ព័ត៌មាន

ប្រជុំ​​ពេញ​អង្គ​ត្រួត​ពិនិត្យ​ការ​ងារ​របស់​​គណៈ​​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ឆ្នាំ​២០១៨
នាយកដ្ឋានព័ត៌មាន(៣)
58
761 ប្រជុំ​​ពេញ​អង្គ​ត្រួត​ពិនិត្យ​ការ​ងារ​របស់​​គណៈ​​កម្មា​ធិការ​ជាតិ​សន្តិ​សុខ​លម្ហ​សមុទ្រ​ឆ្នាំ​២០១៨

     កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា ​ឆ្នាំ​២០១៩​ នៅ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ជ្រោយ​ចង្វា​ គណៈ​កម្មា​ធិការ​ជាតិ​​ សន្តិ​សុខ​លម្ហ​សមុទ្រ ​បាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៨ ​និង​លើក​​ទិស​​ដៅ​​​អនុវត្តន៍​ការ​ងារ​ឆ្នាំ​២០១៩ ​ដែល​កិច្ច​ប្រជុំ​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិប​តីភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​​គណៈ​កម្មាធិការ​​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​។ 

     ឯកឧត្តម​ នាយ​ឧត្តម​នាវី ​ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រង​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិការ ​នៃ​អគ្គលេខា​ធិការ​ដ្ឋាន ​គណៈ​កម្មាធិការ​ជាតិ​ សន្តិសុខ​លំហ​សមុទ្រ​ បាន​មាន​ប្រសាសន៍​ថា​៖ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ អគ្គ​លេខា​ធិការ​ដ្ឋាន​ នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លំហ​សមុទ្រ​ រួម​ជា​មួយ​ទី​បញ្ជាការ​ជួរ​មុខ ​បាន​បំពេញ​ភារ​កិច្ច​សំខាន់​សម្រប​សម្រួល​ ជា​មួយ​និង​សមត្ថកិច្ច​ការ​មាន​ការ​ពាក់​ពន្ធ័​ រក្សា​បាន​នូវ​សុខ​សុវត្ថិ​ភាព​លើ​ផ្ទៃ​សមុទ្រ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ប្រជា​ពល​រដ្ឋ​ ប្រកប​មុខ​របរ​បាន​ងាយ​ស្រួល​ និង​ធា​នា​បាន​លើ​ការ​ដឹក​ជញ្ជូន​លើ​ផ្ទៃ​សមុទ្រ​។ ​ឯកឧត្តម ​បាន​បញ្ចាក់​ទៀត​ថា​៖​ ​ក្នុង​ឆ្នាំ​២០១៨ ​កន្លង​ទៅ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ សន្តិសុខ​លម្ហ​សមុទ្រ​ កសាង​ជួស​ជុល​អគារ​ និង​បាន​ដំ​ឡើង ​ហត់​ឡាញ​វី​ដឺ​អូ​  ដើម្បី​ងាយ​ស្រួល​ធ្វើ​ការ​ទំនាក់​ទំនង​ព័ត៌មាន ​​លើ​ផ្ទៃ​​ទឹក​ជា​មួយ​បណ្តា​ប្រទេស​ជា​ដៃ​គូរ​។ 

    ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ សួន ​សំ​ណាង ​អគ្គ​លេខា​ធិការ​រង​ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មា​ធិការ​ជាតិ​ សន្តិសុខ​លំហ​សមុទ្រ​ បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​ សកម្មភាព​ការ​ងារ​ដែល​គណកម្មាធិការ​​ជាតិ​​ សន្តិ​សុខ​លម្ហ​សមុទ្រ​ សំរេច​បាន​ក្នុង​ឆ្នាំ​២០១៨ ​កន្លង​មក​ដោយ​បាន​បញ្ជាក់​ថា​៖​ ក្នុងឆ្នាំ​២០១៨​ កន្លង​មក​ បទ​ល្មើស​នា​នា​នៅ​លើ​ផ្ទៃ​សមុទ្រ​បាន​ថយ​ចុះ​ច្រើន​ បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​​។ ទទឹម​នេះ ​គណៈ​កម្មា​ធិការ​ជាតិ​ សន្តិ​សុខ​លំហ​សមុទ្រ ​ក៍​បាន​ប្រើ​ប្រាស់​កំលាំង​ក្នុង​ការ​ចូល​រួម​​ការ​ពារ​សន្តិសុខ​​ក្នុង​​ពិធី​បុណ្យ​ផ្សេង​ៗ​ ដូច​ជា​បុណ្យ​សមុទ្រ​ជា​ដើម។​ ក្រៅ​ពី​នេះ​ក៍​បាន​សហការ​ជា​មួយ​ស្ថា​បន័​អន្តរ​ជាតិ​នា​នា​ ​ទប់​ស្កាត់​បទ​ល្មើស​នេ​សាទ​ខុស​ច្បាប់​ និង​រក្សា​សន្តិ​សុខ​លើ​ផ្ទៃ​សមុទ្រ​។ ឯកឧត្តម​ បាន​បញ្ជាក់​ទៀត​ថា​៖​ ក្នុង​ឆ្នាំ​២០១៨​​កន្លង​ទៅ ​ក្រុម​បច្ចេក​ទេស​រប​ស់គ្គ​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លំហ​សមុទ្រ​ បាន​ដើ​តួ​​នាទីយ៉ាង​សំខាន់​ ក្នុង​ការ​ស្រាវ​ជ្រាវ​ ត្រួត​ពិនិត្យ​តាម​បណ្តា​កោះ ដោ​យ​បាន​ធ្វើ​ការ​សហការ​បាន​​យ៉ាង​ល្អ​ជា​មួយ​អាជ្ញាធ័រ​ខេត្តទាំង​ ៤ ​ដែល​មាន​ភូមិ​សាស្ត្រ​ជាប់​និង​សមុទ្រ​។​​ ក្រៅពីនេះអគ្គលេខា​ធិការ​ដ្ឋាន ​នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លម្ហ​សមុទ្រ​បាន​ចូល​រួម​ក្នុង​ការ​ផ្ដល់​ជម្រក​ជីវ​ចំរុះ​ដល់​មច្ឆា​ជាតិ​ក្នុង​ផ្ទៃ​សមុទ្រ ​ដោយ​បាន​​ទម្លាក់​ជម្រក​មច្ឆា​ជាតិ​សិប្ប​និម្មិត​លើក​ទី៤​ ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​។ ​ទាក់​ទង​ទៅ​នឹង​ការ​ងារ​​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ជំនាញ ​ឯកឧត្តម​ សួន​ សំ​ណាង ​បាន​បញ្ជាក់​ថា៖ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លំ​ហ​សមុទ្រ ​ក៏​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ដល់​នាយ​ទាហាន ​នៅ​ក្នុង​អគ្គ​លេខា​ធិការ​ដ្ឋាន​ គណៈ​កម្មា​ធិការ​ជាតិ​ សន្តិ​សុខ​លំហ​សមុទ្រ​ ដោយ​បាន​បញ្ជូន​នាយ​​ទាហាន​បណ្តុះ​បណ្តាល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដូច​ជា​ជំនាញ​បើក​បរ​នាវា​​​ ជំនាញ​ទាហាន​ឡើង​លើ​នាវា​ ជំនាញ​ជួស​ជុល​ម៉ា​ស៊ីន ​និង​ច្បាប់​សមុទ្រ​។ ឯកឧត្តម​ សួន ​សំ​ណាង ​ក៏​បាន​ជម្រាប​ជូន​ដល់​កិច្ច​ប្រជុំ​អំពី​គម្រោង​ផែន​ការ​ធ្វើ​លំហាត់​មហា​រំអិល ​ដែល​ត្រូវ​​ប្រារព្ធ​ធ្វើ២ឆ្នាំ​ម្ដង​ ហើយ​ក្នុង​ឆ្នាំ២០១៩​ លំ​ហាត់​មហាល​រំអិល​នេះ ​នឹង​ធ្វើ​នៅ​ដើម​ខែ​មេសា​ ឆ្នាំ២០១៩ខាង​មុខ​។​ មាន​មតិ​បូក​សរុប​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ការ​ងារ​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​ សន្តិសុខលម្ហ​សមុទ្រ​ឆ្នាំ២០១៨។

    នា​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​​ធ្វើ​​ការ​​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អគ្គលេខាធិការ​ដ្ឋា​ន​ នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លម្ហ​សមុទ្រ​ និង​ក្រុម​បច្ចេក​ទេស​ ដែល​បាន​ខិត​ខំ​បំ​ពេញ​ការ​ងារ​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ឆ្នាំ២០១៨​កន្លង​មក​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បញ្ជាក់​ថា៖​ ​ឈាន​ចូល​ដល់​ឆ្នាំ២០១៩នេះ​ គឺគម្រប់​ខួប១០ឆ្នាំ​ នៃ​ការ​បង្កើត​គណៈ​កម្មាធិការ​ជាតិ​ សន្តិសុខ​លំហ​សមុទ្រ​។ សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ចាក់​បន្ថែម​ថា៖​ គោល​បំណង​ នៃ​ការ​រៀប​ចំ​ស្ថាប័ន​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លំ​ហ​សមុទ្រ​នេះ​ឡើង​ គឺ​ដើម្បី​សហប្រតិបត្តិ​ការ​ជា​មួយ​បណ្ដា​ប្រទេស​នា​នា​ លើ​​ពិភព​លោក ​ជា​ពិសេស​ប្រទេស​ក្នុង​តំបន់​ ដែល​មាន​តម្រូវ​ការ​ខ្លាំង​ជា​ទី​បំផុត ​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ក្នុង​សមុទ្រ​។ ​ទន្ទឹម​នឹង​នេះ ​សម្ដេច​ពិជ័យ​សេនា ​ក៏​បាន​ជំរុញ​ឲ្យ​នាយ​ទាហាន​ជំនាញ ​ក្នុង​អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ​ សន្តិ​សុខ​លម្ហ​សមុទ្រត្រូវ​បន្ត​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ឲ្យ​បាន​ល្អ​ជា​មួយ​ស្ថាប័ន​ជាតិ​ និង​ប្រទេស​ជា​ដៃ​គូ​នា​នា​ ដើម្បី​ពង្រឹង​ការ​ងារ​សន្តិសុខ​លំហរ​សមុទ្រ​របស់​យើង​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ ៕ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ