ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុង អាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana)។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ ត្រូវបានប្រទេសហ្គាណា ទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានប្រទេសចូលរួមប្រជុំចំនួន ៩២ ប្រទេស និងអង្គការអន្តរជាតិចូលរួមចំនួន ៥ អង្គការ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ រដ្ឋជាសមាជិក ដើម្បីរួមគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមមួយ ដើម្បីពង្រឹងប្រសិទ្ធភាព នៃប្រតិបត្តិការរក្សាសន្តិភាព និងផលប៉ះពាល់របស់ពួកគេលើសហគមន៍ ដែលពួកគេបំពេញការងារ។
ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋ Ghana ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេលនេះ និងបានសម្តែងការគាំទ្រទិសដៅ ដែលបានដាក់ចេញក្នុងកិច្ចប្រជុំ ដើម្បីរួមគ្នាធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ពិសេសការអនុវត្តន៍ភារកិច្ចរក្សាសន្តិភាពដោយយកសុវត្ថិភាពជាចម្បង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចាក់ថា៖ សមត្ថភាពស្ត្រី ក្នុងឯកសណ្ឋាន ក៏បាននឹងកំពុងចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស្ថេរភាព ក្នុងតំបន់បេសកកម្ម។ ម៉្យាងវិញទៀត ការផ្តល់សេវាថែទាំសុខុមាលភាពផ្លូវចិត្ត គឺជាកត្តាចាំបាច់ ក្នុងការពង្រឹងស្មារតីទទួលខុសត្រូវ ឲ្យបានពេញលេញដល់គ្រប់កម្លាំងរក្សាសន្តិភាពផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ចាក់បន្ថែមថា៖ កម្ពុជាដែលធ្លាប់ទទួលវត្តមានបេសកកម្ម អ៊ុនតាក់ (UNTAC) បានក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវចូលរួមបេសកកម្មរក្សាសន្តិភាព នៅបណ្តាប្រទេសនានា លើពិភពលោក ចាប់ពីឆ្នាំ២០០៦មក ទៅកាន់ប្រទេសចំនួន ១០ ក្នុងបេសកកម្ម ចំនួន១២ រួមមាន៖ ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយព្រឹស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សរុបចំនួន ៩,២០៥នាក់ ក្នុងនោះនារី ចំនួន ៧២៦នាក់។ បច្ចុប្បន្នកម្ពុជាបានចូលរួមលើកកម្ពស់ការចូលរួមពីសំណាក់យោធិននារី ក្នុងគ្រប់កំរិតនៅតាមតំបន់បេសកកម្ម ដែលកម្ពុជាកំពុងមានវត្តមាន ព្រោះយើងជឿជាក់ថា ស្ត្រីពិតជាអាចធ្វើបានដូចបុរសេ ដូចដែលឯកឧត្ដម លោកជំទាវ អស់លោក-លោកស្រី ឃើញស្នាដៃយ៉ាងត្រចះត្រចង់របស់ពួកគេតាមតំបន់ បេសកកម្មអង្គការសហប្រជាជាតិ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជាតឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបងធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ដោយបានលើកឡើងថា ”កម្ពុជាបន្តបរិច្ចាគដល់ស្ថេរភាព សន្តិសុខ សន្តិភាពពិភពលោក ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាផ្តល់តំលៃខ្ពស់ ដល់សន្តិភាព និងមិនគាំទ្រសង្គ្រាមឡើយ។ ដើម្បីឆ្លុះបញ្ចាំងអំពីការរួមចំណែកដ៏សកម្មរបស់កម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រកាសបន្តការប្តេជ្ញាចិត្តក្នុងប្រព័ន្ធត្រៀមជាស្រេច(UN PCRS) រួមមាន៖ កងអនុសេនាធំវិស្វកម្មចំនួន០១កង កងរាជអាវុធហត្ថចំនួន០១កង និងនាយទាហានសេនាធិការ និងសង្កេតការណ៍។ លើសពីនេះ កម្ពុជាសូមប្រកាសការប្តេជ្ញាចិត្ត ចល័តកងកម្លាំងថ្មី០២កង ក្នុងប្រព័ន្ធត្រៀមជាស្រេច (UN PCRS) គឺកងអនុសេនាធំស្ពានចល័តចំនួន០១កង និងកងអនុសេនាធំកម្ទេចគ្រឿងផ្ទះចំនួន០១កង ៕
























