ព័ត៌មាន

កិច្ចសន្ទនាយោធាទ្វេភាគី កម្ពុជា-អាមរិក (Cambodia-USA Defence Dialogue “BDD”)
នាយកដ្ឋានព័ត៌មាន(១)
484
873 កិច្ចសន្ទនាយោធាទ្វេភាគី កម្ពុជា-អាមរិក (Cambodia-USA Defence Dialogue “BDD”)

កិច្ចសន្ទនាទ្វេភាគីរវាងកងយោធពលខេមរភូមិន្ទនិងយោធាអាមេរិក ដែលមានការចូលរួមពីភាគីកងយោធពលខេមរភូមិន្ទ​ (ខ.ភ.ម) ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាន នយោបាយ កិច្ចការបរទេស ក្រសួងការពារ ជាតិ និងជា ប្រធានក្រុមសម្របសម្រួល កិច្ចសហប្រតិបត្តិការយោធា (Military Coordination Cooperation Group MCCG) ជាមួយភាគីកងទ័ពសហរដ្ឋ អាមេរិក ដឹកនាំដោយលោកវរសេនីឯក Scott Burnside ប្រធានផ្នែកគោលនយោបាយ អាស៊ីអាគ្នេយ៍ បញ្ជាការ​ដ្នាន ប៉ាស៊ីហ្វិក-អាមេរិក ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១៤កើត ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០ ១៩ នៅសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ឯ.ឧ ឧត្តមសេនីយ៍ឯក សួន សំណាង បានមានប្រសាសន៍ថា កិច្ចសន្ទនាយោធាទ្វេភាគី កម្ពុជា-អាមេរិក គឺជាកិច្ចប្រជុំប្រចាំឆ្នាំ រវាងក្រសួងការពារជាតិកម្ពុជា ជាមួយនឹងទីបញ្ជាការ ឥណ្ឌូ-ប៉ាស៊ីហ្វីក​ សហរដ្ឋ​អាមេរិក ប្រចាំនៅរដ្ឋហាវៃ ។ កិច្ចប្រជុំពិភាក្សាយោធាទ្វេភាគីនេះ​​ ជាវេទិកានៃការ​ពិភាក្សា​​ និងរៀបចំផែនការសម្រាប់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងកម្ពុជា និង​សហរដ្ឋអាមេរិក សម្រាប់រយៈពេល១ឆ្នាំតទៅមុខទៀត។ កិច្ចប្រជុំឆ្នាំនេះមានកិច្ចព្រមព្រៀង​លើកម្មវិធីមួយចំនួន ដែលភាគច្រើនពាក់ព័ន្ធទៅនឹងកិច្ចការមនុស្សធម៌ ផ្តល់ការហ្វឹកហ្វឺននិង​បណ្តុះបណ្តាលដល់ ខ.ភ.ម រួមមាន៖ ការផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់កម្ពុជាមុនពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេស, កម្មវិធីផ្នែក​សុខាភិបាល និងកម្មវិធីធ្វើការងាររួមគ្នាក្នុងការស្វែងរកអដ្ឋិធាតុទាហាន​អាមេរិក ដែល​បាត់​ខ្លួន ព្រមទាំងការអប់រំ និងការហ្វឹកហ្វឺននាយទាហានជាន់ខ្ពស់ ខ.ភ.ម នៅវិទ្យាស្ថាន​សន្តិសុខ​ អាស៊ី-ប៉ាស៊ីហ្វីក នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក។ បន្ទាប់ពីមានការព្រមព្រៀងនៃ​កិច្ចប្រជុំ​នេះ​ហើយ ភាគីទាំងពីរនឹងអនុវត្តទៅតាមផែនការព្រមព្រៀងគ្នានោះ។ឯ.ឧ ឧត្តមសេនីយ៍ឯក សួន សំណាង បានកត់សម្គាល់ថា តាមធម្មតាកាលពីមុនខែធ្នូ ឆ្នាំ​២០១៦ គឺមានសកម្មភាព រវាងក្រសួងការពារជាតិកម្ពុជា ជាមួយនឹងទីបញ្ជាការ​ ឥណ្ឌូ​-ប៉ាស៊ីហ្វីក សហរដ្ឋអាមេរិក រហូតដល់ជាង១០០សកម្មភាពក្នុង១ឆ្នាំៗ។ ប៉ុន្តែឥឡូវនេះយើង​បានកាត់បន្ថយសកម្មភាពនៃកិច្ចសហប្រតិបត្តិការជាមួយអាមេរិកចុះមកនៅត្រឹមប្រហែលតិចជាង១០សកម្មភាព បើប្រៀបធៀបមានការថយចុះច្រើននៅក្នុងកិច្ចសហប្រតិបត្តការ​យោធា​ជាមួយនឹងភាគីអាមេរិក ។ មូលហេតុចម្បង ដោយសារតែនៅក្នុងរយៈពេលប៉ុន្មាន​ឆ្នាំមុន​នេះ យើងមានការមមាញឹកនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើស​រើស​តំណាងរាស្ត្រ ដោយបានកាត់បន្ថយនូវសកម្មភាពខ្លះពាក់ព័ន្ធទៅនឹង​ការបញ្ជូន​កងយោធា​អាមេរិកចូលមកកម្ពុជារបស់យើង ។ នេះជាគោលការណ៍របស់រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិផងដែរ ប៉ុន្តែជាទូទៅយើងនៅតែបន្តកិច្ចសហប្រតិបត្តិការយោធា​ជាមួយ​នឹងភាគីអាមេរិក ទោះបីជាក្នុងទំហំមួយនៅមានកំរិតក៏ដោយ។ កិច្ចប្រជុំនេះ ក៏មានការចុះ​ហត្ថលេខា​លើកំណត់ហេតុរួមគ្នាមួយ រវាង ឯ.ឧ ឧត្តមសេនីយ៍ឯក សួន សំណាង និង​លោក​វរសេនីយ៍​ឯក ស្កត់ ប៊ឺនសាយ (Scott Burnside) សម្រាប់អនុវត្ត​នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ជុំវិញកិច្ចសហប្រតិបត្តិការកិច្ចការមនុស្សធម៌ និងការអប់រំ​និងហ្វឹកហ្វឺន​នៃ​យោធា​ទាំង​ពីរ​កម្ពុជានិងសហរដ្ឋអាមេរិក៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ