ព័ត៌មាន

ឯកឧត្តម ភួង ស៊ីផាន សំណេះសំណាលសិក្ខាកាមទៅសិក្សានៅសហព័ន្ធរុស្សី
នាយកដ្ឋានព័ត៌មាន(៣)
166
760 ឯកឧត្តម ភួង ស៊ីផាន សំណេះសំណាលសិក្ខាកាមទៅសិក្សានៅសហព័ន្ធរុស្សី

     សិក្ខា​កាម​យោធា​ប្រមាណ​៨៤​នាក់​ ដែល​មក​ពី​បណ្ដា​កង​ឯក​ភាព​ទូ​ទាំង​ខ.ភ.ម​ នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​ការ​សិក្សា​នៅ​គ្រឹះ​ស្ថាន​យោធា​ នៃ​ប្រទេស​សហព័ន្ធ​រុស្សី ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩ ​ហើយ​សិក្ខា​កាម​ទាំង​នោះ​ត្រូវ​បាន​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏ ​ភួង ​ស៊ី​ផាន​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​ប្រធាន​គណៈ​កម្មាការ​​ជ្រើស​រើស ​និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម​ មក​បណ្ដុះ​បណ្ដាល​ក្នុង​ និង​​ក្រៅ​ប្រទេស​ ក្រសួង​ការ​ពារ​ជាតិ ​និង ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏ ​មាស ​សំ​អុល ​អគ្គ​នាយក​រង​ អគ្គ​នាយក​ដា្ឋន​យោធ​សេវា ​និង​ជា​នាយក​ នាយក​ដ្ឋាន​ បុគ្គ​លិក​ ក្រសួង​ការ​ពារ​ជាតិ ​ធ្វើ​ការ​ជួប​សំណេះ​សំណាល​មុន​នឹង​ចេញ​ដំណើរ​ នា​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ខាង​មុខ​នេះ​។

      ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ខៀវ ​សា​ផាត​ នាយក​រង​ នាយក​ដ្ឋាន​បុគ្គលិក ​ក្រសួង​ការ​ពារ​ជាតិ​ ថ្លែង​ឲ្យ​ដឹង​ថា​៖​ ស្ថិត​ក្រោម​​កិច្ច​សហ​ប្រតិបត្តិការ​យោ​ធា​ រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-រុស្ស៊ី ​ចាប់​ពី​ឆ្នាំ២០០៧​ ដល់​ឆ្នាំ២០១៨ ក្រសួង​ការ​ពារ​ប្រទេស​​ នៃ​សហ​ព័ន្ធ​រុស្ស៊ី​បាន​ជួយ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​វែង​ និង​មធ្យម​ដល់​នាយ​ទាហាន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​សរុប​រួម​​មាន​ចំនួន​៤៤១​នាក់​ ក្នុង​នោះ​រួម​មាន​សិក្ខា​កាម​កំពុង​សិក្សា​សរុប​រួម៖​ ចំនួន​ ៣០៧​នាក់​, សិក្ខា​កាម​បញ្ចប់​វគ្គ​សិក្សា​ចំនួន​៥០​នាក់ ​និង​សិក្ខា​កាម​ចំនួន៨៤​នាក់​នេះ​ត្រៀម​ចេញ​ទៅ​បំពេញ​​កម្ម​សិក្សា​ឆ្នាំ​២០១៨-២០១៩។ ដោយ​ឡែក​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រា​ជា​ណាចក្រ​​កម្ពុជា​ ទទួល​យក​​នាយ​ទាហាន​​រុស្ស៊ី​ចំនួន​៥​នាក់​ មក​សិក្សា​ភាសា​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ សម្រាប់​ឆ្នាំ២០១៨-២០១៩​ផង​ដែរ​។

      លោក​ វរសេនីយ៍​ឯក​ សេ​រី​ហ្គាយ​ អនុ​ប្រធាន​កា​រិយា​ល័យ ​អនុព័ន្ធ​យោធា​សហព័ន្ធ​រុស្សី ​ប្រចាំ​​​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ ​នាយ​ទាហាន​ជា​ច្រើន​ដែល​បាន​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី ​គឺ​បច្ចុប្បន្ន​សុទ្ធ​សឹង​​ក្លាយ​​​ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ក្នុង​ខ.ភ.ម ​ដូច្នេះ​ប្អូន​ៗ​ដែល​បាន​ចេញ​ទៅ​​បំពេញ​ការ​សិក្សា​នា​​ពេល​នេះ​​ គឺ​​​ជា​អ្នក​បន្ត​វេន​។ នៅ​ពេល​ប្អូន​ៗ​ទៅ​ដល់​ប្រទេស​រុស្សី ​ត្រូវ​ទទួល​នូវ​ស្ថាន​ភាព​ថ្មី​មួយ ​ទាំង​អាកាស​ធាតុ​, ទាំង​ប្រពៃ​ណី​វប្បធម៌​ទំនៀម​ទំលាប់​ដូច្នេះ​ប្អូន​ៗ​ត្រូវ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​សុខ​ភាព​។ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏ ​ភួង ​ស៊ី​ផាន​ អនុ​រដ្ឋ​លេខា​ធិការ​ និង​ជា​ប្រធាន​គណៈ​កម្មាការ​​ជ្រើស​រើស ​និង​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ​សិក្ខា​កាម​ មក​បណ្ដុះ​បណ្ដាល​ក្នុង​ និង​​ក្រៅ​ប្រទេស​ ក្រសួង​ការ​ពារ​ជាតិ

      មាន​ប្រសាសន៏​សំណេះ​សំណាល​ទៅ​កាន់​សិក្ខា​កាម​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ភួង ​ស៊ី​ផាន ​បាន​ថ្លែង​​អំណរ​គុណ​​​ចំពោះ​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​សហ​ព័ន្ធ​រុស្សី ​ដែល​កន្លង​មក​តែង​តែ​ជួយ​បណ្ដុះ​បណ្ដាល​​ដល់​ខ.ភ.ម​ ជា​រៀង​រាល់​ឆ្នាំ​ ​ដោយ​បាន​អនុវត្ត​ទៅ​តាម​អនុស្សារណៈ​នៃ​កិច្ច​ព្រម​ព្រៀង​ រវាង​​ក្រសួង​ការ​ពារ​ជាតិ​ទាំង​២​ ប្រទេស​កម្ពុជា​ និង​រុស្សី ​លើ​វិស័យ​បណ្ដុះ​បណ្តាល​ធន​ធាន​មនុស្ស​។​ ឯ.ឧ ​បាន​បន្ត​ទៀត​ថា​៖ ការ​ទៅ​ធ្វើ​កម្ម​សិក្សា​នា​ពេល​នេះ​ គឺ​ជា​ថ្នាល​នៃ​ការ​បន្ត​វេន​ ស្រប​ទៅតាមយុទ្ធសាស្ត្រ​ចតុ​កោណ​ របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែរ​ទំរង់ ​ខ.ភ.ម​។ ភារកិច្ច​របស់​ខ.ភ.ម​ គឺ​សហការ​ជា​មួយ​កំលាំង​សមត្ថ​កិច្ច​ រួម​គ្នា​ធានា​ឲ្យ​បានទាំង​ស្រុង​នូវ​សន្តិភាព​,  ស្ថិរភាព​, សន្តិសុខ, ការ​ពារ​អធិប​តេយ្យ​ភាព ​បូរណភាព​ទឹក​ដី និង​ការចូល​រួម​អភិវឌ្ឍន៏​ប្រទេស​ជាតិ ​ដោ​យ​ផ្អែក​លើ​គោល​នយោ​បាយ​ជាតិ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​ ឯ.ឧ បាន​បញ្ជាក់​ថែម​ទៀត​ថា៖ ​កង​ទ័ព​មួយ​ខ្លាំង​ គឺ​ជា​កង​ទ័ព​ដែល​មាន​វិន័យ​សីលធម៌ ​អត្ត​ចរិក​ល្អ ​និង​ចេះ​បច្ចេក​ទេស​ជំនាញ​ពិត​ប្រាកដ​ច្បាស់​លាស់ ​ដើម្បី​បំរើ​ការ​ ឲ្យ​ប្រយុទ្ធ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។ ជា​ចុង​ក្រោយ​ ឯ.ឧ ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​សិក្ខា​កាម​ទាំង​អស់​ ត្រូវ​គោរព​វិន័យ​ ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ក្នង​ពេល​​វេលា​​សិក្សា​, ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រក្សា​បាន​នូវ​សាមគ្គី​ភាព ​រវាង​សិក្ខា​កាម​ និងសិក្ខា​កាម​រវាង​សិក្ខា​កាម​ និង​គ្រូ​ ឲ្យ​​បាន​ល្អ​, ត្រូវ​ខិត​ខំ​រក​គ្រប់​វិធី​រៀន​ឲ្យ​បាន​ល្អ សំដៅ​បង្កើន​សមត្តិភាព​​បច្ចេក​ទេស​ឲ្យ​កាន់​តែ​ខ្ពស់​ថែម​ទៀត ​៕​   

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ