ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ម៉ាក្រូ​ ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
410
741 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ម៉ាក្រូ​ ខេត្ត​សៀម​រាប​

      ពិធី​សម្ភោធ​ផ្សារ​ម៉ា​ក្រូ​ដាក់​ឲ្យ​ធ្វើ​អាជីវកម្ម​ ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ ក៏​ដូច​ជា​ភ្ញៀវ​ទេស​ចរណ៍​ជាតិ ​អន្តរ​ជាតិ ​សំខាន់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​សៀម​រាប ​ផ្យារ​ម៉ាក្រូ​សៀម​រាប​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៦ ​ភូមិ​គោក​ត្នោត​ ឃុំ​កណ្តែក​ នៃ​ស្រុក​ប្រាសាទ​បា​គង ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀម​រាប​នោះ​ទេ ​ត្រូវ​បាន​សម្ភោធ​កាត់​ខ្សែ​បូរ​ ដាក់​ឲ្យ​ដំណើរ​ការ​ធ្វើ​អាជីវ​កម្ម​នៅ​លើ​ទឹក​ដី​ប្រវត្តិសាស្ត្រ ​ខេត្ត​សៀម​រាប​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ​៥​រោច​ ខែ​បុស្ស ​ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​​​ទី​​២៥ ​ខែ​មករា ​ឆ្នាំ​២០១៩ ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ ចុះ​ជួយ​ខេត្ត​សៀម​រាប ​និង​លោក​ជំទាវ​។ 

      តាម​ការ​បញ្ជាក់​របស់​លោក​ស្រី​នាយិការ​គ្រប់​គ្រង​ផ្សារ​ម៉ា​ក្រូ​ សា​ខា​ខេត្ត​សៀម​រាប ​បាន​បញ្ជាក់​ថា​៖ ក្រុម​ហ៊ុន ​មាន​គម្រោង​៥​ឆ្នាំ​របស់​ខ្លួន​ ដើម្បី​ពង្រីក​សា​ខា​របស់​ខ្លួន​ឲ្យ​បាន​ចំនួន​៩​សាខា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​ជួយ​បង្កើត​ឱកាស​ការ​ងារ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា ​យ៉ាង​តិច​ប្រមាណ​ជា​២​ពាន់​កន្លែង​។ បច្ចុប្បន្ន​នេះ​ផ្សារ​ម៉ាក្រូ​ទាំង​២​សាខា​នៅ​កម្ពុជា ​មាន​បុគ្គលិក​បំរើ​ការ​ប្រមាណ​ជាង​៥០០​នាក់​ ក្នុង​នោះ​​នៅ​​សៀម​​រា​ប​ មាន​ប្រមាណ​ជា​ ២០០​នាក់​ ហើយ​ក្នុង​ចំនួន​បុគ្គលិក​ទាំង​នេះ​ ៩៨%​ជា​បុគ្គលិក​ជន​ជាតិ​ខ្មែរ​។ 

      មាន​ប្រសាសន៍​​នា​ឱកាស​ដែរ​​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បាន​គូស​បញ្ជាក់​ថា​៖ ក្រោម​គោល​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​កិច្ច​ដឹក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី ​ដែល​ធ្វើ​ឲ្យ​ព្រះ​រាជាណាចក្រ​កម្ពុជា ​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ​និង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ ​ក្នុង​ និង​ក្រៅ​ប្រទេស ​មាន​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​ចូល​មក​ធ្វើ​ការ​បណ្តាក់​ទុន ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ ដោយ​កត្តា​នេះ​ហើយ​ផ្សារ​ម៉ាក្រូ​ ត្រូវ​បាន​បើក​ដំណើ​រ​ការ​សាខា​របស់​ខ្លួន​នៅ​ខេត្ត​សៀម​រាប​ ដែល​​ជា​សាខា​ទី​២​បន្ទាប់​ពី​ក្រុង​ភ្នំពេញ ​ក្នុង​ការ​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច​សង្គម ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជា​ការ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ និង​ប្រជាជន​នៅ​ខេត្ត​ សៀម​រាប​។ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​កោត​សរសើរ​ចំពោះ​ក្រុម​ហ៊ុន ​និង​បុគ្គលិក​ផ្សរ​ម៉ាក្រូ​ទាំង​អស់​ ដែល​បាន​ខិត​ខំ​បង្កើត​នូវ​ ផ្សារ​ម៉ាក្រូ​កម្ពុជា​នេះ​ឡើង ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​។ ហើយ​ទាំង​នេះ​ក៏​ជា​សមទ្ធិផល​ថ្មី​មួយ​ទៀត ​នៅ​ក្នុង​ចំណោម​សមទ្ធិផល​ជា​ច្រើន​ ដែល​វិស័យ​ឯក​ជន​បាន​ចូល​រួម​ចំណែក ​និង​ដើរ​តួ​យ៉ាង​សំខាន់ ​ក្នុង​ការ​ជម្រុញ​បណ្តាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា ​ស្រម​តាម​កម្ម​វិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ បច្ចុប្បន្ន​នេះ​កម្ពុជា ​បាន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អនុ​គ្រោះ​ដ៏​ប្រសើរ​ ដែល​បង្ក​លក្ខណៈ​សម្បត្តិ​ឲ្យ​ប្រជាពល​រដ្ឋ​រួម​សាមគ្គី​គ្នា​ ឈាន​ទៅ​សម្រេច​បាន​នូវ​សមទ្ធិផល​ធំ​ៗ​ថែម​ទៀត ​ក្នុង​ដំណើរ​ការ​កសាង​ជាតិ​ និង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​ តាម​រយៈ​បង្កើត​ឱកាស​មាស​ ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ សេដ្ឋកិច្ច​ ព្រម​ទាំង​មាន​បរិយា​កាស​ល្អ​ សម្រាប់​ការ​វិនិយោគ ​និង​ធុរៈកិច្ច​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​ព្រម​ទាំង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ ជា​មួយ​ដៃ​គូរ​អន្តរ​ជាតិ ​នូវ​ភាព​ជា​ដៃ​គូរ​យុទ្ធសាស្ត្រ​ទៀត​ផង​។ សម្តេច​ពិជ័យ​សេនា ​បាន​បន្ត​ទៀត​ថា​៖ រាជរដ្ឋា​ភិបាល​បាន​កំពុង ​ជម្រុញ​វិនិយោគ​សាធារណៈ ​និង​វិនិយោគ​ឯក​ជន​ ដើមី្ប​បង្កើន​ភាព​ទាក់​ទាញ ​អ្នក​វិនិយោគ​ទាំង​ក្រប​ខណ្ឌ័​ទ្វេរ​ភាគី ​និង​ពហុ​ភាគី​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ កាន់​តែ​មាន​ភាព​រីក​ចម្រើន ​លើ​ទំហំ​ពាណិជ្ជកម្ម ​និង​ទេសចរណ៍​។ ​ជា​ការ​ពិត​ណាស់ ​លំហូរ​ពាណិជ្ជកម្ម​មាន​ការ​កើន​ទ្វេរ​ឡើង​ជា​បន្ត​បន្ទាប់​ សំខាន់​គោល​នយោ​បាយ​បើក​ចំហរ​ជើង​មេឃ ​ត្រូវ​បាន​អ្នក​វិនិយោគ​ទុន​ជា​ច្រើន​បាន​ចូល​មក​កម្ពុជា ​ក្នុង​នោះ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ ​បាន​ហោះ​ហើរ​មក​កម្ពុជា ​ក្នុង​មួយ​សប្តាហ៍​មាន​១៣៧​ជើង ​ក្នុង​ការ​បម្រើ​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​ និង​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ទាំង​នេះ​ក៏​ដោយ​​សារ​កម្ពុជា​​មាន​សន្ទុះ​អភិវឌ្ឍន៍​កាន់​តែ​ខ្លាំង​ក្លា​ ប្រកប​ទៅ​ដោយ​ភាព​ដ៏​សម្បូរ​បែប ​នៅ​តាម​រមណីយដ្ឋាន​វប្បធម៌ ​និង​ធម្មជាតិ ​សំខាន់​កម្ពុជា​យើង​មាន​នូវ​សន្តិសុខ​ និង​សន្តិភាព​ពេញ​លេញ​​នៅ​ទូទាំង​ប្រទេស​កម្ពុជា​​។ កិច្ចការ​ទាំង​នេះ ​ក៏​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ ដែល​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៅ​កម្ពុជា ​ពី​ស្ថាន​ភាព​សង្គម​ សេដ្ឋកិច្ច​ជាតិ​។ កត្តា​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​រីក​ចម្រើន​មក​ដល់​ពេល​នេះ ​គឺ​ត្រូវ​រួម​ចំណែក​នៅ​គ្រប់​វិនាទី​ ក្នុង​ការ​ថែ​រក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​  ដោយ​សុខ​សន្តិភាព​នេះ​ហើយ ​ដែល​នាំ​ឲ្យ​យើង​បង្កើត​បាន​នូវ​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ក្រុម​ហ៊ុន​ផ្សារ​ម៉ាក្រូ​កម្ពុជា​ ដែល​មាន​ជំនឿ​ទុក​ចិត្ត​លើ​រាជរដ្ឋា​ភិបាល ​ក៏​ដូច​ប្រជា​ជន​កម្ពុជា​ ដែល​បាន​មក​ធ្វើ​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ នៅ​ក្នុង​កាលៈ​ទេសៈ​មួយ​ដែល​កម្ពុជា ​កំពុង​មាន​តម្រូវ​ការ​ ក្នុង​ការ​ជម្រុញ​លើក​ទឹក​ចិត្ត​ យ៉ាង​សកម្ម​ខ្លាំង​ក្លា​ ដល់​សកម្មភាព​វិនិយោគ​។ ​ទាំង​នេះ​ដោយ​កំណើន​សេដ្ឋកិច្ច​គ្រួសារ ​និង​ការ​យល់​ដឹង​ពី​សុខ​ភាព​របស់​បង​ប្អូន​ប្រជាពល​រដ្ឋ​ផង​ដែ​រ។ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ធ្វើ​ការ​ផ្តាំ​ផ្ញើ​ដល់​បុគ្គលិក​ផ្សារ​ម៉ាក្រូ​សៀម​រាប ​ក៏​ដូច​នៅ​កន្លែង​ផ្សេង​ៗ​ទៀត ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​ ភារ​កិច្ច​របស់​ខ្លួន ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្មួយៗ ​ហើយ​ការ​ងារ​ទាំង​នេះ​មិន​ត្រឹម​ផ្តល់​ផល​ប្រយោជន៍​ចំពោះ​ក្មួយ​ៗ​ប៉ុណ្ណោះ​ទេ​ គឺ​ចូល​រួម​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កិត្តិនាម​ប្រទេស​ និង​ប្រជាជន​កម្ពុជា​​។ ​សម្តេច​ពិជ័យ​ក៏​ មាន​ជំនឿ​ជឿ​ជាក់​ថា​ ភាព​ជោគ​ជ័យ​របស់​ក្រុម​ហ៊ុន​ផ្សារ​ម៉ាក្រូ​នា​ពេល​ខាង​មុខ ​និង​ក្លាយ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ និង​ធ្វើ​ការ​ទាក់​ទាញ​ដល់​អ្នក​វិនិយោគ​ឯ​ទៀត ​ចូល​មក​បណ្តាក់​ទុន ​វិនិយោគ​នៅ​កម្ពុជា​កាន់​​តែ​ច្រើន​ឡើង​ ព្រម​ទាំង​បង្កើន​នូវ​ការ​ងារ​ថ្មី​ ជូន​ដល់​ប្រជាជន​កម្ពុជា​។ ម៉្យាង​ទៀត​ក៏​ផ្តល់​ឱកាស​នូវ​ទី​ផ្សា​រ ដល់​ប្រជា​កសិករ​កម្ពុជា ​នាំ​យក​នូវ​កសិផល​ដែល​ពួក​គាត់​ផលិត​បាន​ប្រកប​ដោយ​សុវត្ថិភាព​ មក​ដាក់​នៅ​ក្នុង​ទី​ផ្សារ​ម៉ាក្រូ​នេះ​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ