ព័ត៌មាន

ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​ប្រកាស​តែង​តាំង ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
457
877 ឯកឧត្តម​ ហ៊ុន ​ម៉ាណែត ​ប្រកាស​តែង​តាំង ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​

      តួនាទី​ឋានន្តរសក្តិ​ដែល​ទទួល​បាន​នា​ពេល​នេះ ​គឺ​បាន​មក​ដោយ​ការ​វាយ​តម្លៃ​ជា​សមូ​ហភាព​ ក្នុង​ការ​តែង​តាំង​ជួរ​មេ​បញ្ជាការ​ និង​នាយ​សេនា​ធិការ​ ដោយ​ឈរ​លើ​ប្រសិទ្ធិភាព​ តម្លាភាព​ សមត្ថភាព​ការ​ងារ​ ស្នា​ដៃ ​បទ​ពិសោធន៍ ​និង​គុណ​សម្បត្តិ ​កត្តា​សំខាន់​គឺ​អាយុ​ទ័ព​ និង​និរន្តរ​ភាព​ការ​ងារ​ ​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​ដោយ​មាន​ការ​ចូល​រួម​ពី​យោធិន​គ្រប់ៗ​រូប ​នេះជា​ប្រសាសន៍របស់ ​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក​ ថ្លែ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​​ថ្មី​ នៅ​បញ្ជាការ​ដ្ឋាន​យោធភូមិ​ភាគ​ពិសេស ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ដោយ​មាន​វត្ត​មាន​ចូល​រួម​ពី​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ព្រហ្ម​ ឌិន​ រដ្ឋ​លេខាធិការក្រសួងការពារជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​គឹម​​ ប៊ុន​ថាន​ អគ្គ​មេ​បញ្ជាការ​រង​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ខេង​ សា​ម៉េត​ អគ្គ​ស្នង​ការ​រង​ ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​តំណាង​អជ្ញាធរ​មូល​ដ្ឋាន​ និង​សមាជិក​ជា​ច្រើន​រូប​ទៀត។​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​ព្រហ្ម​ ឌិន​ រដ្ឋ​លេខាធិការក្រសួងការពារជាតិ និងជាអតីត​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​

     ក្នុង​របាយ​ការ​ស្វាគមន៍​របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ព្រហ្ម​ ឌិន ​អតីត​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស ​បាន​លើក​ឡើង​ថា​៖ ក្នុង​អណត្តិ​ដែល​ឯកឧត្តម​ធ្វើ​ជា​មេ​បញ្ជាការ ​រយៈ​ពេល​ជាង​២៦​ឆ្នាំ​នេះ​ សម្រេច​លទ្ធ​ផល​ និង​​ស្នា​ដៃ​ដ៏​ធំ​ធេង​កន្លង​មក ​ពិសេស​បាន​ពង្រឹង​សហការ​ក្នុង​ការ​ធានា​សុវត្ថិភាព​ជូន​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នានា ​ឆ្លង​កាត់​ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ​។​ ហើយ​ឯកឧត្តម​មាន​សង្ឃឹម​ជឿ​ជាក់​ថា​ មេ​បញ្ជាការ​ថ្មី​ ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​យោធ​ភូមិ​ភាគ​ពិសេស ​ទាំង​អស់ ​ពិសេស​នាយ​ទាហាន​វ័យ​ក្មេង​បន្ត​វេន ​នឹង​បន្ត​អនុវត្ត​ប្រពៃ​ណីដ៏​ល្អ​ ដែល​យើង​​ធ្លាប់​ធ្វើ​កន្លង​មក​។ បន្ទាប់​ពី ​លោក​ឧត្តម​សេនីយ៍​ត្រី ​ឈឹម​ លីន​ ​នាយ​ការិយា​ល័យ​ទី​១ ​កង​ទ័ព​ជើង​គោក​ បាន​អាន​អនុ​ក្រឹត្យ​របស់​រាជ​រដ្ឋា​ភិបាល ​និង​​សេចក្តី​ប្រកាស​​របស់​ក្រសួង​ការ​ពារ​ជាតិ ​ស្ដី​ពី​ការ​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​នាយ​ទាហាន​ជាន់​ខ្ពស់​ ចំនួន​២​រូប ​ក្នុង​នោះ​មាន​៖ ឧត្តមសេនីយ៍ទោ ពូ សាប៊ុតឌី ពី​មុន​ជា​មេ​បញ្ជាការ​រង​​ និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ បច្ចុប្បន្ន​ជា​មេ​បញ្ជាការ​រង​​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​នៃ​កង​​យោធ​​​ពល​​ខេមរ​ភូមិន្ទ​  និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​, ឧត្តម​សេនីយ៍​ទោ​ ប៉ូ ​វណ្ណៈ​ ឥឡូវជា​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​  និង​ជា​នាយ​សេនា​ធិការ​យោធ​ភូមិ​ភាគ​ពិសេស​។​ ក្នុង​នោះ​ដែរ​ព្រះ​រាជ​ក្រឹត្យ​បាន​តម្លើង​ឋានន្តរសក្តិ​ថ្នាក់​ឧត្តម​សេនីយ៍​ត្រី​ ជូន​លោក​វរសេនីយ៍​ឯក​ នៃ​ និយម​ ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​ យោធ​ភូមិ​ភាគ​ពិសេស ​រួច​មក​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ផ្តល់​កិត្តិ​យស​ប្រគល់​អនុ​ក្រឹត្យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ជូន​ ឧត្តម​សេនីយ៍​ទោ ​ពូ​ សា​ប៊ុត​ឌី ​និង​ប្រគល់​ត្រា​សិទ្ធិ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ថ្មី​​។ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ថ្មី 

      ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ពូ ​សា​ប៊ុត​ឌី ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ថ្មី ​បាន​ប្តេជ្ញា​ចិត្ត ស្មោះ​ត្រង់​ចំពោះ​ជាតិ​ ការ​ពារ​រដ្ឋ​ធម្មនុញ្ញ ​ព្រះ​មហាក្សត្រ​ ពិសេស​ការ​ពារ​ រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​ដែល​មាន​ សម្តេច​តេ​ជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី​ និង​គោរព​ច្បាប់​របស់​រដ្ឋ​។ បន្ត​គាំទ្រ​កម្ម​វិធី​នយោ​បាយ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជរដ្ឋា​ភិបាល​ ក្នុង​ដំណាក់​កាលទី​៤​​ ចូល​រូម​សហការ​ជា​មូយ​អាជ្ញាធរ​គ្រប់​ថ្នាក់​ ដើម្បី​រក្សា​ការ​ពារ​នូវ​សុខ​សន្តិភាព​​ដែល​យើង​ខំ​រក​​ដោយ​លំ​បាក​បំផុត​។​ អនុវត្ត​ផែន​ការ​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​។  អនុវត្ត​ឲ្យ​បាន​ដាច់​ខាត​អនុសាសន៍​១០​ចំណុច​ របស់​សម្តេច​តេជោ​ថ្លែង​ក្នុង​ពិធី​អបអរ​ខួប​២០​ឆ្នាំ ​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។ បង្កើន​ប្រសិទ្ធ​ភាព​ដឹក​នាំ​ក្នុង​យោធ​ភូមិ​ភាគ​ពិសេស ​បន្ត​និរន្តរ​ភាព​អនុវត្ត​ផែន​ការ​កសាង​ពង្រឹង​អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ ​និង​បន្ត​ពង្រឹង​និរន្តរ​ភាព​ការ​ដឹ​ក​នាំ​អង្គ​ភាព​ឈរ​លើ​ស្មារតី​សាមគ្គី​ឯក​ភាព​រឹង​មាំ ព្រម​ទាំង​សហការ​ជា​មួយ​ប្រទេស​ជា​មិត្ត​ក្នុង​ការ​ធា​នា​សន្តិសុខ​សណ្តាប់​ធ្នាប់​ ប្រកប​ដោយ​​ការ​ទទួល​​ខុស​​ត្រូវ​ខ្ពស់​។ ពិសេស​ប្រឆាំង​ដាច់​ខាត​រាល់​ចលនា និង​គ្រប់​រូប​ភាព​បដិវត្ត​ព៌ណ​ក្នុង​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ និង​ភាព​ត្រឹម​ត្រូវ​ស្រប​ច្បាប់​ ត្រូវ​កំ​ចាត់​ចោល​ភ្លាម​ទោះ​ស្ថិត​ក្នុង​តម្លៃ​ណាក៏​ដោយ​។​​ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជា​ការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក

      ក្នុង​នាម​សម្តេច​ពិជ័យ​សេនា ​និង​ឯកឧត្តម​អគ្គ​មេ​បញ្ជាការ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិផល​នា​នា​ជា​ច្រើន​ ដែល​នាយ​​ឧត្តម​សេនីយ៍ ​ព្រហ្ម​ ឌិន ​អតីត​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​ចាស់ ​សម្រេច​បាន​កន្លង​មក ​ហើយ​មេ​បញ្ជាការ​ថ្មី ​ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​យោធ​ភូមិ​ភាគពិ​សេស​ ទាំង​អស់​ នឹង​បន្ត​អនុវត្ត​ប្រពៃណី​ដ៏​ល្អ​ដែល​យើង​​ធ្លាប់​ធ្វើ​កន្លង​មក​ ពិសេស​ធានា​សុខ​សុវត្ថិ​ភាព​ជូន​ថ្នាក់​ដឹក​នាំ។​ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​បាន​ចូល​រួម​អបអរ​សាទរ​ចំពោះ​ព្រះ​មហាក្សត្រ​ ប្រមុខ​​រាជ​រដ្ឋា​ភិបាល ​ក្រសួង​​ការ​ពារ​ជាតិ​ និង​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ពិសេស ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី និង​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ដែល​ផ្តល់​ជំនឿ​ទុក​ចិត្ត​មក​លើ​​កង​យោធ​​ពល​​ខេមរ​ភូមិន្ទ​ ព្រម​ទាំង​បាន​ផ្តល់​នូវ​តួនាទី និង​ឋានន្តរសក្តិ​នា​ពេល​នេះ​ ស្រប​ទៅ​តាម​ផែន​ការ​កែ​ទម្រង់​ក្នុង​ជួរ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​ឈរ​លើ​ការ​រក្សា​ចាស់​ និង​ពង្រីក​ក្មេង​ដែល​មាន​សមត្ថ​ភាព​បន្ត​វេន​ដោយ​ការ​ដាក់​ចូល​សោធន​និវត្តន៍​ ចំពោះ​នាយ​ទាហាន​ដល់​អាយុនោះ​។​ ឯកឧត្តម​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​បញ្ជាក់​បន្ថែម​ថា​៖ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​នូវ​គោល​នយោ​បាយ​ដំឡើង​ឋានន្តរ​សក្តិ​ ១​ស័ក្តិ​ថែម​មុន​ពេល​យោធិន​ចូល​និវត្តន៍​ចេញ​ពី​ជួរ។​ ការ​កែ​ទម្រង់​កង​ទ័ព​ទាម​ទារ​ការ​ចូល​រួម​ចំណែក​ដោយ​អនុវត្ត​ជា​ជំហាន​ មិន​អាច​ធ្វើ​តម្រឹម​លឿន​ពេក​នោះ​ទេ។​ ឯកឧត្តម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ផ្តាំ​ផ្ញើរ​ថា​៖ កត្តា​សំខាន់​គឺ​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​ ឈរ​លើ​ការ​ដឹក​នាំ​ប្រកប​ដោយ​វិជ្ជាជីវ:​ ម៉ឺងម៉ាត់​ការ​ងារ​ និង​ប្រកប​ដោយ​ភាត​រភាព​។ នា​ឱកាស​ចូល​រួម​ប្រកាស​មុខ​ងារ​ជូន​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេសថ្មី​នេះដែរ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក ​ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​​កង​ទ័ព​ជើង​គោក ​បាន​ផ្តល់​ភេសជ្ជៈ​រួម​នឹង​ថវិកា​មួយ​ចំនួន​ផង​ដែរ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ