ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៨​ និង​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ រវាង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ជា​មួយ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​នៅ​ទី​ក្រុង​កឺន​ធឺរ​
នាយកដ្ឋានព័ត៌មាន(៣)
421
742 កិច្ច​ប្រជុំ​បូក​សរុប​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៨​ និង​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ រវាង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ជា​មួយ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​នៅ​ទី​ក្រុង​កឺន​ធឺរ​

     នៅ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៩ ​ទី​ក្រុង​កឺន​ធឺរ​ សា​ធា​រ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ​កាល​រសៀល​ពី​ថ្ងៃ​ទី​២៦​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​មាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០១៨​  និង​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៩​ រវាង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​កម្ពុជា ​ជា​មួយ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី​៩ ​កង​ទ័ព​ប្រជា​ជន​វៀត​ណាម។ កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្ត​មាន​ដ៍​ខ្ពង់​ខ្ពស់​ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​នៃ​ខ.ភ.ម និង​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ង្វៀន​ ហ្វាង​ធ្វី​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​យោធា​ស្ថាប័ន​ពាក់​ព័ន្ធ នៃ​ភាគី​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​រូប​ផង​ដែរ​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ង្វៀន​ ហ្វាង​ធ្វី​ មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ទី​៩ ​កង​ទ័ព​ប្រជាជន​វៀត​ណាម ​

     កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ប្រចាំ​ឆ្នាំ​២០១៨​ រវាង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃ​ខ.ភ.ម ជា​មួយ​យោធ​ភូមិ​ភាគ​ទី​៩​ វៀត​ណាម​នា​ឆ្នាំ​នេះ ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ពង្រឹង​ពង្រីក​ការ​រឹត​ចំណង​សាមគ្គី​ភាព ​មិត្ត​ភាព ​កិច្ច​សហប្រតិបត្តិ​ការ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​ ដើម្បី​រួម​គ្នា​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​ស្ថេរ​ភាព ​សន្តិ​សុខ ​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាម​បណ្តោយ​ព្រំ​ដែន​ នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​។ ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ង្វៀន ​ហ្វាង​ធ្វី​ បាន​គូ​បញ្ជាក់​ថា៖  ក្នុង​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​ភាគី​យើង​ទាំង​ពីរ​បាន​អនុវត្ត​យ៉ាង​ល្អ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ នៃ​អនុ​សារណៈ​យោគ​យល់​គ្នា​ របស់​រដ្ឋា​ភិបាល​យើង​ទាំង​ពីរ​ ក្រសួង​ការ​ពារ​ជាតិ​វៀត​ណាម​ និង​កម្ពុជា ​យោធ​ភូមិ​ភាគ​ទី​៩​ និង​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នៃខ.ភ.ម ​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​ទទួល​យក​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោគ​នៃ​​ខ.ភ.ម​ និង​បណ្តា​យោធ​ភូមិ​ភាគ​នៃ​ខ.ភ.ម​កម្ពុជា ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គ្នា​ ដោយ​បាន​ផ្លាស់​ប្តូរ​ប្រតិភូ​គ្នា​គ្រប់​លំដាប់​ថ្នាក់​របស់​យោធ​ភូមិ​ភាគ​ និង​ខេត្ត​ក្រុង​របស់​វៀត​ណាម​ ក្នុង​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​បណ្តា​អង្គភាព​មួយ​ចំនួន​របស់​កម្ពុជា ​តាម​រយៈ​នៃ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្នា​​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​ផ្លែ​ផ្កា​ តាម​លក្ខ័ន្ត​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​ ត្រូវ​បាន​បន្ត​ពង្រឹង​ពង្រីក​បាន​យ៉ាង​ល្អ​ក្នុង​ការ​រក្សា​បាន​នូវ​ព្រំ​ដែន​សន្តិភាព​ មិត្ត​ភាព ​ស្ថេរភាព ​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​។ ភាគី​ទាំង​ពីរ​បាន​បង្កើន​កិច្ច​សហការ​រវាង​កម្លាំង​ទាំង​ពីរ​ភាគី​របស់​ខ្លួន ​ក្នុង​ការ​ក្តាប់​នូវ​រាល់​សភាព​ការណ៍​ ផ្លាស់​ប្តូរ​មតិ​យោ​បល់ ដោះ​ស្រាយ​វិន្និ​ឆ័យ​ និង​ផ្តល់​ពត៌​មាន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ប្រឆាំង​គ្រប់​បទ​ល្មើស​ នៃ​ការ​ជ្រៀត​ចូល​ព្រំ​ដែន ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ការ​ជួញ​ដូ​គ្រឿង​ញៀន ​បទ​ល្មើស​ព្រៃ​ឈើ ​អំពើ​ភារវ​កម្ម​ឆ្លង​ដែន​ និង​បទ​ល្មើស​នា​នា​ៗ​ ដោយ​យើង​រក្សា​បាន​សន្តិ​សុខ​ល្អ​ និង​រួម​គ្នា​បង្ក្រា​បបាន​យ៉ាង​ទាន់​ពេល​វេលា ​ជា​ពិសេស​ការ​ល្បាត​រួម​គ្នា​សំដៅ​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​នូវ​គ្រប់​ករណី​ដែល​កើត​មាន​ឡើង ​ពាក់​ព័ន្ធ​ដល់​សន្តិសុខ​តាម​ព្រំ​ដែន​គោគ​ និង​ដែន​ទឹក​ ដើម្បី​បង្ក​គ្រប់​លក្ខណ​ដល់​ការ​ប្រកប​របរ​រក​ស៊ី​របស់​ប្រជា​ជន​ប្រទេស​យើង​ទាំង​ពីរ​ឲ្យ​មាន​ជីវ​ភាព​រស់​នៅ​កាន់​តែ​ល្អ​ប្រសើរ​។ ក្នុង​ឆ្នាំ​២០១៨​​កន្លង​មក​នេះ​ យោធ​ភូមិ​ភាភ​ទី​៩ ​និង​បណ្តា​ខេត្ត​ ក្រុង​របស់​វៀត​ណាម​ បាន​ជួយ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ជើង​គោគ​ និង​បណ្តា​អង្គភាព​ចំណុះ​កង​ទ័ព​ជើង​គោគ​ជា​ច្រើន​ រួម​ទាំង​ការ​ជួយ​កសាង​នូវ​សំណង់​អាគារ​កង​ទ័ព​ និង​សម្ភារៈ ថវិការ ​ព្រម​ទាំង​ការ​ជួយ​បណ្តុះ​បណ្តាល​នាយ​ទាហាន​កម្ពុជា​ នៅ​ប្រទេស​វៀត​ណាម​ផង​ដែរ​។ ឯកឧត្តម​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៩ ​វៀត​ណាម​ក៍​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ភាគី​កម្ពុជា​ ដែល​ក្នុង​រយៈ​កាល​កន្លង​មក​បាន​បង្កើន​កិច្ច​សហការ​ក្នុង​ការ​ជួយ​បង្ក​គ្រប់​លក្ខណៈ​ដល់​កិច្ច​ដំណើ​ការ​ធ្វើ​អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន ​អ្នក​វីនី​យោគ​របស់​​យោធ​ភូមិ​ភាគ​ទី​៩​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​នៅ​កម្ពុជា​ រួម​ទាំង​ការ​ជួយ​រុក​រក​នូវ​អដ្ឋិ​ធាតុ​ទា​ហាន​បាត់​ខ្លួន​វៀត​ណាម​នៅ​កម្ពុជា ​ក្នុង​សម័យ​សង្ក្រាម​ ហើយ​បាន​ធ្វើ​​មាតុ​ភូមិ​និវត្តន៍​អដ្ឋិ​ធាតុ​ទាំង​នោះ​មក​វៀត​ណាម​វិញ​ ប្រកប​ដោយ​កិច្ច​សហការ​ល្អ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍ឯក ​ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​នៃ​ខ.ភ.ម

      ឯកឧត្តម​ ​ឧត្តម​សេនីយ៍​​ឯក​ ហ៊ុន ​ម៉ា​​ណែត ​​ជំនួស​​មុខ​ឲ្យ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃខ.ភ.ម ​ពិសេស​កង​ទ័ព​ជើង​គោគ​កម្ពុជា ​បាន​សំដែង​នូវ​ការ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ ឯកឧត្តម​ មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី​៩ កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​ និង​សម្ភារៈ​ ថវិកា​ពី​ភាគី​មិត្ត​ដល់ខ.ភ.ម​ ពិសេស​ដល់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​កម្ពុជា​រហូត​មក​។​ ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​បញ្ជាក់​ថា៖ ​ភាគី​កម្ពុជា​ និង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត ​ជា​មួយ​គ្រប់​អង្គភាព​ភាគី​មិត្ត​ ក្នុង​ការ​កសាង​ខ្សែ​បន្ទាត់​ព្រំ​ដែន​សន្តិភាព​ មិត្តភាព​ និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​។ ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត​ សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​ឆ្លង​តាម​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នា​លើក​នេះ ​ភាគី​យើង​ទាំង​ពីរ​ និង​កាន់​តែ​សម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​កិច្ច​សហប្រតិបត្តិការ​រវាង​កង​ទ័ព​ទាំង​ពីរ​កាន់​តែ​រឹង​មាំ​ និង​រីក​ចម្រើន​។ 

      ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ទ្វេភាគី​នេះ ​ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេខា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ ដើម្បី​រួម​គ្នា​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិភាព​តាម​ទិស​ដៅ​ឆ្នាំ​២០១៩​។ ​កិច្ច​ប្រជុំ​បាន​បញ្ចប់​ក្រោម​បរិយា​កាស​រីក​រាយ​ ស្និទ្ធ​ស្នាល​ លទ្ធ​ផល​ជោគ​ជ័យ​ និង​ភាព​យោគ​យល់​គ្នា​ ក្នុង​ស្មារតី​សាមគ្គី​ភាព ​មិត្ត​ភាព ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​នាម​ជា​បង​ប្អូន​ប្រទេស​ភូមិ​ផង​ជាប់​គ្នា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ