ព័ត៌មាន

ប្រមុខកម្លាំងមួកខៀវកម្ពុជាស្នើសុំភាគីចិនផ្តល់ជំនួយសម្ភារបោសសម្អាតមីននិងវិស្វកម្មដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ
នាយកដ្ឋានព័ត៌មាន(១)
447
820 ប្រមុខកម្លាំងមួកខៀវកម្ពុជាស្នើសុំភាគីចិនផ្តល់ជំនួយសម្ភារបោសសម្អាតមីននិងវិស្វកម្មដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ

ប្រមុខកងកម្លាំងមួកខៀវកម្ពុជាក្នុងបេសកកម្មអង្គការសហប្រជាជាតិបានស្នើសុំទៅភាគីក្រសួងការពារជាតិចិនសូមផ្តល់ជំនួយជាសម្ភារៈជាជំនួយឥតសំណងមកដល់កងវិស្វកម្មកងបោសសម្អាតមីននិងបន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្លាំងមួកខៀវកម្ពុជា។ក្នុងជំនួបទេ្វរភាគីរវាងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជានិងចិននៅល្ងាចថ្ងៃទី២៦​ ខែកុម្ភៈនេះនៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងម្លាំងមួក​​​​ខៀវក្នុងបេសកកម្មនិងជាអគ្គនាយកនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​បានថ្លែងថា“ការដែលកម្ពុជាស្នើសុំអោយភាគីចិនផ្តល់ជំនួយជាសម្ភារនេះដោយសារកងកម្លាំងមួកខៀវកម្ពុជាក្នុងបេសកកម្មអង្គការសហប្រជាជាតិ​មិនទាន់មានសម្ភារទំនើបៗគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការ។ដូច្នេះអង្គការសហប្រជាជាតិតម្រូវអោយមានសម្ភារទំនើបៗផងដែរ​ដើម្បីសុវត្ថិភាពនៅពេលបំពេញការងារ”។ឯកឧត្តម​ អគ្គនាយកមជ្ឈមណ្ឌលជាតិបានអោយដឹងទៀតថា“កម្ពុជាដាក់សំណើសុំទៅភាគីចិនជាជំនួយឥតសំណងសំរាប់បំពាក់បន្ថែមដល់កងវិស្វកម្មសំណង់បញ្ឈរ​សំណង់ផ្តេកកងបោសសម្អាតមីនកងកម្ទេចគ្រាប់មិនទាន់ផ្ទុះ​និងស្នើទៅភាគីចិនបន្តជួយបណ្តុះបណ្តាធនធានមនុស្សនៅក្នុងប្រទេសលើជំនាញបច្ចេកទេសបោសសម្អាតមីនវិស្វកម្មសំណង់ស៊ីវិលយន្តសាស្ត្រនិងបញ្ជូននាយទាហានទៅសិក្សានៅប្រទេសចិនលើជំនាញមីន​ជំនាញកម្ទេចគ្រាប់សង្កេតការណ៍ និងនាយទាហានសេនាធិការតាមនិយាមអង្គការសហប្រជាជាតិនិងស្នើសុំបន្តនិងបង្កើនកិច្ចសហការគាំទ្រតាមរយៈមន្ទីរពេទ្យកម្រិត២ចិនក្នុងប្រទេសចុះបេសកកម្មអង្គការសហប្រជាជាតិជាមួយគ្នា។ក្រៅសំណើរខាងលើនេះឯកឧត្តម សែម សុវណ្ណនី ក៏បានសុំទៅភាគីចិនធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំដើម្បីផ្លាស់ប្តូបទពិសោធន៍គ្នាទៅវិញទៅមករវាងចិននិងកម្ពុជាផងដែរ​ជាពិសេសថ្នាក់ដឹកនាំនៃកងកម្លាំងរក្សាសន្តិភាព។លោក វរសេនីយ៍ឯកពិសេស Qu Zhe នាយករងមជ្ឈមណ្ឌលរក្សាសន្តិភាពនៃក្រសួងការពារជាតិចិន បានឆ្លើយតបភ្លាមៗទៅប្រមុខកងកម្លាំងមួកខៀវកម្ពុជាផងដែរថា​នឹងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិចិនដើម្បីផ្តល់ជំនួយតាមសំណើរនេះ”។លោកបន្តថាជាការពិតប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ចិន-កម្ពុជា​គឺមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាង​ខ្លាំងក្នុងរយះពេល៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​គឺប្រទេសបានផ្តល់ជំនួយឥតសំណងជាច្រើនមកដល់កម្ពុជាជាពិសេសខាងវិស័យការពារជាតិ។ទាក់ទិនទៅនឹងការបណ្តុះបណ្តាល លោក Qu Zhe បានអោយដឹងថាក្រសួងការពារជាតិចិន បានបណ្តុះបណ្តាលជំនាញបោសសម្អាតមីន ចំនួន២វគ្គដល់សិក្ខាកាមកម្លាំងមួកខៀវកម្ពុជា​មានចំនួន១០២នាក់ និងបណ្តុះបណ្តាលនៅប្រទេសចិនមានចំនួន១៣៩នាក់​ផងដែរ។​លោកបន្តថាក្នុងវគ្គបណ្តុះបណ្តាលនោះភាគីចិនក៏បានផ្តល់សម្ភារ​គ្រឿងបំពាក់ដល់សិក្ខាកាមផងដែរ។គួរបញ្ជាក់ផងដែរថា​ប្រទេសចិនកំពុងចូលរួមបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសចំនួន៣ រួមមានសាធារណរដ្ឋម៉ាលី ស៊ូដង់ខាងត្បូង និងសាធារណរដ្ឋលីបង់។ដោយឡែកប្រទេសកម្ពុជាមានកងកម្លាំងមួកខៀវចំនួនជាង៨០០នាក់កំពុងបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសចំនួន៥ មាន ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្តាលនិងលីបង់លើជំនាញវិស្វកម្ម បោសសម្អាតមីនកម្ទេចគ្រាប់មិនទាន់ផ្ទុះ​កងអាវុធហត្ថនិងកងពេទ្យ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ