នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាតឲ្យលោកវរនាវីឯក បើនណាត យ៉ក (Bernard YORK) ប្រធានអនុព័ន្ធយោធាអូស្ត្រាលី ប្រចាំកម្ពុជា ដែលទើបចប់អាណត្តិ និងលោកវរសេនីយ៍ឯក តូនី ផេក (Tony PECK) អនុព័ន្ធយោធាអូស្ត្រាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា។
ក្នុងជំនួបនោះ លោកវរនាវីឯក Bernard YORK បានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការអំពីសកម្មភាពការងាររយៈពេល៣ឆ្នាំ នៅកម្ពុជា ដែលផ្តោតជាសំខាន់ លើការរៀបចំតាក់តែងសៀវភៅ ស ការពារជាតិ ការជួយហ្វឹកហ្វឺនបណ្តុះបណ្តាលភាសាអង់គ្លេស នៅសាកលវិទ្យាល័យការពារជាតិ និងកិច្ចសហការជួយជួសជុលគ្រឿងម៉ាស៊ីន របស់កងទ័ពជើងទឹក។ លោកវរនាវីឯក Bernard YORK បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការលើគ្រប់ផ្នែក ធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោក ទទួលបានជោគជ័យ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ នាង ផាត បានគូសបញ្ជាក់អំពីកិច្ចទំនាក់ទំនងល្អ រវាងកម្ពុជា-អូស្ត្រាលី ដែលកើតមានតាំងពីឆ្នាំ១៩៥២ ហើយជាបន្តបន្ទាប់ ប្រទេសទាំងពីរ តែងបានទទួលការចូលរួមជួយគ្នាទាំងលើក្របខ័ណ្ឌអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ជាពិសេសកម្ពុជា-អូស្ត្រាលី មានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានអញ្ជើញថ្លែងអំណរគុណដល់រដ្ឋាភិបាល និងកងទ័ពអូស្ត្រាលី ដែលបានចូលរួមចំណែកជាមួយអង្គការសហប្រជាជាតិ ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងនោះក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៩២ អូស្ត្រាលីបានជួយជ្រោមជ្រែងលើច្រើនវិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល កសិកម្ម មានអភិបាលកិច្ចល្អ។ ពាក់ព័ន្ធលើវិស័យយោធា នាយឧត្ដមសេនីយ៍ គូសបញ្ជាក់ពីកិច្ចសហការល្អ រវាងកងទ័ពប្រទេសទាំងពីរ ក្នុងនោះកត្តាសំខាន់ គឺជាការផ្លាស់ប្តូរព័ត៌មានបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកងយោធពលខេមរភូមិន្ទ ការជួយរៀបចំសៀវភៅ ស ការពារជាតិ ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចជាដើម។ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ទៅថ្ងៃអនាគត អូស្ត្រាលីនៅតែជាមិត្តរបស់កម្ពុជា យើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាយូរអង្វែង ៕






















