ព័ត៌មាន

ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោក នៅសាធារណរដ្ឋប្រជាមានិតចិន
នាយកដ្ឋានព័ត៌មាន(១)
437
817 ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូមេបញ្ជាការកងទ័ពជើងគោក នៅសាធារណរដ្ឋប្រជាមានិតចិន

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបំពេញដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយ:ពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។ក្នុងឱកាសនោះបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO)មេបញ្ជាការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកព្រមទាំងគណៈប្រតិភូបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ស៊ី គីលៀង(XI QI LIANG)អនុប្រធានគណ:កម្មាធិការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន នៅរដ្ឋធានីប៉េកាំង។ឯកឧត្តម ស៊ី គីលៀង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោកដែលបានមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ឯកឧត្តមបានលើកឡើងថាទំនាក់ទំនងប្រទេសកម្ពុជានិងចិនបានឈានដល់កម្រិតកំពូលហើយដែលមានរយៈពេលយូរលង់ណាស់មកហើយ។ឯកឧត្តម បានបន្តថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ មិនអាចមានប្រទេសណាមកបំបែកបំបាក់បានឡើយ។ កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់កងយោធពលខេមរភូមិន្ទទាំងការកសាងធនធានមនុស្សនិងសម្ភារៈ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ី គីលៀង អនុប្រធានគណ:កម្មាធិការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។ ឯឧត្តម បានបន្តថា ជំនួបនៃប្រទេសទាំងពីរកម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។មេបញ្ជាការកងទ័ពជើងគោកកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកងទ័ពនិងប្រជាជនចិន ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រនិងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ សំដៅធ្វើយ៉ាងណាអនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ