កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត យឿន សុខុន មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាកាយោធភូមិភាគទី៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង និងប្រធានមន្ទីរជុំវិញខេត្ត និងនាយទាហាន នាយទាហានរងជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើមក្នុងឱកាសនោះបន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សុវត្តទុម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង ឡើងអានរបាយការណ៍ ស្វាគមន៍ជូនគណៈធិបតី និងអង្គពិធីទាំងមូលរួចមក លោកវរសេនីយ៍ឯក អ៊ុន ច័ន្ទមុណី នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង ឡើងអានរបាយការណ៍ បូកសរុបការងារយោធាប្រចាំឆ្នាំ២០១៨ ដោយបានលើកឡើងពីលទ្ធផលការងារដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង សំរេចបានក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខជូនប្រជាពលរដ្ឋ និងកសាងអង្គភាព។
បន្ទាប់មក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករង កោះកុង អានរបាយការណ៍ ផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធាឆ្នាំ២០១៩ ជូនអង្គពិធីផងដែល។បន្ទាប់មកទៀត លោកវរសេនីយ៍ទោ ងួន ធឿន នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងកោះកុង ឡើងអានរបាយការណ៍ បូកសរុបការងារប្រឡងប្រណាំងឆ្នាំ២០១៨ និងផ្សព្វផ្សាយការងារប្រឡងប្រណាំងឆ្នាំ២០១៩ និងបន្ទាប់ពី លោកវរសេនីយ៍ឯក អ៊ុង វ៉ារីជាតិ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកោះកុង អានសេចក្ដីសម្រេច ស្តីការបំពាក់គឿងឥស្សរិយ៍យស ជូនប័ណ្ណសរសើរ និងលិខិតសរសើរ ដល់កងឯកភាព និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងការងារប្រឡងប្រណាំង រួចមក លោកជំទាវ មិថុនា ភូថង អភិបាលបានឡើងមានមតិចូលរួមសំណេះសំណាល ដល់នាយទាហាន នាយទាហានរង ជាពិសេស នាយទាហាន នាយទាហានរង ជានារីត្រូវយកចិត្តទុកដាក់លើការងារយ៉ែនឌ័រ ដែលជាធនធានរួមចំណែកក្នុងការងារសង្គមដ៏សំខាន់ និងបាននាំយកអំណោយមួយចំនួនជូនដល់យោធិនជានារីចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចាប់ មី១កេស និងថវិកាចំនួន៥០.០០០៛ ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៨ ទិវានារីអន្ដរជាតិ៨មីនា នាថ្ងៃខាងមុខផងដែរ។
ជាចុងក្រោយ ឯកឧត្តម បណ្ឌិត យឿនសុខុន បានមានមតិសំណេះសំណាល ពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ ដល់នាយទាហាន នាយទាហានរង ក្នុងកងយោធពលខេមរភូមិន្ទ ជាពិសេស នាយទាហាន នាយទាហានរង ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនទិសកោះកុង។ ឯកឧត្តម បណ្ឌិត យឿនសុខុន បានក្រើនរំលឹក ដល់នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវចូលរួមការពារសុខសន្ដិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបន្ដរក្សាសុខសន្ដិភាពតាមបន្ទាត់ព្រំដែន បន្ដពង្រឹងឃឿនការងារជាតិអោយបានរឹងមាំ ចូលរួមចលនា ភូមិ ឃុំមានសុវត្ថភាព (ជៀសអោយផុតពីគឿងញៀន និងចូលរួមការអភិវឌ្ឈន៍ប្រទេសជាតិអោយមានការរីកចំរើន។ ជាចុងបញ្ចាប់ឯកឧត្តមបានបំពាក់ នូវគឿងឥស្សរិយ៍យសជូនដល់ នាយទាហាន ចំនួន៣៧នាក់ ប្រគល់ និងប័ណ្ណសរសើរ លិខិតសរសើរ ចំនួន៣៣សន្លឹក ក្នុងនោះផងដែល ឯកឧត្តម បានផ្ដល់នូវថវិកា ចំនួន ២.០០០.០០០៛ និងគ្រឿងឧបភោគ បរិភោគ សំភារៈប្រើប្រាស់មួយចំនួនធំទៀត ៕