ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ភស្តុភារ​-ហិរញ្ញវត្ថុ ​ឆ្នាំ​២០២៣ ​និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       អគ្គ​នាយក​ដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ភស្តុភារ​-​ហិរញ្ញវត្ថុ ​ឆ្នាំ​២០២៣ ​និង​ទិ​ស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៤ ​នា​ព្រឹក​ថ្ងៃ​ទី​០៥ ​ខែ​មករា ឆ្នាំ២០២៤​នេះ ​ស្ថិត​ក្រោម​អធិបតី​ភាពដ៏ខ្ពង់​ខ្ពស់​​ ​ឯកឧត្តម​​ នា​យ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

        ឯកឧត្តម ឧត្តម​សេនីយ៍​ឯ​ក ម៉ឹង ពន្លក អគ្គនាយក ​អគ្គ​នាយក​ដ្ឋាន​ភស្តុភារ​-ហិរញ្ញវត្ថុ ​បាន​រាយ​ការណ៍​គ្រប់​ជ្រុង​ជ្រោយ​ពី​សមិទ្ធ​ផល​ការ​ងារ ​ដែល​អគ្គ​នាយក​ដ្ឋាន​ភស្តុភារ-​ហិរញ្ញវត្ថុ សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ ​ ប្រកប​ដោយ​ភាព​ទន់​ភ្លន់ ​បត់​បែន​តាម​ស្ថាន​ភាព​វិវត្ត​ជាក់​ស្តែង​។​ របាយ​ការណ៏​បាន​រំលេច​នូវ​ភារកិច្ច​ទាំង​៥​របស់​ខ្លួន​ មាន​ជា​អាទិ៍​៖ ទី១-​ការ​ងារ​ហិរញ្ញវត្ថុ​, ទី២-​ការ​ងារ​ផ្គត់​ផ្គង់​, ទី៣-​ការ​ងារ​ធានា​ប្រេង​ឥន្ធនៈ,​ ទី៤-​ការ​ងារ​ដឹក​ជញ្ជូន​ និងទី​៥-​ការ​ងារ​សុខា​ភិបាល ​និង​មន្ទីរពេទ្យ​ ព្រម​ទាំង​ការងារ​ផ្សេងៗ​ទៀត​។

ក្នុង​របាយ​ការ​ណ៍​ក៏​បាន​លើក​ឡើង​ដែរ​ថា​៖ រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០២៣ ​សភាព​ការណ៍​សន្តិសុខ ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ និង​សកល​លោក​ នៅ​តែ​បន្ត​វីវត្តន៍​ប្រែ​ប្រួល​ ស្មុគ​ស្មាញ​ និង​ពិបាក​ប៉ាន់​ស្មាន​ ដោយ​បង្កើត​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ រួម​ជា​មួយ​ការ​បន្ត​កើត​ឡើង​នូវ​អំពើ​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រ​ប់ប្រភេទ ​ ឧក្រិដ្ឋ​កម្ម​បច្ចេក​វិទ្យា​ព័ត៌មាន​ទំនើប ​ជំងឺ​រាត​ត្បាត​ គ្រោះ​ធម្មជាតិ ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ។​ ​ទោះ​បី​មាន​ផល​ប៉ះ​ពាល់​ បណ្តាល​មក​ពី​បញ្ហា​ប្រឈម​យ៉ាង​ស្លុគ​ស្មាញ​ខាង​លើ​ក្ដី​ ក៏ប៉ុន្តែ​អគ្គនាយក​ដ្ឋាន​ភស្តុភារ-ហិរញ្ញវត្ថុ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​រួម​សហការ​ជា​មួយ​នាយ​ទាហាន​ជំនាញ ​និង​អង្គភាព​ពាក់​ព័ន្ធ​ទាំង​អស់​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ខិ​ត​ខំ​សម្រេច​ជោគ​ជ័យ​នូវ​បេសក​កម្ម​របស់​ខ្លួន​ ជា​មួយ​នឹង​សមិទ្ធ​ផល​ និង​ស្នាដៃ​ជា​ច្រើន​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការកា​រ​ពារ​បូរណ​ភាព​ទឹក​ដី​ អធិប​តេយ្យ​ជាតិ ​ថែ​រក្សា​សុខ​សន្តិភាព​ ស្ថិរភាព​នយោ​បាយ​ បាន​យ៉ាង​ល្អ​ប្រសើរ​។​

ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​, ឯកឧត្តម នាយ​​ឧត្ត​ម​សេនីយ៍ ​ទៀ សីហា បាន​ថ្លែង​ថា​៖ សមិទ្ធផល​ដែល​គ្រប់​កង​ឯក​ភាព​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​សម្រេច​បាន​ នៅ​ឆ្នាំ​២០២៣​កន្លង​ទៅ​ បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុង​ការ​ចូល​រួម​អនុវត្ត​យ៉ាង​សកម្ម​ នូវ​កម្ម​វីធី​នយោបាយ ​និង​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់​កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​នី​តិកាល​ទី​៦​ នៃ​រដ្ឋសភា ​និង​ការ​ចាប់​ផ្តើម​អនុវត្ត​នូវ​កម្ម​វិធី​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់​កាល​ទី​១​ របស់​រាជ​រដ្ឋាភិបាល​នីតិ​កាល​ទី​៧​ នៃ​រដ្ឋសភា ​សំដៅ​លើក​កម្ពស់​វិស័យ​​ការ​ពារ​ជាតិ​ កាន់​តែ​រីក​ចម្រើ​ន​ថែម​ទៀត​។​

       ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា បាន​គូស​បញ្ជាក់​ថា​៖ ឆ្នាំ​២០២៤​នេះ ​ជា​ឆ្នាំ​ទី​១​ នៃ​ការ​អ​នុវត្ត​កម្ម​វិធី​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់​កាល​ទី១​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជា​របៀប​វារៈ​នយោបាយ​​ដ៏​សំខាន់​ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​​ទស្សន​វិស័យ​ច្បាស់​លាស់ ​និង​វែង​ឆ្ងាយ​ នាំ​ប្រទេស​ជាតិ​ឱ្យ​កាន់​តែ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត ​ក្នុង​នោះ​ស្នូល​នៃ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១​​ គឺ​ផ្តោត​លើ​ការ​កែ​ទម្រង់​ ការ​ពង្រឹ​ង​អភិបាល​កិច្ច​ និង​ការ​ធ្វើ​ទំនើប​កម្ម​ស្ថាប័ន​រដ្ឋ​ ឱ្យ​ក្លាយ​ជា​រដ្ឋបាល​សាធារណៈ​ទំនើប​ ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ខ្លាំង ​វៃ​ឆ្លាត​ និង​ស្អាត​ស្អំ​។​ រាជ​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​៖ ថវិកា​ឆ្នាំ​២០២៤​ ត្រូ​វ​តែ​ជា​ថវិកា​យុទ្ធសាស្រ្ត​ នៃ​ការ​រក្សា​សមិទ្ធផល​ ដែល​សម្រេច​បាន​ដោយ​លំបាក ​ និង​ការ​បន្ត​បុក​គ្រឹះ​ថ្មីៗ​ ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​សំខាន់ៗ​ នៃ​កម្ម​វិ​ធី​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ ​ដំណាក់​កាល​ទី​១​ នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ ដើម្បី​បន្ត​រក្សា​សន្តិភាព​ ស្ថិរភាព​ និង​ទ្រ​ទ្រង់​ដំណើរ​និវត្តន៍​ត​ទៅ​មុខ​ឥ​ត​ឈប់​ឈរ​របស់​កម្ពុជា ​លើ​វិថី​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ គុណ​ភាព​ និង​ចីរភាព ​ឆ្ពោះ​ទៅ​ចក្ខុ​វិស័យ​កម្ពុជា​ ឆ្នាំ​២០៥០​។​ ប្រការ​នេះ ​ទាម​ទារ​ឱ្យ​យើង​ទាំង​អស់​គ្នា​យ​ក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​ការ​លើក​កម្ពស់​ភាព​ជា​អ្នក​ដឹក​នាំ ​និង​សមត្ថភាព​នាយ​ទាហាន​ជំនាញ​ តាម​គ្រប់​ស្ថាប័ន ​អង្គភាព​ ក្នុងកង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​ផ្សារ​ភ្ជាប់​ និង​ការ​ធានា​បាន​នូវ​សមត្ថភាព​ អនុវត្ត​ការ​ងារ​ជាក់​ស្តែង​ លទ្ធផល និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដើម្បី​ឆ្លើយ​តប​នឹង​អាទិភាព ​សំខាន់ៗ​នៅ​ក្នុង​ដំណាក់​កាល​ថ្មី​នេះ​ រួម​មាន​ជា​អាទិ៍​៖ ការ​ពង្រឹង​ការ​ងារ​ជំនាញ​ទាំង​៥ ​ការ​អនុវត្ត​ប្រកប​ដោយ​គុណ​ភាព ​ការ​កសាង​មូល​ធន​មនុស្ស​សម្រាប់​បន្ត​វេន​ ដោយ​ចាប់​ផ្ដើម​ការ​ងារ​របស់​ខ្លួន​ ក្នុង​ជំហរ​ដ៏​រឹង​មាំ​ប្រកប​ដោយ​ជីវភាព ​ថាមពល ​និងភាព​ស្វាហាប់​ សមត្ថភាព​ និង​ជំនាញ​វិជ្ជា​ជីវៈ​ខ្ពស់​ ភាព​សកម្ម​ និង​បុរេស​កម្ម​ ភាព​ស្អាត​ស្អំ​ និង​សុច្ចរិត​។​

        ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ​ភស្តុភារ​-​ហិរញ្ញវត្ថុ​ ត្រូវ​បន្ត​អនុវត្ត​រាល់​វិធាន​ការ​ កំណែ​ទម្រង់​ ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ​ក្នុង​នោះ​ការ​កែ​ប្រែ​តាម​ទម្រង់​បែប​បទ​ថវិកា​កម្ម​វិធី​ ដោយ​ត្រូ​វ​ណែនាំ​រៀន​សូត្រ​ជូន​ខ្សែ​រយៈ​ជំនាញ​ហិរញ្ញវត្ថុ​​គ្រប់​​ថ្នាក់​ អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​នីតិ​វិធី​ទម្រង់​បែប​បទ​ ដែល​បាន​កំណត់,​ បន្ត​សហការ​ជា​មួយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​  ក្នុង​ការ​អនុវត្ត​កម្ម​វិធី​កំណែ​ទម្រង់​ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់​កាល​ទី​៤​ ឆ្នាំ​២០២៤, ​ពល្បឿន​ការ​ដោះ​ស្រាយ​យោធិន​ប្រភេទ​២​ ចេញ​ពី​ជួរ​ទ័ព​ និង​ជម្រុញ​ទូទាត់​ប្រាក់​បូជា​សព​យោធិន​ពលី ​មរណៈ ​រួម​ជា​មួយ​ការ​ងារ​ផ្គត់​ផ្គ​ង់ ការ​ងារ​ធានា​ប្រេង​ឥន្ធនៈ ​ការ​ងារ​ដឹក​ជញ្ជូន ​ការ​ងារ​សុខា​ភិបាល​ និង​មន្ទីរ​ពេទ្យ​ ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។​

        ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ លី កុសល រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​ប្រធាន​ក្រុម​ជួយ​រដ្ឋមន្ត្រី​ លើ​ការ​ងារ​អគ្គនាយក​ដ្ឋាន​ភស្តុភារ​-ហិរញ្ញវត្ថុ​ ក៏​បាន​ដឹក​នាំ​ប្រជុំ​ពិភាក្សា​ជា​មួយ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ ដែ​ល​ជា​ថ្នាក់​ដឹក​នាំ​ និង​នាយ​ទាហាន​ជំនាញ​ភស្តុភារ-​ហិរញ្ញវត្ថុ​គ្រប់​កង​ឯកភាព ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ កិច្ច​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​ភារ​កិច្ច​សំខាន់ៗ​ទាំង​៥ ​ដែល​អគ្គនាយក​ដ្ឋាន​បាន​អនុវត្ត​ឆ្នាំ​២០២៣ ​រួម​ជា​មួយ​បញ្ហា​ប្រឈម ​និង​ការ​ងារ​សេស​សល់​មួយ​ចំនួន ​រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ ​សម្រាប់​ដាក់​ចេញ​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​២០២៤ ​ឱ្យ​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយ ​និង​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​។​

        កិច្ច​ប្រជុំ​នេះ ​បាន​រៀប​ចំ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​នាយ​ទាហាន​គ្រប់​កង​ឯកភាព​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន​១៨១​កង​ឯក​ភាព​ ដើម្បី​ជួប​ជុំគ្នា​ និ​ង​រួម​គ្នា​ធ្វើ​ការ​ពិនិត្យ​វាយ​តម្លៃ​ អំពី​សមិទ្ធផល​ លើ​ការ​ងារ​ភស្តុភារ-​ហិរញ្ញវត្ថុ​ ដែល​អគ្គនាយក​ដ្ឋាន​ភស្តុភារ​-ហិរញ្ញវត្ថុ​ សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​ ជា​មួយ​គ្នា​នេះ​ នាយ​ទាហាន​ជំនាញ​ទាំង​អ​ស់ បាន​រួម​គ្នា​ធ្វើ​ការ​វាយ​តម្លៃ​បញ្ហា​ប្រឈម ​និង​ការ​ងារ​ដែល​នៅ​សេស​សល់ ​ ដើម្បី​ដោះ​ស្រាយ​ព្រម​ទាំង​ដាក់​ចេញ​ទិស​​ដៅ​ការ​ងារ​ សម្រាប់​ឆ្នាំ​២០២៤ ​ប្រកប​ដោយ​ភាព​គ្រប់​ជ្រុង​ជ្រោយ ​និង​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​រួម​ចំណែក​អនុវត្ត​នូវ​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់​កាល​ទី​១​ ​របស់​រាជ​រដ្ឋា​ភិបាល​នី​តិ​កាល​ទី៧​ នៃ​រដ្ឋ​សភា ៕​

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ