ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ​ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព ​ក្នុង​ពិធី​បិទ​អង្គ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៩​ របស់​កង​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
56
756 សម្តេច​ពិជ័យ​សេនា ​ទៀ​ ​បាញ់ ​អញ្ជើញ​ជា​អធិបតី​ភាព ​ក្នុង​ពិធី​បិទ​អង្គ​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៨​ និង​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៩​ របស់​កង​ទ័ព​ជើង​ទឹក​

     នា​រសៀល​ថ្ងៃ​ពុធ ​១០​រោច​ ខែ​បុណ្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១៩​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​​សន្តិសុខ​​លម្ហ​សមុទ្រ​ បាន​អញ្ជើញ​នៅ​ក្នុង​ពិធី​បិទ​សិក្ខា​សា​លា​បូក​សរុប​លទ្ធផល​ការ​ងារ​ ឆ្នាំ​២០១៨ និង​​ដាក់​ផែន​ការ​ទិស​ដៅ​ការ​ងារ​ ឆ្នាំ២០១៩​ របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​។ឯកឧត្តម​ នាយ​ឧត្តម​នាវី ​ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​​​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គលេខាធិការ ​គណៈ​កម្មា​ធិការ​ជាតិ​​សន្តិ​សុខ​​លម្ហ​សមុទ្រ

     ក្នុង​របាយ​ការណ៍​បូក​សរុប​របស់​ ឯកឧត្តម​ នាយ​ឧត្តម​នាវី ​ទៀ ​វិញ ​អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​​​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គលេខាធិការ ​គណៈ​កម្មា​ធិការ​ជាតិ​​សន្តិ​សុខ​​លម្ហ​សមុទ្រ​ បាន​បង្ហាញ​ពី​សមិទ្ធ​ផល​នានា​ ដែល​កង​ទ័ព​ជើង​ទឹក​ ​ខិត​ខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩ និង​ពិនិត្យ​​វាយ​តម្លៃ​វឌ្ឍន​ភាព​ការ​ងារ​ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​ ដើម្បី​រិះ​រក​ដំណោះ​ស្រាយ​បញ្ហា​​សេស​សល់​​មួយ​ចំនួន ​ដែល​ជា​ធាតុ​ចូល​បន្ថែម​សម្រាប់​រួម​គ្នា​រៀប​ចំ​ទិស​ដៅ​ការ​ងារ​អនុវត្តន៍​ ឆ្នាំ​២០១៩​នេះ ​អោយ​​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត។​ ឯកឧត្តម​ បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​​គោរព​បទ​បញ្ជា​របស់​​​រាជរដ្ឋាភិបាល​ ដែល​ដឹក​នាំ​ដោយ សម្ដេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ បទ​បញ្ជា​​របស់​ក្រសួង​ការ​ពារ​ជាតិ ​របស់​អគ្គ​មេ​បញ្ជាការ ​ក្នុង​ការ​អនុវត្ត​តួ​នាទី​ភារកិច្ច​ការ​ពារ​​អធិប​តេយ្យ​​ភាព​​ បូរណ​ភាព​ទឹក​ដី​ឲ្យ​បាន​គង់​វង្ស​ ជា​ពិសេស​ប្រឆាំង​ដាច់​ខាត​នូវ​ការ​ប៉ុន​​ប៉ង​ទាំង​ឡាយ​ធ្វើ​​បដិវត្តន៍​ពណ៌ ​សំដៅ​ធា​នា​ឱ្យ​បាន​នូវ​ភាព​សុខ​សាន្ត​ជូន​សង្គម​ជាតិ ​និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ នៃ​សេដ្ឋកិច្ច​សង្គម​ទៅ​អនាគត​។​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​​សន្តិសុខ​​លម្ហ​សមុទ្រ​ 

     ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ​ និង​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​សម្តេច​ពិជ័យ​​សេនា​ ទៀ បាញ់ ​​បាន​​សម្តែង​នូវ​ការ​សាទ​រ​នូវ​​សមិទ្ធ​ផល​ជា​ច្រើន​ ដែល​កង​ទ័ព​ជើង​ទឹ​ក​​សម្រេច​​បាន​​ក្នុង​ឆ្នាំ២០១៨ ​និង​​បាន​​យក​ឱកាស​នេះ​សំ​ដែង​នូវ​ការ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​នាយ​នាវី ព​ល​នា​វឹក​​ទាំង​អស់ ​បន្ត​​ខិ​ត​ខំ​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត ​ដើម្បី​ឆ្លើយ​តប​​​ទៅ​​នឹង​​ផែន​ការ​កែ​ទម្រង់ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​កម្ម​វិធី​នយោបាយ​យុទ្ធសាស្រ្ត​​ចតុកោណ​​ ដំណាក់​កាល​ទី៤​ របស់​រាជ​រដ្ឋាភិបាល​នី​តិកាល​ទី៦​ លើ​វិស័យ​ការ​ពារ​ជាតិ​។ សម្ដេច​មាន​ប្រសាសន៍​ទៀត​ថា៖​ ជោគ​ជ័យ​ទាំង​ឡាយ​ដែល​កង​ទ័ព​ខិត​ខំ​​សម្រេច​បាន​​កន្លង​មក​​នេះ​ ​បាន​បង្ហាញ​ថា ​កង​យោធពល​ខេមរ​ភូមិន្ទ​ពិត​ជា​កម្លាំង​ស្នូល ​ជា​ឆ្អឹង​ខ្នង​ដ៏​ចាំ​បាច់ ​មាន​ឧត្តម​​គតិ​ស្មោះ​ត្រង់​ចំពោះ​ជាតិ​មាតុ​ភូមិ ​គោរព​ស្រលាញ់​ប្រជាជន​ មាន​ឆន្ទៈ​ប្រយុទ្ធ​ប្ដូរ​ផ្ដាច់​ មាន​​សមត្ថភាព​គ្រប់​គ្រាន់​ និង​ធានា​បាន​នូវ​​កិច្ច​ការពារ​សន្តិភាព​បូរណភាព​ទឹ​​កដី​ និង​​អធិបតេយ្យ​​ជាតិ​ ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​សុវត្ថិភាព​សង្គម​ និង​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​​គ្រប់​​ឧបាយ​កល​ធ្វើ​បដិវត្ត​ពណ៌​របស់​គណបក្ស​ប្រឆាំង​គ្រប់​កាលៈ​ទេសៈ ​និង​ធា​នា​បាន​​ដល់​​ដំណើរ​​ការ​​រីក​ចម្រើន ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​នៅ​​កម្ពុជា​។ ​សម្តេច​ ក៏​បាន​យក​ឱកាស​នេះ​ជំរុញ​លើ​ការ​ចូល​រួម​ ដើម្បី​ទប់​ស្កាត់​បដិវត្តន៍​ពណ៌​ ដោយ​សម្ដេច ​បាន​ចាត់​ទុក​បញ្ហា​បដិវត្តន៍​ពណ៌​ជា​រឿង​ដ៏​ស្មុគ​ស្មាញ​បំផុត​ ព្រោះ​មាន​ការ​ប្រែ​ប្រួល​ស្ថាន​ភាព​ជា​បន្ត​បន្ទាប់​ទៅ​តាម​បំណង​របស់​ក្រុម​ដែល​ចង់​បំភ្លេច​បំផ្លាញ​ នូវ​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​។​ បដិវត្តន៍​ពណ៌​នេះ​កន្លង​មក​បាន​កើត​ឡើង​នៅ​​ជុំ​វិញ​ពិភព​លោក ​បាន​បង្ក​ភាព​អុក​ឡុក ​បង្ក​ភាព​​មហន្ត​រាយ​ និង​ភាព​វឹក​វរ​ ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​​មិន​ទាន់​រួច​ចាក​ផុត​​ពី​ភាព​អន្តរាយ​​នៅ​ឡើយ​។​ ដោយ​​ឡែក​កម្ពុជា​យើង​ក៏​ធ្លាប់​បាន​ជួប​បញ្ហា​ប៉ុន​ប៉ង​​ធ្វើ​បដិវត្តន៍​ពណ៌​នេះ​ដែរ​​តាំង​​​ពី​ឆ្នាំ​២០១៣ ​ដែល​ក្រុម​ប្រឆាំង​បាន​នាំ​យក​មក​ប្រើ​ប្រាស់​នៅ​កម្ពុជា​យើង​ ដោយ​គេ​បាន​​កៀង​គរ​​ប្រើ​កម្លាំង​ប្រជាជន​មក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ​ដែល​ដឹក​នាំ​​ដោយ​ ​សម្ដេច​​តេជោ ​ហ៊ុន សែន​។​ ជា​មួយ​គ្នា​នេះ​សម្តេច​ពិជ័យ ​ក៏​បាន​ដាក់ ​បទ​បញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ដល់​​កង​ទ័ព​​ទាំង​អស់ ​ត្រូវ​តែ​ស្មោះ​ត្រង់​ និង​មាន​ឆន្ទៈ​ប្ដូរ​ផ្ដាច់​ក្នុង​ការ​ការ​ពារ​​រាជរដ្ឋា​ភិបាល ​ការ​ពារ​​សម្ដេច​​តេជោ ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា ​ឬ​ជន​ណា​មក​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់ ​ដែល​ដឹក​នាំ​ដោយ​ សម្ដេច​តេ​ជោ ​ហ៊ុន សែន​បាន​ឡើយ​។​ សម្ដេច​ ក៏​បាន​ហៅ​ការ​ចូល​រួម​​ក្នុង​ការ​​ដាក់​ទណ្ឌ​កម្ម​​មក​លើ​កម្ពុជា​ ក៏​ជាផ្នែក​មួយ​នៃ​ការ​លូក​ដៃ​ក្នុង​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ផង​ដែរ​។ សម្តេច​ក៏​បាន​ណែនាំ​ដល់​កង​ទ័ព​ទាំង​អស់​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​ ១០​ចំណុច​​របស់​សម្ដេច​តេជោ​ ដែល​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃ​ទី​២៤ ​មករា​ថ្មី​ៗ​នេះ ​ក្នុង​ពិធី​រំលឹក​ខួប​ ២០ឆ្នាំ​ នៃ​​ថ្ងៃ​បង្កើត​ទី​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ