ឯកឧត្តម នាង ផាត អញ្ជើញ​ជា​អធិបតី​ភាព ​ក្នុង​​​ពិ​ធី​អបអរ​សាទរ​ ខួប​អនុស្សាវរីយ៍​​ថ្ងៃ​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         សេនា​នុ​ព័ន្ធ​កង​ទ័ព​ភូមិន្ទ​ថៃ​ ប្រចាំ​ព្រះ​រាជាណាចក្រកម្ពុជា​ បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ នៃ​ព្រះ​រាជាណាចក្រ​ថៃ​ និង​ខួប​អនុស្សាវរីយ៍​ថ្ងៃ​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ​ នា​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ​នៅ​សណ្ឋាគារ​ សាន់ & មូន រីវើសាយ(Sun & Moon Riverside Hotel) ​ដែល​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ភាព​ ពី​សំណាក់​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារជាតិ​ និង​ឯកឧត្តម ឈើតកៀត អត្ថាករ (Cherdkiat Atthakor) ឯកអគ្គរាជ​ទូត​ នៃ​ព្រះ​រាជាណាចក្រ​ថៃ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

 លោកវរសេនីយ៍ឯក កនវ៉ារ៉ាណុន ឃ្លុនព្រុំស៊ូវណ្ណ (Kornwaranon Glunpromsuwan) សេនានុ​ព័ន្ធ​ជើង​គោក​ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ​ បាន​ឲ្យ​ដឹង​ថា​៖ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា​ ជា​រៀង​រាល់​ឆ្នាំ​ ត្រូវ​បាន​ប្រារឰ​ឡើង​ ដើម្បី​រំឭក​ដល់​ទិវា​កង​ទ័ព​ភូមិន្ទ​ថៃ​ ដែល​ជា​កង​កម្លាំង​យោធា​ ដែល​មាន​តួនាទី​ និង​ទំនួល​ខុស​ត្រូវ​ ក្នុង​ការ​ធានា​ស្ថិរភាព​ និង​ការ​ពារ​វឌ្ឍន​ភាព​ និង​វិបុល​ភាព​នា​​ពេលអនាគតរបស់ប្រជា​ជាតិ​ថៃ រួម​ទាំងតាមរយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ ជា​មួយ​សម្ព័ន្ធ​មិត្ត​ទាំង​អស់​ នៅ​កម្រិត​ផ្សេង​ៗ នៅ​ក្នុង​វិស័យ​ដែល​មាន​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ របស់​យើង។​ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​វរសេនីយ៍​ឯក​សេនា​នុ​ព័ន្ធ នៃ​កង​ទ័ព​ភូមិន្ទ​ថៃ​ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ឯកឧត្តម​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ ដែលបានមកចូលរួមនៅ​ក្នុង​កម្ម​វិធី​ដ៏​ពិសេស​នេះ​ និង​បាន​ថ្វាយ​ព្រះ​ពរ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន (Maha Vajiralongkorn) ព្រះមហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​ថៃ​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ សុធីតា ​វិជ្ជិរ៉ាឡុង​កន​ (Suthida Vajiralongkorn) ​ព្រម​ទាំង​ថ្វាយ​ព្រះ​ពរ​ ព្រះ​ករុណា​ ព្រះបាទ​​សម្ដេច ​ព្រះ​បរមនា​ថ ន​រោត្តម​ សហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​​ និង​​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនីនា​ថ ​​សីហនុ ព្រះវររាជមាតាជាតិ​ខ្មែរ​ផង​ដែរ​។

         ថ្លែង​ក្នុង​ឱកាស​នោះ​ ឧត្តម​សេនីយ៍​ឯក​ ផាត វិបុល​សុភ័ក្ត្រ​ អគ្គនាយក​​រង​​ អគ្គនាយកដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ និង​ជា​នាយកដ្ឋាន​ទាក់​ទង​អន្តរជាតិ​ នៅ​ក្នុង​នាម​ឲ្យ​ក្រសួង​ការពារ​ជាតិ​ អគ្គ​បញ្ជាការ​ដ្ឋាន​ នាយ​ទាហាន​ និង​ពល​ទាហាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​សម្ដែង​នូវ​ទឹក​ចិត្ត សោមនស្ស​រី​ក​រាយ​ឥត​ឧបមា​ និង​អំណរ​សាទរ​ ជូន​ចំពោះ​ថ្នាក់​ដឹក​នាំ​ ក្រសួង​ការ​ពារ​ជាតិ​ នាយ​ទាហាន​ ពល​ទាហាន​កង​ទ័ព​ភូមិន្ទ​ថៃ​ នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ថ្ងៃ​កំណើត​កង​ទ័ព​ភូមិន្ទ​ថៃ​ នា​ពេល​នេះ។ ​ឧត្ត​មសេនីយ៍​ឯក​ ផាតវិបុលសុភ័ក្រ្ត បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​កង​យោធ​ពល​ខេមរភូ​មិន្ទ​ និង​កង​ទ័ព​ភូមិន្ទថៃ​ ដែល​មាន​ការ​រីក​ចម្រើន​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឥត​ឈប់​ឈរ​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​គណៈ​ប្រតិភូ​គ្រប់​កម្រិត​ថ្នាក់ រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ថៃ ជា​រៀង​រាល់​ឆ្នាំ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​ សម្រាប់​ឆ្នាំ​២០២៣ គឺ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន(Srettha Thavisin)​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​ថៃ​ បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូង​ នៅព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​ ពហុ​វិស័យ​ រវាង​ប្រទេស​ទាំង​ពីរ​ ក្រោម​ស្មារតី​ពង្រឹង​បន្ថែម​ទៀត​ នូវភាព​ជា​ដៃគូ​ ដើម្បី​សន្តិភាព​ និង​វិបុល​ភាព​ ព្រ​ម​ទាំង​បាន​អញ្ជើញ​ចូល​រួម​ទទួល និង​ប្រគល់​មជ្ឈមណ្ឌល​សំ​ចត​ និង​ទទួល​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​។ បន្ថែម​លើស​ពី​នេះ​ទៀត​កាល​ពីថ្ងៃទី​០១ ដល់​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០២៣​កន្ល​ង​ទៅ​ថ្មីៗនេះ ឯកឧត្តម​ សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​ថៃ​ ក៏​បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូង​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បា​នចូល​ជួប​សម្តែង​ការ​គួរ​សម​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ព្រះ​រាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូល​រួម​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​វិស័យយោធា​ ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​កើន​ឡើង​បន្ថែម​ទៀត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ