ព័ត៌មាន

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះសាកសួរសុខទុក្ខកងកំលាំងវិស្វកម្មស្ថាបនាផ្លូវតាមបណ្តោយព្រំដែន កម្ពុជា ឡាវ នៅខេត្តស្ទឹងត្រែង
នាយកដ្ឋានព័ត៌មាន(១)
457
840 សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះសាកសួរសុខទុក្ខកងកំលាំងវិស្វកម្មស្ថាបនាផ្លូវតាមបណ្តោយព្រំដែន កម្ពុជា ឡាវ នៅខេត្តស្ទឹងត្រែង

បន្ទាប់ពីបានអញ្ជើញចុះសាកសួរសុខទុក្ខ កងទ័ពដែលកំពង់ឈរជើងការពាបូរណភាពទឹកដី និង សន្តិសុខជូនប្រជាពលរដ្ឋនៅតាមបណ្តោយបន្ទាត់ព្រំដែន​ កម្ពុជា វៀតណាម ចាប់ពី ខេត្ត កំពត តាកែវ កណ្តាល ស្វាយរៀង ព្រៃវែងបន្តរហូតដល់ខេត្តមណ្ឌលគិរី រតនគិរី អស់រយៈពេល៣ថ្ងៃ រួចមកនៅថ្ងៃទី ៧ ខែមិនា ឆ្នាំ ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន ​ឡឺត រដ្ឋលេខាធិការក្រសួងការពារជាតិ,ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា  អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ​កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស  ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ សៀម អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការ​ បញ្ជាការដ្ឋាន​វិស្វកម្មអគ្គបញ្ចាការ  ព្រមទាំងនាយទាហានជាន់ខ្ពស់ ខភម នៅក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀតបានអញ្ជើញចុះសាកសួរសុខទុក្ខកងកំលាំងវិស្វកម្មអគ្គបញ្ចាការដែលកំពង់ធ្វើការស្ថាបនាផ្លូវស្ពាននៅតាមបណ្តោយព្រំដែន កម្ពុជា ឡាវ ស្ថិតនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងជាបន្តទៀត ។ ក្នុងដំណើរចុះសាកសួរសុខទុកនេះ បន្ទាប់ពីបានធ្វើដំណើរ​ដល់ការដ្ឋាន​ស្ថាបនាផ្លូវ និង ស្ពានកោះទន្សាយ សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងប្រតិភូទាំងអស់ ត្រូវបានទទួលការស្វាគមន៍ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី១និងកំលាំងវិស្វកម្មប្រចាំការនៅកោះទន្សាយជាច្រើនរូបទៀត ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ សៀម មេបញ្ជាការ​ បញ្ជាការដ្ឋាន​វិស្វកម្មអគ្គបញ្ចាការ  បានរាយការណ៍ជូន សម្តេចពិជ័យសេនា អោយបាននដឹងថា៖ ស្ពានបេតុងកោះទន្សាយដែលកំលាំងវិស្វកម្ម បានកំពុងស្ថាបនានាពេលនេះមានប្រវែង ២៤០ ម៉ែត្រ ទទឹង ១០ម៉ែត្រឆ្លងកាត់ទន្លេកុង​។បច្ចុប្បន្ននេះស្ពានកោះទន្សាយត្រូវបានកងកំលាំងវិស្វកម្មអគ្គបញ្ជាការបានកំពុងមមាញឹកក្នុងការស្ថាបនាដែលបានសាងសង់ដោយកងស្ថាបនាស្ពានថ្នល់លេខ៧១៥ដើម្បីសម្រួលដល់ការឆ្លងកាត់និងការដឹកជញ្ជូនផ្សេងៗ ពីត្រើយម្ខាង ដែលតភ្ជាប់ពីផ្លូវទីរួមស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ត្រើយម្ខាងទៀតរហូតដល់ភូមិសាស្ត្រ អូរអាល័យ អូតាង៉ាវ និងចំណុចខ្សែបន្ទាត់ព្រំដែនជួរមុខនានានៃព្រំដែនកម្ពុជា ឡាវ ដែលកាលពីមុនការឆ្លងកាត់ទៅមកតំបន់នេះ ត្រូវឆ្លងតាមទូកដរ តូចៗ ផ្ទុកបានតែសំភារៈបន្តិចបន្តួចស្រាលៗ ពេលឆ្លងម្ដងៗ ត្រូវប្រើរយៈពេលយូរ ហើយជួបការលំបាកយ៉ាងខ្លាំងនិងប្រឈម នឺងគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុថែមទៀត ។ បន្ទាប់មកសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម  ប៊ុន ​ឡឺត  ឯកឧត្តម ឥត សារ៉ាត់ ឯកឧត្តម  សៅ សុខា និង ឯកឧត្តម ខ្វាន់ សៀម ការ  ព្រមទាំងប្រតិភូអមតំណើរទាំងអស់ ក៏បានអញ្ជើញទៅពិនិត្យ មើលបង្គោលព្រំដែន លេខ ០៧៨ ដែល​បាន​បោះខណ្ឌ័ព្រំដែន រវាងប្រទេសទាំងពីរ កម្ពុជា ឡាវ ​ក្បែរទន្លេកុង ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង  ។ បន្ទាប់ពីបានត្រួតពិនិត្យបង្គោលព្រំដែន លេខ ០៧៨ រួចមក សម្ដេចពិជ័យសេនា  ទៀ បាញ់ ក៏បានអញ្ជើញទៅពិនិត្យមើលស្ពានទន្លេកុងសែនជយ័ ដែលស្ពាន នេះបាន​ស្ថាបនារួចរាល់ជាស្ថាពរ ១០០% កាលពីឆ្នាំ ២០១៨ កន្លងមកនះ ។ ស្ពានទន្លេកុងសែនជយ័ មានប្រវែង ២៦០ ​ម៉ែត្រ បានស្ថាបនាកាលពីឆ្នាំ ២០១៧ ។ ស្ពានទន្លេកុងសែនជយ័ រួមទាំងផ្លូវក្រាលគ្រោះក្រហមប្រវែង ១៣៨ គីឡូមែត្រ ចាប់ពី ដុងក្រឡ មក​ដល់​​ស្ពានទន្លេកុងសែនជយ័ ត្រូវបានស្ថាបនាដោយ កងវិស្វកម្មស្ពាន ថ្នល់ លេខ  ៧១៥​ កងវិស្វកម្មស្ថាបនាផ្លូវ លេខ ៧១៧ ​និង កងកំលាំង រាវមីនលេខ៧២ របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលបន្ទាប់ពីបានស្ថាបនា​ហើយស្ពាននេះ​បានបំរើ អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និង កងទ័ពរស់នៅក្នុងតំបន់នេះក្នុងការដឹកជញ្ជូនឆ្លងកាត់ទៅតំបន់ផ្សេងៗទៀត ។ដោយលែកទាក់ទងទៅនឹងសភាពការណ៍ទូទៅនៅតំបន់ព្រំដែនក្នុងខេត្តស្ទឹងត្រែង ឯកឧត្តម ហួត ឈាង មេបញ្ជាការរង កងទ័ពជើងគោក និង ជាមេបញ្ជាការយោធភូមិភាគទី ១ បានបញ្ជាក់អោយដឹងថា៖​ តំបន់ព្រំដែនដែលធ្លាប់មាន បញ្ហាកន្លង​មករវាង​ប្រទេសទាំងពីរ កម្ពុជា ឡាវ បច្ចុប្បន្នមានភាពស្ងប់ស្ងាត់ ហើយរាល់បញ្ហាដែលបានកើតមានឡើង ត្រូវបានដោះស្រាយ តាមរយៈ​ការ​ទូត​​រវាង ខេត្ត និង ខេត្ត ប្រទេសទាំងពីរដែលមានព្រំដែនជាប់ជាមួយគ្នា ក្នុងស្មារតីកិច្ចសហប្រតិបត្តិការ ការយោគយល់​គ្នាទៅវិញ​ទៅមក ដើម្បីនាំមកនូវសុខសន្តិភាពដល់ប្រទេសទាំងពីរ  ។ក្នុងពិធីសួរសុខទុក្ខដល់កងកម្លាំងវិស្វកម្មអគ្គបញ្ជាការនាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះអស់លោកជានាយទាហានជំនាញស្ថាបនាស្ពាន រួមនិងនាយទាហាន ពលទាហានទាំងអស់នៅក្នុងការដ្ឋានស្ថាបនាស្ពានបេតុងទាំងពីរកន្លែងដែលក្នុងរយៈពេលកន្លងមកនេះបានយកអស់សមត្ថភាព និង គ្រប់លទ្ធភាពក្នុងឆន្ទៈមុះមុតប្ដូរផ្តាច់បំផុត ព្រមទាំងបានពុះពារ គ្រប់ ឧបសគ្គ គ្រោះថ្នាក់ ការលំបាកយ៉ាងច្រើន ខិតខំប្រឹងប្រែងធ្វើការស្ថាបនា​ ស្ពានបេតុង ទាំងពីរ នៅតាមតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជា ឡាវ តាមបទបញ្ជារបស់ថ្នាក់លើរហូតដល់សម្រេចលទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈ ។ ក្នុងឱកាសនោះបន្ទាប់ពីបានជួបសំណោះសំណាលសាកសួរសុខទុក្ខកងកំលាំងវិស្វកម្មអគ្គបញ្ចាការ និងពិនិត្យមើលភូមិសាស្ត្រ​នៅកោះទន្សាយ​រួចមក សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានបន្តដំណើរចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន នៅ យោធភូមិភាគទី ១ ខេត្តស្ទឹងត្រែង ជាបន្តទៀត ។ បន្ទាប់ពីមតិស្វាគមន៍ និង របាយការណ៍សង្ខេប របស់ ឯកឧត្តម ហួត ឈាង ជាមេបញ្ជាការយោធភូមិភាគទី ១ រួចមក សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងតែគិតគូរដល់នាយទាហាន នាយទាហានរង និង ពលទាហានក៏ដូចជា កងនគរបាលជាតិ គ្រប់ទិសទីនៅទូទាំងប្រទេស ដែលកំពុងឈរជើងបំពេញភារកិច្ចការពារសន្តិសុខ ការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ៖ កងយោធពលខេមរភូមិន្ទគឺមានគោលដៅតែមួយ គឺការការពារសន្តិភាពឲ្យបានឋិតថេរគង់វង្ស ដែលយើងរកបានដោយលំបាកនេះ ។ ក្នុងន័យនេះសម្ដេចបានសង្កត់ធ្ងន់ថា៖ ដើម្បីការពារសុខសន្តិភាពអោយបានគង់វង្សតទៅថ្ងៃអនាគតយើងជាកងកម្លាំងត្រូវចូលរួមរៀបចំ សន្តិសុខសណ្ដាប់ធ្នាប់អោយបានល្អ ដោយត្រូវទប់ស្កាត់ឲ្យបាននូវរាល់បទល្មើសផ្សេងៗ​កុំអោយកើតមានឡើង ហើយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី ដែលទាំងនេះគឺជាការរួមចំណែកក្នុងការពង្រឹងសន្តិភាពរបស់យើង។ជាចុងក្រោយសម្តេចពិជ័យសេនាបានធ្វើការផ្តាំ ផ្ញើរនិងក្រើនរំលឹក ដល់ នាយទាហាន នាយទាហានរងនិងពលទាហានគ្រប់រូប ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ តួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ត្រូវមានស្មារតីឆន្ទៈមោះមត់ គោរពច្បាប់រដ្ឋ លក្ខន្តិកៈទូទៅ ក្រិតវិន័យរបស់កងទ័ព​ ជាពិសេសត្រូវគោរពអោយបាននូវអនសាសន៍ ១០ ចំនុច របស់ សម្តេចតេជា ដែលបានថ្លែងក្នុងពិធិរំលឹកខួបលើកទី២០​ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ។ ទទឹមនេះត្រូវ រក្សាគោលជំហរដាច់ខាត ការពារបូរណភាពទឹកដី ការពារជាតិ សាសនា​ ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត និង  ត្រូវប្រឆាំងនូវការប៉ុនប៉ងធ្វើបដិវត្តព័ណណាមួយនៅកម្ពុជា ទោះក្នុងរូបភាពណាក៏ដោយ ត្រូវការពារ ឲ្យខាងតែ បានដើម្បីនាំមកនូវសន្តិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ