នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត (Gregory Smith) អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិកាណាដា ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្ដមសេនីយ៍ នាង ផាត បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចលើកដំបូង របស់អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ សន្តិសុខអន្តរជាតិកាណាដា ហើយសង្ឃឹមថា តាមដំណើរទស្សនកិច្ចនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត។ ពាក់ព័ន្ធដល់កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា៖ កម្ពុជា-កាណាដា បានភ្ជាប់ទំនាក់ទំនងតាំងពីឆ្នាំ១៩៥២ ហើយនៅក្នុងរយៈពេលជាង៧០ឆ្នាំមកនេះ ប្រទេសទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នា ដោយឯកឧត្តមបានថ្លែងអំណរគុណប្រទេសកាណាដា ដែលបានយកចិត្តទុកដាក់គាំទ្រ ក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា ជួយកម្ពុជានៅក្នុងវិស័យមនុស្សធម៌ ពិសេសវិស័យដោះមីន ស្របតាមយុទ្ធសាស្ត្រកម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការប្រចាំការ សុំឲ្យកាណាដាជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន សំដៅរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា និងកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មថែរក្សាសន្តិភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រភេទទ័ព និងប្រភេទទ័ព។
ឧត្តមសេនីយ៍ទោ ហ្គ្រេហ្គោរី ស្មីត (Gregory Smith) បានថ្លែងអំណរគុណ ឯកឧត្តម រដ្ឋលេខាធិការ ដែលបានផ្តល់ឱកាសឲ្យរូបលោក បានចូលជួបសម្តែងការគួរសម និងបានស្វែងយល់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការបង្ហាញអំពីឱកាស នៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា និងកាណាដា ផងដែរ។ ឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២៣ ដែលមានការគាំទ្រពីកម្ពុជា ប្រទេសកាណាដា មានឱកាសបានចូលរួមនៅក្នុងកិច្ចប្រជុំក្រុមជំនាញ ចំនួនពីរ គឺក្រុមជំនាញទទួលបន្ទុកជំនួយមនុស្សធម៌សង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ និងក្រុមការងារសន្តិសុខលម្ហសមុទ្រ ដោយកាណាដាបានវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ដែលបានជួយឲ្យប្រទេសកាណាដា បានចូលរួមជាអ្នកសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំដ៏សំខាន់ទាំងពីរនេះ។ លោកអគ្គនាយក អគ្គនាយកដ្ឋាននយោបាយសន្តិសុខ អន្តរជាតិកាណាដា បានបន្តថា៖ ដោយមានការពាក់ព័ន្ធនឹងវិស័យការងារជាច្រើន ដែលភាគីទាំងពីរអាចធ្វើការជាមួយនឹងគ្នា ហើយការងារមួយចំនួនស្ថិតនៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ប្រទេសកាណាដាសូមស្នើសុំការគាំទ្រពីប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសកាណាដា នៅតែបន្តចូលរួមនៅក្នុងប្រជុំនេះ ជាបន្តទៅទៀត ៕




















