ព័ត៌មាន

បំពាក់​ឋានន្តរ​សក្តិ ​និង​ផ្ទេរ​ប្រគល់​មុខ​ងារ​ជូន​នាយ​ទាហាន ​តំបន់​ប្រតិបត្តិការ​សឹក​បន្ទាយ​មាន​ជ័យ​
នាយកដ្ឋានព័ត៌មាន(៣)
176
867 បំពាក់​ឋានន្តរ​សក្តិ ​និង​ផ្ទេរ​ប្រគល់​មុខ​ងារ​ជូន​នាយ​ទាហាន ​តំបន់​ប្រតិបត្តិការ​សឹក​បន្ទាយ​មាន​ជ័យ​

    កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន សេង ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​ប្រកាស់​ផ្ទេរ​ភារ​កិច្ច​ លោក ឧត្តម​សេនីយ៍​ត្រី​ ជឹម ​ប៊ុន​អាន​ ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ បន្ទាយ​មាន​ជ័យ ជំនួស ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ភ្លន់ តា​រា ​ដែល​ត្រូវ​បាន​តែង​តាំង ​ជា​មេ​បញ្ជាការ​រង​យោ​ធភូមិ​ភាគ​ទី​៥ ​និង​ដែល​ពិធី​ប្រកាស់​ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​ទាហាននេះ បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលា​ខេត្ត​ បន្ទាយ​មាន​ជ័យ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​ ឯកឧត្តម​ សួន បវរ​ អភិ​បាល​ខេត្ត​ បន្ទាយ​មាន​ជ័យ​, ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ឯក សំ​អូន ​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​គោក ​និង​ជា​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៥​,  និង​នាយ​ទាហាន​ ជា​សមាជិក​ក្នុង​អង្គ​ពិធី​ សរុប​២៨៥​នាក់​។

     ក្នុង​មតិ​ស្វាគមន៍​ និង​របាយ​ការណ៍​សង្ខេប​ស្តី​ពី​​ភារ​កិច្ច ​សកម្មភាព​ ការ​ងារ​ សម្រេច​បាន​​កន្លង​មក​ របស់​ អង្គ​ភាព ​តំបន់​ប្រតិ​បត្តិការ​សឹក​រង​បន្ទាយ​មាន​ជ័យ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ភ្លន់​ តារា​ បាន​បញ្ជាក់​ថា​៖  ក្រោម​ការ​ណែ​នាំ ​ពី​ក្រសួង​ការ​ពារ​ជាតិ,​ អគ្គ​មេ​បញ្ជាការ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​, យោធ​ភូមិ​ភាគ​ទី​៥​  កន្លង​មក​នេះ តំ​បន់​ប្រតិបត្តិ​ការ​សឹក​បន្ទាយ​មាន​ជ័យ​ ទទួល​បានស​មិទ្ឋ​ផល​ជា​ច្រើន​ តាម​រយៈ​ការ​ងារ​សម្ពន្ឋ័​ មេត្រី​ភាព ​និង​ការ​កសាង​អង្គភាព​រឹង​មាំលើ​គ្រប់​វិស័យ​។​ បន្ទាប់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ ដួង​ ថ្លា ​នាយ​រង​ការិយា​ល័យ​ទី១​ កង​ទ័ព​ជើង​គោក ​អាន​នូវ​អនុ​ក្រិត​ សេចក្តី​ប្រកាស់ ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​មុខ​ងារ​ នាយ​ទា​ហាន​ថ្នាក់​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​បន្ទាយ​មាន​ជយ័ ​គណៈ​អធិបតី​​ក៏​បាន​បំពាក់ ​ឋានន្តរ​សក្តិ​ ថ្នាក់​វរសេនីយ៍​ឯក​ ជូន​នាយ​ទាហាន​ចំនួន​២​រូប​​ផង​ដែរ។​

    ក្នុង​ប្រសាសន៍​ចូល​រួម​របស់ ឯកឧត្តម​ សួន បវរ​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ថ្លែង​ថា​៖ ឆ្នាំ​២០១៩​នេះ ​ ជា​ឆ្នាំ​ដែល​ត្រូវ​​អនុវត្តន៍​គោល​នយោ​បាយ​​ចតុ​កោណ​ដំណាក់​កាល​ទី​៣ ​ដូច​នេះ​ខ.ភ.ម ​ត្រូវ​បន្ត​ពង្រឹង ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ និង​ការ​បង្កា​បង្រាប​បទ​ល្មើស​តាម​ព្រំ​ដែន ​និង​អនុវត្តន៍​គោល​នយោ​បាយ​ ភូមិ ឃុំ​ មាន​ សុវត្ថិ​ភាព​។ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន សេង ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ 

    ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ប៊ុន​ សេង ​បាន​សម្តែង​ការ​កោត​សរសើរ​​ចំពោះ​អង្គភាព​ តំបន់​ប្រតិបត្តិ​ការ​សឹក​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​កន្លង​មក​នេះ​​បាន​បំពេញ​តួនាទី ​ភារ​កិច្ច​ ជា​ច្រើន​​គួរ​ឲ្យ​កត់​សម្គាល់​ ព្រម​ទាំង​បាន​សម្តែង​នៅ​ក្តី​មោទនៈ ​ចំពោះ​វិរភាព​របស់​កង​កំលាំង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​សម្រាប់​តំបន់​ប្រតិបត្តិ​ការ​សឹក​បន្ទាយ​មាន​ជ័យ​ និង​ទូទាំង​យោធ​ភូមិ​ភាគ​ទី​៥ ​ដែល​ត្រូវ​បាន​ទទួល​ការ​បំពាក់​ឋានន្តរសក្តិ​ នា​ពេល​នេះ ​។ ឯកឧត្តម​ ប៊ុន សេង បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ការ​រីក​ចំរើន​ធំ​ធាត់​របស់​​កង​យោធពល​ខេមរ​ភូមិន្ទ​ ពុំ ​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ ពី​​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​ដែល​ជា​និច្ច​កាល​បាន​យក​ចិត្ត​ទុក​ដាក់​ និង​លើក​ទឹ​ក​ចិត្ត​ដល់​កង​យោ​ធលខេមរ​ភូមិន្ទ​ អោយ​មាន​ឆន្ទះ​បំរើ​ជាតិ ​និង​ជា​ស្នូល​​របស់​រាជ​រដ្ឋាភិ​បាល ​ក្នុង​ភារ​កិច្ច​ការ​ពារ​មាតុ​ភូមិ​។ ​ឯកឧត្តម ​ប៊ុន​ សេង ​បាន​លើក​បញ្ជាក់​ថា​៖ ក្នុង​និតិ​កាល​ទី​៦​នេះ ​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជំរៅ​ លើ​ការ​ដឹក​នាំ​​​ការ​ងារ​គ្រប់​គ្រង ​សំដៅ​​ពង្រឹង​ប្រសិទ្ឋិ​ភាព​ការ​ងារ​ លើ​គ្រប់​វិស័យ​។​ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ យើង​ជា​កង​ទ័ព​ ត្រូវ​ចូល​រួមថែ​រក្សាឲ្យ​បាន​ជា​ដាច់​ខាត ​នៅ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ កើត​​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​មាន សម្តេច​តេជោ​ជា​នាយក​រដ្ឋមន្ត្រី ​និង​ទប់​ស្កាត់​រាល់​ការ​ប៉ុន​ប៉ង​​ធ្វើ​បដិវត្តន៍​ពណ៍​ណា​មួយ ​ដែល​មាន​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​។​ ឯកឧត្តម​បាន​ផ្តល់​ការ​ណែនាំ​បន្ថែម​ ដល់​គ្រប់​បណ្តាល​កង​ឯក​ភាព ​ចំណុះ​យោធ​ភូមិ​ភាគ​ទី​៥​ ត្រូវ​បង្កើន​ភាព​សាមគ្គី​ ឯកភាព ​សហ​ការណ៍ ​កសាងអង្គភាព​រឹង​​មាំ​ ​លើ​គ្រប់​វិស័យ ​និង​អនុវត្តន៍​អនុសាសន៍​១០​ចំណុច ​របស់​សម្តេច​តេ​ជោ​ឲ្យ​ ទទួល​បាន​ជោគ​ជ័យ​​​។​ ក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម ​នាយ​ឧត្ត​មសេនីយ៍​ ប៊ុន សេង ​បាន​ឧបត្ថម្ភ​ថវិកា​០៥​ លាន​រៀល​ និងឯកឧត្តម ​សួន បវរ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ ឧបត្ថម្ភ​ថវិកា​០៥​លាន​រៀល សរុប​១០​លាន​រៀល ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ