លោកជំទាវ ដាំ ដារីនី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយ ឃុំរកា.ព.ប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងារចុះជួយស្រុកត្បូងឃ្មុំ បានឧបត្ថមថវិកាចំនួន ២០០០ដុល្លា ប្រគល់ជូនសាលាបឋមសិក្សាប្រផាត់ សម្រាប់ធ្វើរបង និងថវិកាចំនួន១លានរៀល ឧបត្ថម្ភប្រជាការពារភូមិវាលវង់។
ក្នុងកិច្ចសំណេះសំណាល លោកជំទាវប្រធានក្រុមការងារ បានពាំនាំនូវការសាកសួរសុខទុក្ខនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ អ៊ុ ពូ មីង បងប្អូន។ លោកជំទាវលើកឡើងអំពីថវិកានេះ បានបំពេញបន្ថែមនូវការកសាងសមិទ្ធផល ជាតម្រូវការចាំបាច់ តបតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ។ ការអប់រំគឺមានសារៈសំខាន់ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ធនធានបន្តវេននៅពេលអនាគត។ លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្ថាយទី២ របស់សិស្ស ក្នុងការបង្ហាត់ បង្ហាញផ្លូវ តម្រង់ទិសសិស្សឆ្ពោះទៅរកជោគជ័យជីវិត។ លោកជំទាវប្រធានក្រុមការងារបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ក្នុងឃុំដែលមានសមាជិកគ្រួសារទៅធ្វើការជាកម្មករ កម្មការិនី និងការងារដ៏ទៃទៀត សូមណែនាំធ្វើយ៉ាងណាកុំអោយជឿលើការញុះញ៉ង់ បោកប្រាស់ ប្រាស់ចាកពីអ្វីដែលយើងទទួលបានដូចសព្វថ្ងៃ ដោយសាបាតដៃខ្មែរ បានរំដោះប្រទេសពីសង្រ្គាមសុីវិល ដែលត្រូវបំផ្លាញខ្ទេចខ្ទី កុំថាសាលារៀន គឺគ្មានអ្វីៗទាំងអស់។ ប្រសិនបើមានការងារធ្វើប្រសិនបើមានប្រាក់ចំណូលកុំខ្វល់ពីនណានិយាយពីអ្វី ត្រូវខិតខំធ្វើយ៉ាងណាប្រកបមុខរបរចិញ្ចឹមជីវិត លើកកម្ពស់ជីវភាពរស់នៅ ថែររក្សាសុខភាព អោយបានល្អចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងចូលរួមគ្រប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។
កិច្ចបន្តលោកជំទាវ ក៏អញ្ជើញសំណេះសំណាលជាមួយលោកតា លោកយាយ ក្នុងថ្ងៃមាឃបូជា និងប្រគេនថវិកាសម្រាប់វត្តតាពេញ៥លានរៀល ក្នុងការកសាងកុដិ និងនៅវត្តជាំម្លូ ២លាន សម្រាប់ជួយកសាងរបងវត្ត។ ដើម្បីដឹងនូវទុក្ខលំបាកប្រជាជនក្នុងដែលបានត្អូញត្អែ ចំពោះស្ពានឈើមួយកន្លែងដែលបានកសាងតាំងពីយូយារណាស់មកហើយ ហើយមានសភាពចាស់ទ្រុឌទ្រោម សូម្បីតែធ្វើដំណើរថ្មើរជើង ក៏ជួបការលំបាក ក្នុងការឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត។ ក្នុងឱកាសនោះលោកជំទាវក៏បានអញ្ជើញចុះទៅពិនិត្យផ្ទាល់ គឺឃើញថាមានការពិបាកមែន លោកជំទាវក៏បានសន្យានឹងធ្វើរបាយការណ៏ជូនដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីសុំជាយោបល់ក្នុងការសាងសង់ ៕