ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឲ្យកាន់តែល្អប្រសើរឡើងទៀតនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូកងទ័ពអាកាសភូមិន្ទថៃដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាយាព្រឹក ឌីតយ៉ាសារីន (CHAIYAPRUK DIDYASARIN) អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ពីថ្ងៃទី១២-១៣ ខែមីនា។
ពេលអញ្ជើញដល់មូលដ្ឋានកងទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ គណៈប្រតិភូកងទ័ពជើងអាកាសភូមិន្ទថៃ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរងកងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ជាន់ខ្ពស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសកម្ពុជា ជាច្រើនរូបទៀតទទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត។ ក្នុងដំណើរទស្សនកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកងទ័ពអាកាសភូមិន្ទថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាយាព្រឹក ឌីតយ៉ាសារីន (CHAIYAPRUK DIDYASARIN) អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដែលទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពអាកាស នៃប្រទេសទាំងពីរ ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស នៅក្នុងមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង ដោយមានវត្តមាន ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងអនុព័ន្ធយោធាថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ខាងភាគីកម្ពុជាមានវត្តមាន មេបញ្ជាការរង ព្រមទាំងនាយទាហានជាន់ខ្ពស់ ក្នុងបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ជាច្រើនរូបទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក្នុងនាម សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហានក្នុងបញ្ជាការដ្ឋានកងទ័ពជើងអាកាសទាំងអស់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពអាកាសភូមិន្ទថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានលើកឡើងផងដែរ ពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងទ័ពអាកាសទាំងពីរ នារយៈពេលកន្លងមក ដោយកងទ័ពអាកាសភូមិន្ទថៃ បានផ្តល់នូវអាហារូបករណ៍ជាច្រើន ដើម្បីជួយបណ្តុះបណ្តាលនាយទាហានទ័ពអាកាសកម្ពុជា។ល។ ពិសេសទំនាក់ទំនងដ៏ល្អរបស់ថ្នាក់ដឹកនាំកងទ័ពអាកាសទាំងពីរ តាមរយៈទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ គ្រប់ជំនាន់មកកម្ពុជា បន្ទាប់ពីបានទទួលនូវតំណែង កិច្ចប្រជុំក្រុមការងារកងទ័ពអាកាសប្រទេសទាំងពីរ កិច្ចប្រជុំនាយទាហានវ័យក្មេង និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំ របស់នាយទាហាន ដែលទាំងអស់នេះបាននាំមកនូវភាពជិតស្និទ្ធ និងយោគយល់គ្នា ឈានទៅពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាគ្រប់រូបភាព និងគ្រប់កម្រិត ដើម្បីឲ្យប្រទេសយើងទាំងពីរ មានសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាយាព្រឹក ឌីតយ៉ាសារីន (CHAIYAPRUK DIDYASARIN) អគ្គមេបញ្ជាការ កងទ័ពអាកាសភូមិន្ទថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស, ឯកឧត្តម មេបញ្ជាការរង និងនាយទាហានជាច្រើនរូបនាពេលនេះ ដូច្នេះដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងនាំមកនូវការពង្រឹងនូវកិច្ចសហប្រតិបត្តិការ រវាងកងទ័ពអាកាសយើងទាំងពីរ ឲ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានជូនពរដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ កងទ័ពអាកាសភូមិន្ទថៃ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។
បន្ទាប់មកគណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆាយាព្រឹក ឌីតយ៉ាសារីន (CHAIYAPRUK DIDYASARIN) អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរងកងទ័ពជើងអាកាស បានអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិផងដែរ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ គណៈប្រតិភូនឹងអញ្ជើញចូលរួម ក្នុងពីធីជប់លៀងរៀបចំទទួលដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស និងអញ្ជើញទៅខេត្តសៀមរាប ទស្សនាប្រាសាទបូរាណខ្មែរផងដែរ ៕