ព័ត៌មាន

អគ្គ​មេ​បញ្ជាការ​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការ​ងារ​ឆ្នាំ​២០១៨ ​និង​ទិស​ដៅ​អនុវត្តន៍​ការ​ងារ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
51
765 អគ្គ​មេ​បញ្ជាការ​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​សកម្មភាព​ការ​ងារ​ឆ្នាំ​២០១៨ ​និង​ទិស​ដៅ​អនុវត្តន៍​ការ​ងារ​ឆ្នាំ​២០១៩​

     អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម ​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​សកម្ម​ភាព​ការ​ងារ​ឆ្នាំ​២០១៨ ​និង​ផ្សព្វ​ផ្សាយ​ទិស​ដៅ​អនុវត្ត​ការ​ងារ​បន្ត​សំរាប់​ឆ្នាំ​២០១៩​ របស់​ខ្លួន ​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន​ក្រុង​ភ្នំ​ពេញ ​កាល​ពី​ថ្ងៃ​ទី​០៨ ​កុម្ភៈ ឆ្នាំ​​២០១៩​នេះ ​ដែល​ពិធី​បើក​កិច្ច​ប្រជុំ​​បាន​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតី​ភាព ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម និង​មាន​ការ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ អស់​លោក​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម មេ​បញ្ជាការ​​កង​ទ័ព​ទាំង​បី​ប្រភេទ​ មេ​បញ្ជាការ ​មេ​បញ្ជា​ការ​រង​ គ្រប់​យោធ​ភូមិ​ភាគ ​កង​ពល​តូច ​កង​ពល​ធំ ​កង​ការ​ពារ​ព្រំ​ដែន ​និង​ស្ថាប័ន​ជំនាញ​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ ។ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការ​​រង​ និងជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ​ខ.ភ.ម

     ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​នោះ​ បន្ទាប់​ពី​បាន​​ស្តាប់​នូវ​សុន្ទរក​ថា​បើក​កិច្ច​ប្រជុំ ​ដែល​អាន​ដោយ​ នាយឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម​រួច​មក​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការ​​រង​ និងជា​នាយ​សេនា​ធិការ​ចម្រុះ​នៃ​ខ.ភ.ម បាន​គូស​បញ្ជាក់​ក្នុង​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ ខ.ភ.ម​ឆ្នាំ​២០១៨​នេះ​ថា៖ ខ.ភ.ម​នៅ​គ្រប់​កង​ឯក​ភាព​កង​ទ័ព​ទាំង​បី​ប្រភេទ ​គ្រប់​បណ្តា​អង្គភាព​យោធភូមិ​ភាគ​ទាំង​៦​ កង​ពល​តូច​ កង​ពល​ធំ ​វរសេនា​តូច ​វរសេនា​ធំ ​និង​គ្រប់​កង​ការ​ពារ​ព្រំ​ដែន ​ព្រម​ទាំង​បណ្តា​ទ័ព​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ចំណុះ​ឲ្យ​កង​យោធពលខេ​មរ​ភូមិន្ទ ​ក្រោម​ការ​ដឹក​នាំដ៍​​ល្អ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ថ្នាក់​ដឹក​នាំ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម ពិ​សេស​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​២០១៨​​កន្លង​មក​នេះ ​នាយ ​ពល​ទាហាន​នៅ​គ្រប់​កង​ឯក​ភាព​ បាន​ខិត​ខំ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​យ៉ាង​ល្អ​បំផុត​សំរាប់​ជាតិ​ និង​មាតុ​ភូមិ​។ របាយកាណ៍​ក៍​បាន​បញ្ជាក់​ទៀត​ថា៖​ ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ​ដែរ​ ថ្វី​ត្បិត​តែ​ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ព្រំ​ដែន ​ក្នុង​ភូមិ​សាស្ត្រ​ដែល​ខ.ភ.ម ទទួល​ខុស​ត្រូវ​ មាន​សន្តិ​សុខ​ល្អ​ ដែល​ជា​ឱកាស​ល្អ​បំផុត​សំរាប់​កម្ពុជា ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​រី​ក​ចំរើន​។ របាយ​ការណ៍​ក៍​បាន​លើក​យក​មក​បញ្ជាក់​ទៀត​ថា​៖  ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​នៅ​ទូរ​ទាំង​កង​យោធពល​ខេមរ​ភូមិន្ទ ​នាយ ​ពល​ទាហាន ​នៅ​គ្រប់​កង​ឯក​ភាព​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការ​ បាន​ខិ​តខំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំខាន់​ទៅ​លើ​ការ​ងារ​ហ្វឹក​ហ្វឺន​កម្លាំង​ លើ​គ្រប់​ជំនាញ ​ក្នុង​ការ​បង្កើន​សមត្ថភាព​ឲ្យ​នាយ ​ពល​ទាហាន​ រប​ស់យើង​កាន់​តែ​មាន​ឆន្ទៈ​ស្នេហា​ជាតិ​ ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​​ការ​ស្តា​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ​រួម​គ្នា​ការ​ពារ​ជាតិ​ ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាន់​តែ​រឹង​មាំ។​ របាយ​ការណ៍​ក៍​បាន​លើក​ឡើង​ផង​ដែរ​ អំពី​ព្រឹទ្ធិ​ការណ៍​ជាតិ និង​អន្តរ​ជាតិ​សំខាន់ៗ​ដែល​ពាក់​ព័ន្ធ​ដល់​បញ្ហា​វិបត្តិ​​នយោ​បាយ​ គ្រោះ​មហន្ត​រាយ​ធម្មជាតិ ​អំពើ​ភារ​វកម្ម​ បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន​ បទ​ល្មើស​ព្រៃ​ឈើ ​ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​ដើម្បី​ឲ្យ​អង្គ​ប្រជុំ​ធ្វើ​ការ​ពិ​ចារ​ណា​ពិភាក្សា​ផ្លាស់ប្តូរ​យោ​បល់​គ្នា​ រិៈ​រក​នូវ​គន្លឹះ​ល្អ​ៗ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់​ស្កាត់​ និង​បង្ក្រា​បឲ្យ​បាន​ទាន់​ពេល​វេលា ​រាល់​ភាព​អសកម្​មទាំង​ឡាយ​ ដែល​កើត​មាន​ឡើង​ក្នុង​ភូមិ​សាស្ត្រ​ ដែល​គ្រប់​អង្គភាព​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ទទួល​ខុស​ត្រូវ​ ពិសេស​បាន​ផ្តោត​យ៉ាង​សំខាន់​ទៅ​លើ​បញ្ហា​សន្តិ​សុខ​នៅ​តំបន់​ព្រំ​ដែនកម្ពុជា ​ដែល​ជាប់​ជា​មួយ​ប្រទេស​ជិត​ខាង​ ដែលខ.ភ.ម​ ទទួល​ខុស​ត្រូ​វ ដោយ​ធ្វើ​យ៉ាង​ណា​ទំនាក់​ទំនង​សហការ ​ទប់​ស្កាត់​ឲ្យ​ខាង​តែ​បាន​ ចំពោះ​ការ​ចេញ​ចូល​ឆ្លង​ដែន​រក​ស៊ី​ខុស​ច្បាប់​ របស់​ប្រជា​ពល​រដ្ឋ​ នៃ​បណ្តា​ប្រទេស​ជិត​ខាង​ ដែល​ជា​បញ្ហា​ប្រឈម​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ពល​រដ្ឋ​យើង​។ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិ​សេន​ អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម

     ​មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​ ឯកឧត្តម ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម​​ បាន​កោត​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ស្មារតី​ នៃ​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការ​ងារ ​ប្រកប​ដោយ​កិច្ច​សហការ​ល្អ​របស់​មេ​បញ្ជាការ​ គ្រប់​លំដាប់​ថ្នាក់​ គ្រប់​កង​ឯកភាព​ចំណុះ​ឲ្យ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម​ ដែល​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ​បាន​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​បំពេញ​ការ​ងារ​បំរើ​ជាតិ ​ប្រជា​ជន​ ការ​ពារ​ជាតិ ​ទឹក​ដី ​និង​ប្រជា​ជន​បាន​យ៉ាង​រឹងមាំ​ និង​សុខ​សាន្ត​។ ​តាម​រយៈ​នៃ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​របស់​ខ.ភ.ម​ រយៈ​ពេល​មួយ​ថ្ងៃ​នេះ ​ឯកឧត្តម ​វង្ស​ ពិសេន ​ក៍​បាន​ស្នើរ​ដល់​សមា​ជិក ​សមា​ជិការ​នៃ​កិច្ច​ប្រជុំ​ទាំង​អស់ ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ ​ត្រូវ​បញ្ចេញ​ឲ្យ​អស់​នូវ​មតិ​យោបល់​ បទ​ពិសោធន៍​ ស្នា​ដៃ​ ចំណុច​ខ្លាំង​ ចំណុច​ខ្យោយ​ ដែល​អង្គភាព​ខ្លួន​មាន​ក្នុង​ឆ្នាំ​កន្លង​មក​ ដើម្បី​អង្គ​ប្រជុំ​រិះ​រក​បាន​នូវ​គន្លឹះ​ បទ​ពិសោធន៍​ល្អ​ៗ​ សំរាប់​ដាក់​ជា​ទិស​ដៅ​ក្នុង​ការ​អនុវត្ត​ការ​ងារ​បន្ត​ឆ្នាំ​២០១៩​នេះ ​ឲ្យ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​​។ ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​ កិច្ច​ប្រជុំ​ក៍​បាន​ផ្តល់​ឱកាស​ឲ្យ​ដល់​មេ​ញ្ជាការ ​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​កង​ទ័ព​ទាំង​បី​ប្រភេទ ​គ្រប់​អង្គភាព ​យោធ​ភូមិ​ភាគ ​កង​ពល ​ និង​បណ្តា​អង្គ​ភាព​ទ័ព​ជំនាញ​ពាក់​ព័ន្ធ​បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍ ​បង្ហាញ​ពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ​ ដែល​សាម៉ី​អង្គភាព​និមួយ​ៗ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​ ថា​តើ​ការ​អនុវត្ត​ការ​ងារ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ​មាន​អ្វី​ដែល​លិច​ធ្លោ​ ហើយ​មាន​អ្វី​ដែល​ជា​ចំណុច​អសកម្ម​ ដែល​យើង​ធ្វើ​ពុំ​ទាន់​បាន​ល្អ​ដោយ​មូល​ហេតុ​អ្វី​ ការ​អនុវត្ត​មិន​បាន​មក​ពី​មូល​ហេតុ​អ្វី​ ដើម្បី​រក​ឲ្យ​ឃើញ​ចំណុច​ខ្លាំង​ ខ្សោយ​ ហើយ​ទទួល​បាន​នូវ​គន្លឹះ​ល្អ​ៗ​សំរាប់​ដាក់​ចេញ​ជា​ផែន​ការ​សកម្មភាព​ក្នុង​ការ​អនុវត្ត​បន្ត​នា​ឆ្នាំ​២០១៩​នេះ​ ឲ្យ​កាន់​តែ​ទទួល​ជោគ​ជ័យ​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​បាន​ស្នើរ​ដល់​សមាជិក​សមាជិការ​ក្នុង​អង្គ​ប្រជុំ​ទាំង​អស់​ ក្នុង​រយៈ​ពេល​ពេញ​១​ថ្ងៃ​នេះ ​ត្រូវ​បញ្ចេ​ញ​នូវ​មតិ​យោបល់ ​ពិភាក្សា​ គ្នា​ឲ្យ​បាន​ផុល​ផុស​ ដើម្បី​ស្វែង​រក​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ សំរាប់​ដាក់​ចេញ​ជា​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៩​នេះ​ ឲ្យ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​​។ ឯកឧត្តម​ វង្ស​ ពិសេន ​ក៍​បាន​ប្រកាស​បើក​កិច្ច​ពិភាក្សា​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ