អនុវត្តន៍តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជា អោយកងទ័ពត្រូវចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវិដ-១៩ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដែលពិធីបើកយុទ្ធនាការនេះ បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ ក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ នៅក្នុងយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាលនេះ កម្លាំងគ្រូពេទ្យ ខភម ត្រូវទទួលខុសត្រូវ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញដែលក្នុងនោះមាន៖ ខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌដង្កោ និងខណ្ឌមានជ័យ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ ហើយការចាក់វ៉ាក់សាំងនេះ នឹងចាក់ឲ្យបានរួចរាល់ ដូសទី១ ក្នុងរយៈពេល ១៥ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅរស់នៅក្នុងតំបន់ក្រហម ជាតំបន់បិទខ្ទប់ ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ-១៩។
ក្នុងរបាយការណ៍របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឱ្យដឹងថា៖ ចំនួនប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងក្នុងយុទ្ធនាការនេះ មានប្រហាក់ប្រហែលចំនួន ៤៧១,៥៧៣នាក់ ស្មើនឹងបរិមាណវ៉ាក់សាំងដែលត្រូវចាក់ទាំង២ដូស មានចំនួន ៩៤៣,១៤៦ដូស ហើយវ៉ាក់សាំង ដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស ចំនួន ៩០០,០០០ ដូស ក្នុងនោះ ស៊ីណូវ៉ាក់ (SINOVAC) ចំនួន ៥០,០០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិ។ ឯកឧត្តម ឥត សារ៉ាត់ បានបញ្ជាក់ថា៖ ដើម្បីសម្រេចតាមបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចពិជ័យសេនា ដើម្បីចាក់ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្រុមប្រតិបត្តិការណ៍បានរៀបចំផែនការចាក់វ៉ាក់សាំង បានចាត់តាំងកម្លាំងចូលរួមមាន ១,៤៩០នាក់ ក្នុងនោះមានក្រុមចាក់វ៉ាក់សាំងចំនួន ៩០ក្រុម ជាគ្រូពេទ្យកងទ័ព មកពីក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក កងទ័ពជើងទឹក ជើងអាកាស កងរាជអាវុធហត្ថ សរុបទាំងអស់មាន ១៣កងឯកភាពចូលរួម។
មានប្រសាសន៍នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល នាឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ នៃក្រសួងការពារជាតិ ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពនៅថ្នាក់ជាតិ និងគ្រប់រាជធានីខេត្តទាំងអស់ ដោយសំរេចបានលទ្ធផលគួរជាទីគាប់ចិត្ត ដែលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ បានចំនួន ២៩៤,៥៤៣នាក់ និងដូសទី២ បានចំនួន ២៤៥,៥៦១នាក់។
ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ការចូលរួមអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនាពេលនេះ បានបង្ហាញថា៖ កងទ័ព មិនត្រឹមតែជាកម្លាំងស្នូលការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាពប្រជាជន ប៉ុណ្ណោះទេ ប៉ុន្តែកងទ័ពមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមកិច្ចការមនុស្សធម៌ តាមរយៈការបញ្ចូនកម្លាំង ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ជួយសង្គ្រោះគ្រោះមហន្តរាយនានា ពិសេសការចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារ ប្រជាពលរដ្ឋ ព្រមទាំងមុខសញ្ញាផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល សម្រេចជោគជ័យគួរកត់សម្គាល់។ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រូពេទ្យ និងក្រុមការងារទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ចូលរួមបំពេញបេសកកម្ម ជាប្រវត្តិសាស្ត្រ នៅគ្រប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល សម្រេចជោគជ័យតាមផែនការគ្រោងទុក។ ឆ្លៀតក្នុងឱកាសនោះ សម្តេចពិជ័យសេនា អំពាវនាវដល់ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងខណ្ឌ សង្កាត់ នៃរាជធានីភ្នំពេញ បន្តចូលរួមគាំទ្រអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងនាពេលនេះ ឲ្យទទួលបាន ជោគជ័យតាមផែនការគ្រោងទុក។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំ ដល់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ត្រូវជម្រុញរៀបចំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងតាមខណ្ឌនីមួយៗ ដោយផ្តោតសំខាន់ក្នុងតំបន់ក្រហម ជាការងារអាទិភាព ចំណុចចាប់ផ្ដើមដែល ត្រូវធ្វើឲ្យបានលឿនតាមដែលអាចធ្វើទៅបាន តាមបទបញ្ជារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ចំពោះក្រុមគ្រូរពេទ្យ ក្រុមបច្ចេកទេស និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងតាមអនុសាសន៍ណែនាំសម្តេចតេជោ នាយករដ្ឋមន្ត្រី «៣ការពារ និង ៣កុំ»។ ត្រូវអនុវត្តដោយហ្មត់ចត់នូវវិធានការសុខាភិបាលតាមវិជ្ជាជីវៈរបស់គ្រូពេទ្យ ធានាដំណើរការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ក៏បានប្រគល់សំភារៈ បរិក្ខាពេទ្យ ជូនដល់បណ្តាកងឯកភាពទាំង១៣ ដែលត្រូវចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី០១ ខែឧសភា នេះតទៅ។
សូមបញ្ជាក់ថា៖ បន្ទាប់ពីមានការប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី គេសង្កេតឃើញថា សន្ទស្សន៍នៃការចាក់វ៉ាក់សាំងកូវីដ-១៩ មានការកើនឡើង ដោយបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ក្រុមមនុស្សអាទិភាពដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យរដ្ឋ និងឯកជនទាំងអស់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្មករ កម្មការិនី ជនចាស់ជរា ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស បើគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១ សរុបដូសទី១ មានចំនួន ១,៣០៤,៨៩០នាក់ ក្នុងនោះមានស្រីចំនួន ៤៥,៦៩៨នាក់។ ដោយឡែកសំរាប់រាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងមានចំនូនសរុប ៥៤២,២៧២នាក់។ ហើយក្នុងចំនួនសរុប ១លាននាក់នេះ មានវ៉ាក់សាំង ស៊ីណូហ្វាម ចាក់បានចំនួន ២៥៩,៧០៥នាក់ វ៉ាក់សាំងកូវីសែល ចាក់បានចំនូន ១៥៦,៨៩៧នាក់ និងវាក់សាំងស៊ីណូវាក់ ចាក់បាន ៦១៨,២៨៨នាក់។ ដោយឡែកក្រុមគ្រូពេទ្យក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ២៩៤,៥៤៣នាក់ ដែលធ្វើអោយចំនួនសរុបអ្នកចាក់វ៉ាក់សាំងនៅទួទាំងប្រទេសបានកើនរហូតទៅដល់ ១,៣២៩,៤៣៣នាក់ គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ៕
- ន.ព័ត៌មាន
- 74
ហ្វេសបុក
តេឡេក្រាម
វ័តអែប