ព័ត៌មាន

CAMSOC​ បើក​កិច្ច​ប្រជុំ​លើក​ទី​២​ ទទួល​បាន​ផ្លែ​ផ្កា​៤​ចំណុច​
នាយកដ្ឋានព័ត៌មាន(៣)
412
822 CAMSOC​ បើក​កិច្ច​ប្រជុំ​លើក​ទី​២​ ទទួល​បាន​ផ្លែ​ផ្កា​៤​ចំណុច​

    គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ លើក​ទី​៣២ ​ឆ្នាំ​២០២៣​(​​CAMSOC)​ នៅ​ល្ងាច​​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​នេះ ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​២ ​របស់​ខ្លួន​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ដ្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន ​CAM​SOC​ នៅ​វិមាន​មិត្ត​ភាព ​នៃ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្ដ្រី​ ដោយ​បាន​សម្រេច​ជា​ផ្លែ​ផ្កា​ចំនួន​៤​ចំណុច​ទៀត​ផង​។ កិច្ច​ប្រជុំ​នេះ​ មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់ CAMSOC ​ក្នុង​នោះ​ក៏​​មាន​វត្ត​មាន​លោក​ បណ្ឌិត ​ថោង ​ខុន ​រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​(NOCC) ​ដែល​ជា​អនុ​ប្រធាន​អចិ​ន្ដ្រៃយ៍​ ក៏​ដូច​ជា ​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខា​ធិការ​ NOCC ​និង​ជា​អគ្គលេខា​ធិការ​របស់ ​CAM​SOC​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​នេះ ​ដើម្បី​ពិភាក្សា​អំពី​លទ្ធផល ​និង​ផែន​ការ​ការ​ងារ​បន្ទាប់​របស់​ខ្លួន ​ក្រោយ​បង្កើត​ជា​រូប​រាង ​កាល​ពី​ចុង​ឆ្នាំ​២០១៧។

    លោក វ៉ា​ត់ ​ចំរើន ​បាន​បញ្ជាក់​ថា ​«​ក្រោម​ការ​ដឹក​នាំ​របស់​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​កិច្ច​ប្រជុំ​នេះ ​បាន​ទទួល​លទ្ធផល​ទី១​៖​ កំណត់​ហេតុ​ច្បាស់​លាស់​មួយ ​សម្រាប់​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​។ ទី២​៖​ បន្ដ​រៀបចំ​គម្រោង​ថវិការ​ជា​មួយ​ក្រសួង​អប់រំ ​សម្រាប់​ទ្រ​ទ្រង់​ការ​រៀប​ចំ​ផែន​ការ​ និង​ការ​អនុវត្ត​ការ​ងារ​ផ្សេងៗ​។ ទី៣៖ ​សម្ដេច​បាន​ពន្លឿន​ការ​បើក​អគ្គលេខា​ធិការ​ដ្ឋាន ​CAM​SOC​ ដើម្បី​ធានា​ប្រសិទ្ធភាព​អនុវត្ត​សកម្មភាព​របស់​ខ្លួន ​និង​ទី​៤៖​ សម្ដេច​បាន​សម្រេច​ក្នុង​អង្គ​ប្រជុំ ​ស្ដី​ពី​បទ​បញ្ជា ​និង​របៀប​ធ្វើការ​ ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន​ ដោយ​សម្រេច​ឲ្យ​រៀប​ចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ ដើម្បី​ចុះ​ហត្ថ​លេខា​ទៀត​ផង​»​។

   ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បាន​សម្ដែង​ការ​អរគុណ ចំ​ពោះ​ស្មារតី​អង្គ​ប្រជុំ ​ដែល​ឈរ​លើ​គោល​ដៅ​តែ​មួយ​ ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ដំបូង ​នៅ​ប្រទេស​កម្ពុជា​។ សម្ដេច​មាន​ប្រសាសន៍​ថា​៖ ឆ្លង​កាត់​កិច្ច​ប្រជុំ​នេះ ​ក្រៅ​ពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ក៏​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ ដែល​ថ្នាក់​ដឹក​នាំ ​និង​គណៈ​កម្មការ​ជំនាញ ​ត្រូវ​ខិត​ខំ​ពង្រឹង​បន្ថែម​ដែរ ​ពិសេស​គឺ​គម្រោង​បញ្ជូន​កី​ឡាករ​ និង​កីឡាកា​រិនី​ទៅ​ហ្វឹក​ហាត់​នៅ​ក្រៅ​ប្រទេស​ ត្រូវ​រៀប​ចំ​ការ​ងារ​នេះ​ឲ្យ​បាន​ល្អ​បំផុត ​ដើម្បី​ធានា​ការ​ប្រកួត​ប្រជែង​ ក្នុង​នាម​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣ ​ទទួល​បាន​លទ្ធផល​កាន់​តែ​ល្អ​ប្រសើរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ