ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក ប្រចាំឆ្នាំ២០១៩
នាយកដ្ឋានព័ត៌មាន(១)
57
762 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោក ប្រចាំឆ្នាំ២០១៩

ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញព្រំដែនគោកប្រចាំឆ្នាំ២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងតំបន់ប្រតិបត្តិការសឹករងកំពត នាថ្ងៃទី២ កុម្ភះ ២០១៩​  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ ជាថ្មីម្តងទៀត បានក្រើនរម្លឹកកងទ័ព ​អនុវត្តបទបញ្ជា និងការពារសន្តិភាព ដែលមានសព្វថ្ងៃ ឱ្យខាងតែបាន។ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកនិងមនោសញ្ចេតនាជ្រាលជ្រៅពី សំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំក្រសួងការពារជាតិអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ ជូនចំពោះ អស់លោក លោកស្រី ភ្ញៀវកិត្តិយស ដែលនៅទីនេះនិងនាយទាហាន នាយទាហានរង ពលទាហាននៅក្នុងយោធភូមិភាគទី៣ និងសូមអបអរសាទរចំពោះសិក្ខាកាមនិងយោធាចារ្យទាំងអស់ដែលបានបញ្ចប់ជំនាញព្រំដែនដោយជោគជ័យ។ឯកឧត្តម ហ៊ុន ម៉ាណែត បន្តថាការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ គឺស្របពេលនឹងប្រទេសជាតិមានការរីកចម្រើននិងទទួលបានសេចក្តីសុខសន្តិភាព ស្ថិរភាព និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។ នៅក្នុងខណៈពេលដែលប្រជាពលរដ្ឋមានសុខសន្តិភាពមានភាពសប្បាយរីករាយ ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធត្រូវត្រៀមជានិច្ចដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព សន្តិសុខជូនប្រជាជនគ្រប់ពេលទាំងអស់។ សូមកោតសរសើរនិងអរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការសឹកខេត្តកំពតដែលបានបំពេញភារកិច្ចនៅក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេចក្តីសុខជូនដល់ប្រជាពលរដ្ឋរបស់យើង។ឯកឧត្តម  បញ្ជាក់ថា ទន្ទឹមនឹងសេចក្តីសុខ និងស្មារតីឯកភាពជាតិ ការធានាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គមគឺជាកិច្ចការដែលសំខាន់ដែលត្រូវយកចិត្តទុកដាក់ទាំងកត្តា ខាងក្រៅផងនិងកត្តាខាងក្នុងផង។ ជាពិសេសឥទ្ធិពលនៃការវិវត្តន៍របស់សភាពការណ៍សន្តិសុខពិភពលោក និងតំបន់ក៏ដូចជាការចិញ្ចឹមចិត្តផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមគ្រប់រូបភាពជាពិសេសចលនាបដិវត្តពណ៌ និងការប៉ុនប៉ងរបស់បរទេសក្នុងការជ្រៀតជ្រែកផ្ទៃក្នុងតាមគ្រប់រូបភាព។ តាមរយៈការជ្រៀតជែ្រកផ្ទៃក្នុងរបស់បរទេស ប្រវត្តិសាស្ត្របានផ្ដល់មេរៀនជាច្រើនដែលត្រូវចងចាំ គឺប្រទេសកម្ពុជាតែងតែធ្លាក់នៅក្នុងវិបត្តិមហន្តរាយដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងប្រជាជនដែលនាំទៅដល់សោកនាដកម្មអាក្រក់និងសាហាវយង់ឃ្នងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ សម្រាប់យើង គ្រួសារយើង និងប្រទេសជាតិយើង ថែរក្សាសុខសន្តិភាព និងសេចក្តីសុខសម្រាប់កូនចៅយើងជំនាន់ក្រោយ ព្រោះថាបើមានអសន្តិសុខហើយ មានច្បាំងគ្នាហើយ ប្រទេសហែកគ្នាហើយ ប្រជាពលរដ្ឋមើលមុខគ្នាមិនត្រូវហើយ ហ្នឹងហើយគឺជាអសន្តិសុខ គ្មានសេចក្តីសុខនៅក្នុងចិត្តសម្រាប់កាយរបស់យើង។ នេះគឺជាអ្វីដែលយើង ត្រូវចងចាំទាំងអស់គ្នា ហើយកងកម្លាំងទាំងអស់ ត្រូវយល់អោយច្បាស់ ពីពាក្យសន្តិភាព។ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់ថា “សេចក្តីសុខប្រទេសរបស់យើងមិនត្រឹមតែជាសេចក្តីសុខរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាសេចក្តីសុខប្រទេសនៅក្នុងតំបន់ និងភាគីមិត្តទាំងអស់។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចងចាំតួនាទីនិងភារកិច្ច ត្រូវតែស្មោះត្រង់ដាច់ខាត និងការពារ ជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីប្រជាពលរដ្ឋ”។ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តថា អ្នកនយោបាយខ្លះ បានប្រៀបធៀបកម្ពុជាទៅនឹងប្រទេស venezuela។ ប៉ុន្តែសូមកុំភ្លេចថាតួអង្គនេះ មិនដែលជួយអ្វីដល់ស្រុកខ្មែរនោះទេក្រៅពីបំផ្លិចបំផ្លាញក្រៅពីញុះញង់ដើម្បីអំណាចផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋកំពុងតែមានសេចក្តីសុខ ដឹកនាំធ្វើបាតុកម្ម តាមរោងចក្រ តាមបន្ទាត់ព្រំដែន ដើរបំផុសចលនាអោយបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ច ធ្វើបាបប្រជាជនខ្លួនឯង។ ហើយលើកនេះដើរបំផុសចលនាដល់កងកម្លាំង។បើចង់ឈ្នះខំប្រឹងទៅ ខិតខំបម្រើប្រជាពលរដ្ឋ កុំដើរអុជអាលប្រជាពលរដ្ឋ កងកម្លាំងប្រដាប់វុធបំផ្លាញប្រទេសខ្លួនឯង ដើម្បីមហិច្ឆតានយោបាយខ្លួនឯង ហើយអាងតែខ្លួនឯងមានលិខិតឆ្លងដែនបរទេសងាយស្រួលទៅនៅបរទេសទុកឱ្យប្រទេសវេទនា ប្រជាជននៅវេទនាហើយខ្លួនឯងរត់ទៅក្រៅនោះ កុំសង្ឃឹម។ឯកឧត្តម  ជឿថា ពូមីងដែលជាអតីតយុទ្ធជនមិនចង់ឲ្យប្រទេស និងកូនចៅរបស់ខ្លួនវេទនាដោយសារសង្រ្គាមដូចអតីតកាលនោះទេ គឺចង់ឲ្យកូនចៅជំនាន់ក្រោយមានសេចក្តីសុខ។ កម្លាំងប្រដាប់អាវុធក៏ដូចគ្នា យើងត្រៀមការពារជាតិ គឺមិនឲ្យប្រទេសធ្លាក់ទៅក្នុងសង្គ្រាមខ្មែរនិងខ្មែរឡើយ។ កងកម្លាំងប្រដាប់អាវុធត្រូវបន្តអនុវត្តផែនការយុទ្ធសាស្រ្តរួមមានកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេសគោលនយោបាយលើវិស័យការពារជាតិ ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និងគោលការណ៍១០ ចំណុចរបស់សម្តេចតេជោហ៊ុនសែន ដែលបានថ្លែងនៅខួបទី២០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ គោរព បទបញ្ជាបទវិន័យ លក្ខន្តិកៈ ច្បាប់រដ្ឋ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនបង្កើនសមត្ថភាព៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ