ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ម៉ឹង សំផន​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
464
878 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ម៉ឹង សំផន​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​

    នៅ​ព្រឹក​ថ្ងៃទី​​២០​ ខែ​មីនា​ ឆ្នាំ២០១៩​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ម៉ឹង សំ​ផន​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​អោយ ​លោក​វរសេនីយ៍​ឯក​ ឌី​មី​ទ្រី​ ហ្ស៊េ​ហ្គា​លីន​ ជំនួយ​ការ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ សហពន្ធ័​រុស្ស៊ី​ ចូល​ជួប​សំដែង​ការ​គួរ​សម​ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​។ ក្នុង​ជំនួប​នោះ​ក្នុង​នាម​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ឯកឧត្តម​ ម៉ឹង ​សំ​ផន​ បាន​សំដែង​ការ​​ស្វាគមន៍​​ចំពោះ ​លោក​វរសេនីយ៍​ឯក​ ហ្ស៊េ​ហ្គា​លីន​ ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​នេះ​ នឹង​នាំ​មក​នូវ​ការ​ពង្រឹង​ទំនាក់​ទំនង​ កិច្ច​សហ​ប្រតិបត្តិកា ​រវាង​កង​ទ័ព​ទាំង​ពីរ ​ប្រទេស​ទាំង​ពីរ ​កម្ពុជា​​ និង​សហ​ព័ន្ធ​រុស្ស៊ី ​កាន់​តែ​​ប្រសើរ​ឡើង​ថែម​ទៀត។​ ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា៖​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា ​និង​សហព័ន្ធ​រុស្ស៊ី ​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ ហើយ​បាន​ធ្វើ​ការ​​សហ​ការ​ជួយ​គ្នា​ចាប់​ពី​ពេល​មុន​ៗ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ឯកឧត្តម​បាន​ចាត់​ទុក​ដំណើរ​មក​បំពេញ​ទស្សនៈ ​របស់​គណៈ​ប្រតិភូ​នៅ​កម្ពុជា​លើក​នេះ​ បាន​នាំ​មក​នូវ​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិការ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​រឹង​មាំ ​និង​រីក​ចម្រើន​ឡើង​ថែម​ទៀត​។ ​ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ម៉ឹង​ សំ​ផន​ បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​រុស្ស៊ី ​នា​ទស្សវត្ស​ទី​៨០​ ដែល​កាល​នោះ ​អតីត​សហភាព​សូវៀត​បាន​ជួយ​ដល់​កម្ពុជា​យ៉ាង​ច្រើន​ លើ​វិស័យ​ការ​ពារ​ជាតិ ​ក្នុង​ការ​កសាង​កង​ទ័ព​កម្ពុជា​ឡើង​វិញ​ ក្រោយ​ថ្ងៃ​រំដោះ​៧ ​មករា​ លើ​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ដល់​កង​ទ័ព​ទាំង​៣​ប្រភេទ ​រួម​មាន​កង​ទ័ព​​ជើង​គោក ​ជើង​ទឹក​  និង​ជើង​អាកាស ​ព្រម​ទាំង​បាន​ផ្តល់​នូវ​សម្ភារៈ​ប្រើ​ប្រាស់​ដល់​យោធា​កម្ពុជា​ មាន​ នាវា​ រថក្រោះ ​យន្ត​ហោះ ​ដែល​សម្ភារៈ​ទាំង​នោះ​មួយ​ចំនួន​បាន​បន្សល់​ទុក​ប្រើ​ប្រាស់​ រហូត​មក​សព្វ​ថ្ងៃ​នេះ។ ឯកឧត្តម ​បាន​បន្ត​ថា៖​ តាម​រយៈ​ទំនាក់​ទំនង​ដ៏​ល្អ​ ដែល​ធ្លាប់​មាន​ពី​មុន​មក​នេះ ​យើង​ត្រូវ​តែ​រួម​គ្នា​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់​តែ​រីក​ចំរើន​ និង​រឹង​មាំ​ថែម​ទៀត។

     មាន​មតិ​ឆ្លើយ​តប​វិញ ​លោក​វរសេនីយ៍​ឯក​ ឌី​មី​ទ្រី​ ហ្ស៊េ​ហ្គា​លីន​ បាន​មាន​ប្រសាសន៍​ថា​៖​ ក្រោយ​ពី​មាន​ការ​ផ្អាក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ទាំង​ពីរ​ មួយ​រយៈ​កន្លង​មក​ នៅ​ពេល​នេះ​កិច្ច​សហ​ប្រតិបត្តការ​រវាង​កង​ទ័ព​ទាំង​ពីរ​ បាន​ចាប់​ផ្ដើម​ឡើង​វិញ ​គ្រប់​វិស័យ​ពិសេស​យោធា ​ដែល​ត្រូវ​បន្ត​ប្រពៃណី​ទំនាក់​ទំនង​ ដែល​មាន​កាល​ពី​ទស្សវត្ស​​៨០​។ ​លោក​វរសេនីយ៍​ឯក ​បាន​បញ្ជាក់​ទៀត​ថា៖​ ក្នុង​តំណើរ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ ​ ប្រតិភូ​ និង​ពិភាក្សា​គ្នា​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ទាំង​ពីរ​ ​ជា​ពិសេស​ការ​ជួយ ​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍន៍​ដល់​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ