ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំ​ដែន ​​នៅ​​ទិស​យោធ​ភូម​ភាគ​ទី​៣ និង​យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
451
831 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​ឈរ​ជើង​ការ​ពារ​ព្រំ​ដែន ​​នៅ​​ទិស​យោធ​ភូម​ភាគ​ទី​៣ និង​យោធ​ភូមិ​ភាគ​ពិសេស​

    នៅ​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​មីនា​ ឆ្នាំ​២០១៩​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹ​កនាំ​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​នគរ​បាល​ជាតិ ​និង​ចុះ​ត្រួត​ពិនិត្យ​មើល​ការ​វិវត្តន៍​រីក​ចំរើន​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀត​ណាម​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត, ​តាកែវ​ និង​ខេត្ត​កណ្តាល​ ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី​៣ ​និង​យោធ​ភូមិ​ភាគ​ពិសេស​។​ អញ្ជើញ​អម​ដំណើរ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក្នុង​ឱកាស​នោះ​មាន​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ប៊ុន ​​ឡឺត ​និង​ឯក​ឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ភួង ​ស៊ី​ផាន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​,​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត ​សា​រ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ព្រម​ទាំង​​នាយ​ទាហាន​ជាន់​ខ្ពស់​​ខ.ភ.ម​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ជា​ច្រើន​រូប​ទៀត​។ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ៣០១ នៅច្រកទ្វារព្រំដែន តន់ហន់ ខេត្តកំពត

    ក្នុង​ឱកាស​ចុះ​ពិនិត្យ​សាក​សួរ​សុខ​ទុក្ខ​ និង​ចុះ​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​ភូម​សាស្ត្រ ការ​វិវត្តន៍​រីក​ចំរើន​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម ​នា​ពេល​នោះ ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ច្រក​ទ្វារ​ព្រំ​ដែន​ តន់​ហន់​ ជា​ច្រក​ទ្វេ​ភាគី​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ៣០១ ​និង​បាន​ពិនិត្យ​ការ​ធ្វើ​ផ្លូវ​របស់​កង​វិស្វកម្ម​ អគ្គ​បញ្ជាការ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កំពុង​ធ្វើ​ផ្លូវ​នៅ​ទី​នោះ​ផង​ដែរ​។
 ​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ៣១៤ ​ និងលេខ៣១៣ ដែល​ជា​បង្គោល​ព្រំ​ដែន​គោក​ជាមួយ​ប្រទេស​វៀត​ណាម​ ចុង​ខាង​ត្បូង​បង្អស់​ និង​ជា​ចំណុច​គោល​ នៃ​ព្រំ​ដែន​ទឹក​ស្ថិត​នៅ​ច្រក​ទ្វារ​ព្រែក​ចាក ខេត្តកំពត

  បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​៣០១​ រួច​មក​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ទាំង​អស់​ ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ​បង្គោល​ព្រំ​ដែន​លេខ​៣១៤ ​ដែល​ជា​បង្គោល​ព្រំ​ដែន​គោក​ជាមួយ​ប្រទេស​វៀត​ណាម​ ចុង​ខាង​ត្បូង​បង្អស់​ និង​ជា​ចំណុច​គោល​ នៃ​ព្រំ​ដែន​ទឹក​ស្ថិត​នៅ​ច្រក​ទ្វារ​ព្រែក​ចាក​ ក្នុង​ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ​ព្រម​ទាំង​បាន​អញ្ជើញ​ចុះ​ពិនិត្យ​បង្គោល​លេខ​៣១៣ ​ ឋិត​នៅ​ច្រក​ទ្វារ​ព្រែក​ចាក​ ព្រំ​ដែន​កម្ពុជា​-​វៀត​ណាម​។សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​លេខ​២​ កង​ការ​ពារ​ព្រំ​ដែន​គោក ​របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ខេត្ត​កំពត

   សម្តេច​ពិជ័យ​សេ​នា ​ទៀ ​បាញ់ ​ក៏​បាន​បន្ដ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ទូ​ទៅ​នៅ​តាម​បណ្តោយ​ព្រំ​ដែន ​កម្ពុជា​-​វៀត​ណាម ​ស្ថិត​នៅ​មាត់​ច្រក​ទ្វារ​ព្រែក​ចាក ​ដែល​មាន​ការ​វិវត្តន៍​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​សកម្មភាព​ផ្លាស់​ប្ដូរ​ទំ​និញ ​រវាង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​។​ បន្ទាប់​ពី​បាន​​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៣១៣ ​និង​៣១៤​ នៅ​ច្រក​ទ្វារ​ព្រែក​ចាក​រួច​មក​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​លេខ​២​ កង​ការ​ពារ​ព្រំ​ដែន​គោក ​របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ ខេត្ត​កំពត ​បន្ត​ទៀត​។​​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ វរសេនា​តូច​លេខ​២​ ខេត្ត​កំពត ​ និង​កង​នគរ​បាល​ជា​តិ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ ​សម្តេច​តេ​ជោ ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន ​ដែល​សម្តេច​ទាំង​ពីរ ​តែង​តែ​គិត​គូរ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ក៏​ដូច​ជា​ កង​នគរ​បាល​ជាតិ ​គ្រប់​ទិស​ទី​នៅ​ទូ​ទាំង​ប្រទេស​ ដែល​កំពុង​ឈរ​ជើង​បំពេញ​ភារកិច្ច​ការ​ពារ​សន្តិ​សុខ ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា​៖​ កង​ការ​ពារ​ព្រំ​ដែន​ គឺ​មាន​ភារ​កិច្ច​សំខាន់​ណាស់​ដែល​បាន​ធ្វើ​ឲ្យ​តំបន់​ព្រំ​ដែន​ក្លាយ​ជា​តំបន់​សន្តិភាព​ កិច្ច​សហប្រតិបត្តិការ​ និង​កា​រអភិវឌ្ឍន៍​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន​ វរសេនា​តូច​លេខ​២ ​ក៏​ដូច​ជា​កង​នគរ​បាល​ជាតិ ​ត្រូវ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ក្នុង​ការ​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​ ពិសេស​ទប់​ស្កាត់​​នូវ​អ្វី​ដែល​រារាំង​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​ខ្មែ​រ ឆ្នាំ​កុរ ​ឯក​ស័ក​ ព.ស​២៥៦៣​ ដែល​នឹង​ឈាន​ចូល​​មក​​ដល់​​នៅ​ពេល​ខាង​មុខ​នេះ​ ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​ការ​ពារ​ព្រំ​ដែន​គោក​ទាំង​អស់​ សូម​ឲ្យ​ជួប​ប្រទះ​តែ​នឹង​សេចក្តី​សុខ ​សេចក្តី​ចំរើន ​និង​បំពេញ​ភារ​កិច្ច​ទទួល​បាន​ជោគ​ជ័យ​។​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ២៧៥ នៅច្រកទ្វារព្រំដែនភ្នំដិន ខេត្តតាកែវ

   បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​ស្ថាន​ភាព​នៅ​តាម​ព្រំ​ដែន​នៅ​ក្នុង​ខេត្ត​កំពត​រួច​មក​ សម្តេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ព្រម​ទាំង​ប្រតិភូ​អម​ដំណើរ​ទាំង​អស់​ ក៏​បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​វរសេនា​តូច​លេខ​១​តំបន់​ប្រតិបត្តិការ​សឹក​រ​ង​តា​កែវ​ និង​ទៅ​ពិនិត្យ​មើល​ច្រក​ទ្វារ​ព្រំ​ដែន​ភ្នំ​ដិន ​បង្គោល​ព្រំ​ដែន​លេខ​២៧៥​ផង​ដែរ​។​ បន្ទាប់​ពី​ពិនិត្យ​ច្រក​ទ្វារ​ភ្នំ​ដិន​ បង្គោល​ព្រំ​ដែន​លេខ​ ២៧៥​ និង​ពិនិត្យ​ស្ថាន​ភាព​ភូម​សាស្ត្រ​ច្រក​ទ្វារ​ព្រំ​ដែន​ ដែល​ជា​ច្រក​ទ្វា​ផ្លាស់​ប្ដូរ​សេដ្ឋ​កិច្ច​ដ៏​សកម្ម​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​វៀត​ណាម​ ក្នុង​ពេល​បច្ចុប្បន្ន​រួច​មក​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏​បាន​អញ្ជើញ​ទៅ​ជួប​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទា​ហាន​ នៅ​ក្នុង​វរសេនា​តូច​លេខ​​១​ របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​តា​កែវ​ បន្ត​ទៀត​។ សូម​បញ្ជាក់​ថា៖​ តំបន់​ប្រតិបត្តិ​ការ​សឹង​រង​ខេត្ត​តា​កែវ​រួម​ដែល​មាន ​កង​កម្លាំង​វរៈ​ការ​ពារ​ព្រំ​ដែន​ និង​កង​នគរ​បាល​ជាតិ​ បាន​ទទួល​ភារកិច្ច​ការ​ពារ​ព្រំ​ដែន​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​តា​កែវ​ ចាប់​ពី​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល ​រហូត​ដល់​ ស្រុក​បន្ទាយ​មាស​ខេត្ត​កំពត​ ដែល​មាន​បង្គោល​ព្រំ​ដែន​ចំនួន​៤៦​បង្គោល ​ក្នុង​នោះ​មាន​ស្រុក​ចំនួន​៤ ​របស់​ខេត្ត​តា​កែវ ​ដែល​មាន​ភូមិ​សាស្ត្រជាប់​​ខេត្ត​អាង​យ៉ាង​ និង​ខេត្ត​​គៀង​យ៉ាង​ ប្រទេស​វៀត​ណាម​។ ក្នុង​ពិ​ធី​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង ​ពល​ទាហាន​ វរសេនា​តូច​លេខ​​១ ​របស់​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​តា​កែវ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា ​បាន​មាន​ប្រសាសន៍​ថា​៖​ ព្រំដែន​គោក​គឺ​ជា​ព្រំ​ដែន​មិត្ត​ភាព​ សន្តិ​ភាព ​និង​ការ​អភិវឌ្ឍ​រវាង​ប្រទេស​ទាំង​ពីរ​។​ សម្ដេច​បាន​បញ្ជាក់​ថា៖​ តួនាទី​របស់​កង​ការ​ពារ​ព្រំ​ដែន​គោក​ គឺ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​សន្តិ​សុខ ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព ​និង ​សន្តិ​ភាព​ ឱ្យ​បាន​ល្អ​​​ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​ទប់​ស្កាត់​អោយ​បាន​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​។ សម្ដេច​ពិជ័យ​សេនា ​បាន​លើក​ឡើង​ពី​ការ​ខិត​ខំ ​របស់​រាជ​រដ្ឋាភិបាល​ ក្រោម​ការ​ដឹក​នាំ​របស់ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន  ​សែន​  ដែល​បាន​ខិត​ខំ​ដឹក​នាំ​កសាង​ប្រទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចម្រើន​ បាន​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ធូរ​ធារ​ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់ មានមតិផ្តាំផ្ញើ និងសាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ព្រម​ទាំង​កង​នគរ​បាល​ជាតិ ​នៅ​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១ ​របស់​យោធ​ភូមិ​ភាគ​ពិសេស ​ដែល​ឈរ​ជើង​នៅ ​ជ្រៃ​ធំ ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល

  ​ ក្នុង​ឱកាស​នោះ ​បន្ទាប់​ពី​បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ វរសេនា​តូច​លេខ​១​ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​តា​កែវ​ រួច​មក​ សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់ ​ព្រម​ទាំង​ប្រតិភូ​ទាំង​អស់​ ក៏​បាន​បន្ត​ដំណើរ​ចុះ​សាក​សួរ​សុខ​ទុក្ខ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ព្រម​ទាំង​កង​នគរ​បាល​ជាតិ ​នៅ​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១ ​របស់​យោធ​ភូមិ​ភាគ​ពិសេស ​ដែល​ឈរ​ជើង​នៅ ​ជ្រៃ​ធំ ​ក្នុង​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ជា​បន្ត​ទៀត។​ នៅ​ក្នុង​របាយ​ការណ៍​របស់​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១​ លោក​វរ​សេនីយ៍​ឯក​ លន់​ លុច ​មេ​បញ្ជាការ ​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១​ យោធ​ភូមិ​ភាគ​ពិសេស ​ដែល​មាន​ភារ​កិច្ច​ឈរ​ជើង​ការ​ពារ​ព្រំ​ដែន​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កណ្តាល​ មាន​ស្រុក​ កោះធំ​ និង​ស្រុក​លើក​ដែក​ ជាប់​ព្រំ​ប្រទល់ ​ខេត្ត​អាង​យ៉ាង​ ប្រទេស​វៀត​ណាម ​បាន​បញ្ជាក់​អោយ​ដឹង​ថា៖​ អង្គ​ភាព​បាន​ទទួល​ខុស​ត្រូវ​ក្នុង​កិច្ច​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ចម្ងាយ​ប្រមាណ​២៩ ​គីឡូ​ម៉ែត្រ​៧៧៥ម៉ែត្រ, ដែល​មាន​បង្គោល​ព្រំ​ដែន​ចំនួន​១២​បង្គោល​។​ លោក​វរសេនីយ៍​ឯក​ បាន​អោយ​ដឹង​ទៀត​ថា​៖​ ក្រៅ​ពី​ការ​អនុវត្តិ​ភារ​កិច្ច​ជំនាញ ​ក្នុង​ការ​ល្បាត ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​កង​ទ័ព​ប្រទេស​ជា​មិត្ត​  កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១​ របស់​យោធ​ភូមិ​ភាគ​ពិសេស ​នៅ​បាន​យក​ចិត្ត​ទុក​ដាក់​ហ្វឹក​ហ្វឺន​រៀន​សូត្រ​  កសាង​អង្គភាព​ និង​បាន​ត្រៀម​លក្ខណៈ​ចុះ​ជួយ​សង្គ្រោះ​ប្រជា​ពល​រដ្ឋ​ ចេញ​ពី​គ្រោះ​អន្ត​រាយ​ផ្សេង​ៗ​ថែម​ទៀត​។  មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ ​នាយ​ទាហាន​ នាយ​ទាហាន​រង​​ និង​ពល​ទាហាន​ នៅ​កង​ការ​ពារ​ព្រំ​ដែន​លេខ​​៦០១​ យោធ​ភូម​ភាគ​ពិសេស ​នា​ពេល​នោះ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖​ កង​ការ​ពារ​ព្រំ​ដែន​ដែល​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​ប្រទេស​ជិត​ខាង​ទាំង​អស់​គឺ​ មា​ន​គោល​ដៅតែ​​មួយ​ក្នុង​កិច្ច​ការ​ពង្រឹង ​សន្តិសុខ ​សណ្តាប់​ធ្នាប់​ ​ឲ្យ​បាន​ល្អ​ ដោយ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ការ​ពារ​ និង​ទប់​ស្កាត់​បទ​ល្មើស​ផ្សេង​ៗ​ ដើម្បី​នាំ​មក​នូវ​ការ​ងាយ​ស្រួល​ដល់​ការ​ចេញ​ចូល​ប្រកប​ របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​​។​ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ថា៖​ ដើម្បី​សម្រេច​ភារ​កិច្ច​ខាង​លើនេះ​ ត្រូវ​ចូល​រួម​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី ​ និង​កំលាំង​មាន​សមត្ថ​កិច្ច​ផ្សេង​ៗ​ ​ដើម្បី​ធ្វើ​យ៉ាង​ណាទ​ប់​ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទ​ល្មើស​ផ្សេង​ៗ​ដែល​កើត​មាន​ឡើង​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំង​ពីរ​។​ សម្តេច​ពិជ័យ​សេនា ​បាន​សំណូម​ពរ​ដល់​ នាយ​ទាហាន ​ពល​ទា​ហាន ​ទាំង​អស់​ត្រូវ​ចូល​រួម​ពង្រឹង​សន្តិ​សុខ ​និង​ការ​ពារ​សន្តិភាព​អោយ​បាន​គង់​វង្ស​ ដែល​យើង​ខិត​ខំ​រក​បាន​មក​ដល់​ថ្ងៃ​នេះ​។​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ត្រូវ​ការ​ពារ​អោយ​បាន​នូវ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​និង​ប្រឆាំង​ទប់​ស្កាត់​ នូវ​បដិវត្ត​ពណ៌​គ្រប់​រូប​ភាព​ ​កុំ​អោយ​កើត​មាន​ឡើង​ជា​ដាច់​ខាត​។​ ជា​ចុង​ក្រោយ​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​ក្រើន​រំលឹក​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង ​ទាំង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​អនុសាសន៍​ទាំង​១០​ចំ​ណុច​របស់ ​សម្ដេច​តេជោ ​ហ៊ុន ​សែន​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​២០​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​។ ក្នុង​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយ​ចំនួន​ដល់​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១ ​និង​បណ្តា​កង​ឯក​ភាព​ដែល​ឈរ​ជើង​នៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល​ ផង​ដែរ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ