នាយកដ្ឋានកិច្ចការអាស៊ាន នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចប្រជុំអាស៊ាន វេទិកាតំបន់អាស៊ាន តាមស្ថាប័នជំនាញ សម្រាប់រៀបចំផែនការ ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ស្ថិតក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងមានការចូលរួមពីនាយទាហាន និងមន្ត្រីជំនាញធ្វើកិច្ចការអាស៊ានផ្នែកយោធា មកពីស្ថាប័ននានាជាច្រើនរូបទៀត។
កិច្ចប្រជុំនេះ បានធ្វើឡើងដើម្បីជូនដំណឹងដល់ស្ថាប័នជំនាញក្នុងការចំណាយសម្រាប់កិច្ចប្រជុំអាស៊ាន វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធ ក្នុងឆ្នាំ២០១៨កន្លងទៅ។ ពិនិត្យលើចំនួនថវិកាដែលត្រូវចំណាយសម្រាប់កិច្ចប្រជុំឆ្នាំ២០១៩នេះ ក៏ដូចជាបង្ហាញជូនអង្គភាពជំនាញ អំពីរបៀបទូទាត់ថវិកាបន្ទាន់ពីការចូលរួមប្រជុំនៅក្រៅប្រទេស ដើម្បីបានសមស្របតាមនីតិវិធីទូទាត់របស់នាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងធ្វើការផ្ទៀងផ្ទាត់ចំនួនកិច្ចប្រជុំអាស៊ាន វេទិកាអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធសម្រាប់ឆ្នាំ២០២០ ជាមួយបណ្តាជំនាញ។
ឯ.ឧ ឧត្តមសេនីយ៍ឯក ឡៃ ចិន្តា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានកិច្ចការអាស៊ាន បានឲ្យដឹងថា៖ កិច្ចប្រជុំក្នុងក្របខណ្ឌអាស៊ានយោធា វេទិកាតំបន់អាស៊ាន និងវេទិកាសន្តិសុខពាក់ព័ន្ធ តែងតែមានការកើនឡើងជាលំដាប់ពី១ឆ្នាំទៅ១ឆ្នាំ។ ពាន់ព័ន្ធនឹងកិច្ចប្រជុំនេះ តម្រូវឲ្យនាយកដ្ឋានកិច្ចការអាស៊ាន ដែលជាអង្គភាពស្នូល ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពជាប្រចាំនូវចំនួនកិច្ចប្រជុំតាមក្របខណ្ឌនីមួយៗ ដើម្បីងាយស្រួលរៀបចំកញ្ចប់ថវិកាឲ្យសមស្របទៅតាមចំនួនកិច្ចប្រជុំដែលមាន ដោយអនុលោមទៅតាមគម្រោងផែនការថវិកាកម្មវិធីរបស់រាជរដ្ឋាភិបាល។
ឯ.ឧ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានមានប្រសាសន៍ក្នុងឱកាសនោះថា៖ វិស័យនយោបាយ សន្តិសុខ និងយោធា មានវិវត្តន៍ប្រែប្រួលជាច្រើន និងមមាញឹកផងដែរ ទាំងជាតិ តំបន់ និងលើពិភពលោក។ ប្រការនេះធ្វើឲ្យមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន ត្រូវមានការតាមដានចាប់អារម្មរណ៍យ៉ាងច្រើន ដើម្បីឲ្យកិច្ចដំណើរការការងាររបស់ខ្លួនបានប្រព្រឹត្តទៅចំទិសដៅ ហើយនិងស៊ីចង្វាក់ ទៅនឹងការប្រែប្រួលនៃសភាពការណ៍វិវត្តន៍ថ្មីៗទាំងអស់នោះ។ ក្នុងនាមអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, ឯ.ឧ ណឹម សុវត្ថិ បានសម្តែងនូវការកោតសរសើ និងវាយតម្លែខ្ពស់ ចំពោះនាយកដ្ឋានកិច្ចការអាស៊ាន នាយទាហាន និងមន្ត្រីជំនាញកិច្ចការអាស៊ានផ្នែកយោធា នៃខ.ភ.ម ដែលបានខិតខំពុះពារបំពេញតួនាទីភារកិច្ចនៅក្នងរយៈពេលកន្លងមកនេះ ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យជាបន្តទៀតនៅពេលខាងមុខ។ ឯ.ឧ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា៖ ក្រុមការងារជំនាញ និងមន្ត្រីយោធាផ្នែកអាស៊ាន ត្រូវរៀនសូត្រយល់ដឹងឲ្យបានច្បាស់នូវគោលការណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ នយោបាយឈ្នះៗ និងអំពីវិមានឈ្នះឈ្នះ ហើយសកម្មក្នុងការឆ្លើយបំភ្លឺបានទាន់ពេលវេលានៅរាល់វេទិកាកិច្ចប្រជុំអន្តរជាតិ ដែលប៉ះពាល់កិត្តិស័ព្ទ កិត្តិនាមរបស់ប្រទេសជាតិ និងខ.ភ.ម ៕