ព័ត៌មាន

ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤
នាយកដ្ឋានព័ត៌មាន(១)
449
784 រូភាពឯកឧត្តម ហ៊ីង ប៊ុនហៀង ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន ណារិន មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជានាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា-ឥណ្ឌូនេស៊ីក្រាំងចេក បានឲ្យដឹងថាៈ វគ្គជំនាញអង្គរក្សពិសេសជំនាន់ទី២៤ នាពេលនេះ មានសិក្ខាកាមចំនួន២០៩នាក់ គ្រូយោធាចារ្យកម្ពុជា៥៩នាក់ និងយោធាចារ្យឥណ្ឌូណេស៊ីចំនួន៦នាក់ សិក្សារយៈពេលបីខែ បើកពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើខ្លឹមសារ រួមមាន៖ លំហាត់របៀបការងារអប់រំចិត្តសាស្ត្រ ច្បាប់លក្ខន្តិកៈខភម ពិធីការជាតិ អន្តរជាតិ យុទ្ធវិធីជំនាញការពារផ្ទាល់ ជំនាញសន្តិសុខពិសេស អន្តរាគមន៍ពិសេស ការប្រើប្រាស់អាវុធវែងខ្លី និងលំហាត់បាញ់គ្រាប់ពិត ប្រឆាំងភេរវកម្មអន្តរជាតិ សុវត្ថិភាពចំណីអាហារ យល់ដឹងការរុករកសារធាតុបង្កផ្ទុះ ការប្រើប្រាស់ GPS ត្រីវិស័យ សារធាតុគីមីពុល និងសុវត្ថិភាពបើកបរ។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា អង្គរក្ស នៃកងយោធពលខេមរភូមិន្ទ ត្រូវមានជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់, ជាមួយគ្នានេះ នាយទាហាន នាយទាហានរង និងពលទាហាន បញ្ហាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តអនុវត្តឲ្យបានដាច់ខាតនូវ អនុសាសន៍ទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាពឲ្យបានដាច់ខាត ហើយមានជំហរម៉ឺងម៉ាត់ការពារសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ប្រឆាំងរាល់ឧបាយកលទាំងឡាយណា ដែលមានចេតនាបង្កអសន្តិសុខដល់សង្គមជាតិ និងមានចេតនាធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាពនៅកម្ពុជា ព្រមទាំងការពារឱ្យបានដាច់ខាត សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិនាបច្ចុប្បន្ននេះ។ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃខភម, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ និងនាយ ពលទាហានមជ្ឈមណ្ឌលហ្វឹកហ្វឺនកម្ពុជា ឥណ្ឌូនេស៊ី ក្រាំងចេក ដែលបានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញអង្គរក្ស នាពេលកន្លងមកនេះ។ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះកម្មសិក្សាការី ដែលបានខិតខំពុះពារហាត់ពត់លត់ដំខ្លួន ដើម្បីកែប្រែក្លាយខ្លួនជាអង្គរក្សពិសេស «ជំនាញអង្គរក្សពិសេស ជាជំនាញមួយដ៏មានសារៈសំខាន់ ដែលមានតួនាទី ភារកិច្ចការពារសុវត្ថិភាពប្រមុខថ្នាក់ដឹកនាំ និងការពារសុវត្ថិភាព សង្គមជាតិ»។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបំពាក់គ្រឿងឥស្សរិយយស ដល់យោធាចារ្យឥណ្ឌូនេស៊ី និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភមជ្ឈមណ្ឌលហ្វឹកហ្វឺនក្រាំងចេក មានអង្ករ ១០តោន, មី៥០កេស, ស្ករស១តោន និងថវិកា ១០លានរៀល ព្រមទាំងឧបត្ថម្ភថវិកាយោធាចារ្យ កម្មសិក្សាការី និងមន្ត្រីបុគ្គលិកបំរើការជាច្រើនទៀតផងដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ