ព័ត៌មាន

ឯកឧត្តម ​ប៊ុត ​សុ​ភាព ​ទទួល​សិស្ស​វគ្គ​នាយ​ទាហាន​សកម្ម ​ជំនាន់​ទី​២៣​
នាយកដ្ឋានព័ត៌មាន(៣)
267
859 ឯកឧត្តម ​ប៊ុត ​សុ​ភាព ​ទទួល​សិស្ស​វគ្គ​នាយ​ទាហាន​សកម្ម ​ជំនាន់​ទី​២៣​

     យុវជន ​យុវនារី ​ជា​សិស្ស​ និង​និស្សិត​ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​ វគ្គ​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២៣ ​ចំនួន​២០០​នាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​មីនា ​ឆ្នាំ​២០១៩​នេះ​ ​បាន​ចូល​ទៅ​​កាន់​សា​លា​​នាយ​ទាហាន​​សកម្ម​ (ត្មាត​ពង​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​)​ ដើម្បី​ចូល​រួម​ហ្វឹក​ហ្វឺន​ ​និង​បណ្តុះ​​បណ្តាល​​រយៈ​ពេល​៤​ឆ្នាំ ​ប្រែ​ក្លាយ​ខ្លួន​ជា​នាយ​ទាហាន​ និង​ជា​អ្នក​ដឹក​នាំ​កង​ទ័ព​នៅ​ក្នុង​ជួរ​ខ.ភ.ម ​បន្ត​វេន​នា​ពេល​ខាង​មុខ​។​ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក ​ប៊ុត​ សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះប្អូន​ៗ​ យុវជន​សិស្ស​និស្សិត​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​ខ.ភ.ម

     នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​សិស្ស​វគ្គ​នាយ​ទាហាន​សកម្ម​ ជំនាន់​ទី​២៣ ​នា​ឱកាស​នោះ​ ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក ​ប៊ុត​ សុ​ភាព​ នាយក​សាលា​នាយ​ទាហាន​សកម្ម ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​​ក្រសួង​​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ និង​នាម​អនុ​ប្រធាន​គណៈ​កម្មា​ការ​ប្រឡង​​ជ្រើស​រើស​ សិស្ស​​វគ្គ​​នាយ​​ទាហាន​ខ.ភ.ម​ ឆ្នាំ​២០១៩ ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះប្អូន​ៗ​ យុវជន​សិស្ស​និស្សិត​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​ខ.ភ.ម​ ជា​ពិសេស​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ​​ វគ្គ​នាយ​​ទាហាន​​សកម្ម ​ជំនាន់​ទី​២៣ ​និង​បាន​ថ្លែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ផង​ដែរ​ ​ចំពោះ​វត្ត​មាន​​របស់​​យុវជន ​យុវនារី ​ជា​សិស្ស ​វគ្គ​នាយ​ទាហាន​សកម្ម ​ជំនាន់​ទី​២៣ ​ទាំង​២០០​នាក់​ ដែល​បាន​​ចូល​មក​ កាន់​សាលា​នាយ​ទាហាន​សកម្ម​ ដើម្បី​ចូល​រួម​ហ្វឹក​ហ្វឺន​ និង​បណ្តុះ​បណ្តាល​រយៈ​ពេល​៤​ឆ្នាំ​ និង​ដើម្បី​ប្រែ​ក្លាយ​ខ្លួន​ជា​នាយ​ទាហាន ​និង​ជា​អ្នក​ដឹក​នាំ​កង​ទ័ព​នៅ​ក្នុង​ជួរ​ខ.ភ.ម​។​ ឯ.ឧ ​បាន​ថ្លែង​ថា៖ ​នេះ​ជា​មោទន​ភាព​របស់ ​ខ.ភ.ម​ ដែល​ទទួល​បាន​នូវ​គ្រាប់​ពូជ​បន្ថែម​ថ្មី​មួយ​ទៀត ​ដើម្បី​បន្ត​វេន​ខ.ភ.ម​ នា​ពេល​ខាង​មុខ​នេះ​។​ ឯ.ឧ​ ផ្តាំ​ផ្ញើរ​ដល់​ប្អូន​ៗ​សិស្ស​វគ្គ​នាយ​ទាហាន​សកម្ម ​ជំនាន់​ទី​២៣​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​គោរព​វិន័យ ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់សា​លា ​និង​គោរព​បទ​វិន័យ​ទូទៅនៃ​ខ.ភ.ម​ ឲ្យ​បាន​ម៉ឺង​ម៉ាត់​ ហើយ​ខិត​ខំ​ព្យាយាម​សិក្សា​រៀន​សូត្រ​ ទាំង​ទ្រឹស្តី​ ទាំង​ចុះ​អនុវត្ត​ជាក់​ស្តែង​ ស្រប​តាម​ពាក្យ​​ស្លោក​​ពោល​ថា​៖​ ស៊ូ​បង្ហូរ​ញឹស​លើ​ទី​លាន​ហ្វឹក​ហាត់​ ប្រសើរ​ជាង​បង្ហូរ​ឈាម​លើ​ទី​លាន​ប្រយុទ្ធ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ ក្នុង​នាម​នាយក​សាលា ​និង​យោធា​ចារ្យ​ទាំង​អស់​ ឯ.ឧ ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុ​ភាព​ បាន​សន្យា​ថា​ នឹង​ខិត​ខំ​អប់រំ​បណ្តុះ​បណ្តាល​ដល់​សិស្ស​វគ្គ​នាយ​ទាហាន​សកម្ម​ ជំនាន់​​ទី​២៣​ ឲ្យ​ក្លាយ​ជា​អ្នក​បន្ត​វេន​ដែល​មាន​ មន​សិការ​ស្នេហា​ជាតិ​ និង​ឆន្ទះ​មោះមុត​ ក្នុង​ការ​ចូល​រួម​​ចំណែក​ថែ​រក្សា​សុខ​សន្តិភាព​ ស្ថិរភាព​ និង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​ការ​ពារ​ជាតិ​ សាសនា​ ព្រះ​មហាក្សត្រ​ ការ​ពារ​ប្រជា​ជន ​ និង​រាជ​រដ្ឋា​ភិបាល​ស្រ​បច្បាប់​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ