ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រតិភូ​ នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
168
847 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រតិភូ​ នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​

    នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែ​មីនា ​ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ទទួល​ជួប​សំណេះ​សំណាល​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជា​មួយ​ គណៈ​ប្រតិភូ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ អញ្ជើញ​ចូល​រួម​បើក​វគ្គ​លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩ ​ដឹក​នាំ​ដោយ ​ឯកឧត្តម​ ឧត្ដម​សេនីយ៍​ទោ ​ហ្វេង​ ហ៊្សាង​ (Feng Xiang) នាយ​រង​សេនា​ធិការ ​កង​ទ័ព​ជើង​គោក ​តំបន់​យោធ​ភូមិ​ភាគ​ខាង​ត្បូង​ នៃ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​។​

    ក្នុង​កិច្ច​សំណេះ​សំណាល​នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់ ​​ឯកឧត្តម​ ឧត្ដម​សេនីយ៍​ ជា​ច្រើន​រូប ​ដែល​ជា​តំណាង​មក​ពី​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក,​ ជើង​ទឹក​,​ ជើង​អាកាស ​និង​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ រួម​ទាំង​នាយក​ទី​ចាត់​ការ​មួយ​ចំនួន​ចំណុះ​អគ្គ​បញ្ជាការ​ដ្ឋាន ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ​។​ សូម​ជម្រាប​ជូន​ថា​៖ ពិធី​បើក​លំហាត់ ​«នាគ​មាស​ ឆ្នាំ​២០១៩​»​ នឹង​ធ្វើ​ឡើង ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ ​២០១៩​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំ​ណែក​ពិធី​បិទ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ។​ លំហាត់​ហ្វឹក​ហ្វឺន​នាគ​មាស​ឆ្នាំ​២០១៩ ​រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទី​លាន​បាញ់​គ្រាប់​ពិត​ សាលា​ហ្វឹក​ហ្វឺន​តេ​ជោ​សែន​ ជុំ​គិរី ​ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ​ឃុំ​ត្រពាំង​រាំង ​ស្រុក​ជុំ​គិរី ​ខេត្ត​កំពត​។​

   នេះ​គឺ​ជា​លំហាត់​នាគ​មាស​លើក​ទី៣​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​ដែល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កង​យោធពល​ខេមរ​ភូមិន្ទ​ជា​មួយ​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ធ្វើ​លំហាត់​រួម​គ្នា​លើ​កិច្ច​ការ​មនុស្ស​ធម៌ ​ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ការ​ប្រឆាំង​ភេរវកម្ម ​ការ​រក្សា​សន្តិភាព ​ក្នុង​ក្រប​ខណ្ឌ​របស់​អង្គ​ការ​សហ​ប្រជាជាតិ​ក្នុង​មួយ​ឆ្នាំ​ម្តង​ៗ ​និង​គ្រប់​ប្រភេទ​ទ័ព​ស្រប​តាម​កិច្ច​សហប្រតិបត្តិការ​របស់​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​។​ លំហាត់​នេះ​ក៏​ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​គោល​ជំហរ​របស់​រាជ​រដ្ឋា​ភិបាល​ ជា​ពិសេស​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ការ​អនុវត្តន៍​នយោ​បាយ​ការ​ពារ​ជាតិ​រវាង​ខ.ភ.ម ​និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​លើ​គ្រប់​វិស័យ​ និង​គ្រប់​ជ្រុង​ជ្រោយ​ ៕​ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ