ព័ត៌មាន

សម្តេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក នៃ​​កង​យោធពល​ខេមរ​ភូមិន្ទ​​ (​២៤​.​មករា​.​១៩៩៩​-​២៤​.ម​ករា​.​២០១៩​)
នាយកដ្ឋានព័ត៌មាន(៣)
693
740 សម្តេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក នៃ​​កង​យោធពល​ខេមរ​ភូមិន្ទ​​ (​២៤​.​មករា​.​១៩៩៩​-​២៤​.ម​ករា​.​២០១៩​)

​      កង​ទ័ព​ជើង​គោក ​នៃ​កង​យោពល​ខេមរ​ភូមិន្ទ​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៩ ​ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​ ២៤​ ខែ​មករា​ ជា​ថ្ងៃ​កំណើត​របស់​ខ្លួន​,​ ហើយ​គិត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​២០​ឆ្នាំ​ហើយ​​។ ពិធី​អបអរ​សាទរ​ខួប​ទី​២០​ ថ្ងៃ​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​នៅ​ថ្ងៃ​ទី​​២៤ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ ដ៏​ខ្ពង់​ខ្ពស់​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ នា​យ​ឧត្តម​សេនីយ៍​ផុត​លេខ​​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និងជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក

    ពិធី​នេះ​ប្រារព្ធ​ឡើង​យ៉ាង​មហោ​ឡា​រឹក​ នៅ​ទី​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ ដែល​ស្ថិត​ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​។ សុន្ទរក​ថា​ស្វាមន៍ ​និង​របាយ​ការណ៍​របស់ ​ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ហ៊ុន ​ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​រម្លឹក​ឡើង​ថា​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា​ឆ្នាំ​១៩៩៩ ​តាម​ព្រះ​រាជ​ក្រឹត្យ​លេខ​ នស​/​រ​ក​ត​/​០១៩៩​/​២១​ រួម​ជា​មួយ​ថ្ងៃ​បង្កើត​ អគ្គ​បញ្ជាការ​ដ្ឋាន​កង​យោធពល​ខេមរ​ភូមិន្ទ​ ដោយ​នា​ពេល​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​មាស​ សុភា ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណា​កម្ពុជា​ ត្រាស់​បង្គាប់​តែង​តាំង​ ជា​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ និងឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ជា​ សា​រ៉ន​ ជា​មេ​បញ្ជាការ​រង ​និង​ជា​នាយ​សេនាធិការ​ រួម​ជា​មួយ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​មួយ​ចំនួន​ទៀត​។​ ជាក់​ស្តែង​កង​ទ័ព​ជើង​គោក​ មាន​កំណើតរួម​ជា​មួយ​នឹង​ថ្ងៃ​បង្កើត​កង​យោធពល​ខេមរ​ភូមិន្ទ ​មក​ម្ល៉េះ ​គឺ​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​តែ​មិន​ធ្លាប់​មាន​បញ្ជាការ​ដ្ឋាន​សម្រាប់​ដឹក​នាំ​គ្រប់​គ្រង​បញ្ហា​នោះ​ទេ​។​ រហូត​មក​ដល់​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​១៩៩៩​ ទើប​មាន​ការ​បង្កើត​ឡើង ​នូវ​បញ្ជាការ​ដ្ឋាន​ កង​ទ័ព​ជើង​គោក​នេះ ​ដែល​ស្រប​ទៅ​តាម​គោល​នយោបាយ ​ក្នុង​ និង​ក្រៅ​ប្រទេស​របស់​កម្ពុជា​ គឺ​ការ​សមាហរណ​កម្ម​កម្ពុជា​ទៅ​ក្នុង​សហគមន៍ ​ក្នុង​តំបន់ ​និង​ពិភព​លោក ​ជា​ពិសេស​ក្នុង​ឋានៈ​ជា​សមាជិក​ នៃ​សហគមន៍​អាស៊ាន។ ក្នុង​ពេល​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ដំបូង ​កង​ទ័ព​ជើង​គោក ​មាន​អង្គភាព​ ចំណុះ​ច្រើន​រហូត​ដល់​១៨​កង​ពល​ធំ​, ៥​កង​ពល​តូច​ និង​៤​វរសេនា​ធំ​, ៤​វរសេនា​តូច ​ប៉ុន្តែ​កង​ទ័ព​ជើង​គោក​​ បាន​ធ្វើ​ការ​កែ​ទម្រង់​ដោយ​បាន​កែ​សម្រួល​អង្គភាព ​មក​នៅ​ត្រឹម​៨​កង​ពល​តូច​ និង១​វរសេនា​ធំ​។​ ចាប់​ពី​ឆ្នាំ​១៩៩៩​ ដល់​ឆ្នាំ​២០១៦ ​ក្រៅ​ពី​បង្រួម​ក្បាល​អង្គភាព​ ក៏​មាន​ការ​បង្កើត​អង្គភាព​ថ្មី​ មួយ​ចំនួន​ ដូច​ជា​កង​ឯកភាព​ការ​ពារ​ព្រំ​ដែន​ វរសេនា​តូច​ព្រំ​ដែន ​កង​អនុសេនា​ធំ​ ស្រុក​ជាប់​ព្រំ​ដែន ​និង​កែ​សម្រួល​តួនាទី​ភារ​កិច្ច​ប្តូរ​ឈ្មោះ​ដល់​អង្គ​ភាព ​និង​ស្ថាប័ន​ជំនាញ​​មួយ​ចំនួន​​ជា​បន្ត​បន្ទាប់​ផង​ដែរ​។​ នៅ​ឆ្នាំ​២០១៨ ​កង​ទ័ព​ជើង​គោក​ មាន​ស្ថាប័ន​អង្គភាព​ចំណុះ​ផ្ទាល់​បញ្ជាការ​ដ្ឋាន​​កង​ទ័ព​​ជើង​គោក ​រួម​មាន​៖​ ១៥​ការិយា​ល័យ​,​ ៥​បញ្ជាការ​ដ្ឋាន​ជំនាញ​,​ ១​មជ្ឈមណ្ឌល​ និង​មាន​មណ្ឌល​​អភិវឌ្ឃន៍​ចំនួន​១​។ កង​ទ័ព​ជើង​គោ​ក ក៏​មាន​ភារកិច្ច​គ្រប់​គ្រង​ និង​ដឹក​នាំ​បញ្ជា ​៦​យោធ​ភូមិ​ភាគ​, ២​កង​ពល​ធំ​អន្តរាគមន៍​,​ ៥​កង​ពល​តូច​អន្តរាគមន៍ ​និង៦​កង​ពល​តូច​,​ ២៤​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្ត​ ក្រុង​, ​១​វរសេនា​ធំ​, ៦​សាលា​ពល​ទាហាន ​និង៧​កង​ការ​ពារ​ព្រំ​ដែន​។ ឈាន​​ចូល​មក​ដល់​ថ្ងៃ​ទី​៦ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រថ្មី​មួយ​​ទៀត ​របស់​កង​ទ័ព​ជើង​គោក ​ក្នុង​ការ​ចូល​រួម​អនុវត្ត​ ផែន​ការ​កែ​ទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ ​ដោយ​ ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ប្រមុខ​រាជ​រដ្ឋាភិបាល​តែង​តាំង​ ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ហើយ​ទទឹម​នេះ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​អង្គភាព​ចំនួន​៦ រួម​មាន​៖​ កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ​កង​ពល​តូច​អន្តរាគមន៍​លេខ​១​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០​ កង​ពល​តូច​ទ័ព​​ពិសេស​ឆត្រ័​យោង​លេខ​៩១១​ និង​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩០​ ដែ​លពី​មុន​ ស្ថិត​នៅ​ ក្រោម​ការ​ដឹក​នាំ​ បញ្ជា​របស់​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ ​ត្រូវ​បាន​ផ្ទេរ​ឲ្យ​មក​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​វិញ​។​  សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ នា​យ​ឧត្តម​សេនីយ៍​ផុត​លេខ​​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា

     ក្នុង​នាម​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ សម្ដេច​តេជោ​ បាន​អបអរសាទរ​ចំពោះការរីក​ធំ​ធាត់​ នៃ​កង​ទ័ព​ជើង​គោក​និយាយ​ដោយ​ឡែក​ និង​និយាយ​រួម ​សម្រាប់​កង​យោធពល​ខេមរ​ភូមិន្ទ​ ហើយ​សម្ដេច​បាន ​សម្ដែង​ជូន​នូវ​ការ​អរគុណ​ចំពោះ​អតីត​យុទ្ធ​ជន​យុទ្ធ​នារី​ ដែល​បាន​ចូល​និវត្តន៍​ ហើយ​ជា​ពិសេស ​គឺ​ថ្លែង​នូវ​ការ​កោត​សរសើរ ​និង​អរគុណ​ចំពោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ មាស សុភា ដែល​បាន​ដឹក​នាំ​គ្រប់​គ្រង​កង​ទ័ព​ជើង​គោក​ ក្នុង​រយៈ​ពេល​កន្លង​ទៅ​។ ក្នុង​នេះ​ដែរ​ សម្ដេច​តេ​ជោ ​បាន​ផ្ដាំ​ផ្ញើនូវ​ការ​​សួរ​សុខ​ទុក្ខ និង​ការ​គោរព​ចំពោះ ​ក្រុម​​គ្រួសារ​នៃ​អតីត​យុជន ​ក្រុម​គ្រួសារ​យុទ្ធជន ​ដែល​បាន​ពលី​មរណៈ​ ក្នុង​រយៈ​ពេល​កន្លង​ទៅ​។ សម្ដេច​តេជោ ​បាន​រំលឹក​ លើ​បញ្ហា​មួយ​ចំនួន ​សម្រាប់​កង​ទ័ព​ ទាំង​ជើង​គោក ​ជើង​ទឹក​ ជើង​អាកាស ​អាវុធ​ហត្ថ​ និង​គ្រប់​កង​ទ័ព​ជំនាញ​ដទៃ​ទៀត​ នូវ​ភារ​កិច្ច​១០​យ៉ាង ​ដែល​ត្រូវ​យក​ចិត្ដ​​ទុក​ដាក់​ ក្នុង​នោះមាន៖

     ទី១​៖​ ត្រៀម​​ខ្លួន​​ជា​​ស្រេច​​ ការ​​ពារ​ឯករាជ្យ​ អធិប​តេយ្យ​ជាតិ ​បន្ត​អនុវត្ត​ឲ្យ​បាន​ ខ្ជាប់​ខ្ជួន​នូវ ​ខឿន​ការ​ពារ​ជាតិ​របស់​ប្រជាជន។

     ទី២៖ រួម​ជា​មួយ​កម្លាំង​ផ្សេង​ទៀត​រក្សា​សន្តិភាព​ ស្ថិរភាព​នយោបាយ ​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ ចូល​រួម​អនុវត្ត​នយោ​បាយ ​ភូមិ​ឃុំ​មាន​សុវត្តិភាព ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ចោរ​កម្ម​​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ និង​អំពើ​អសកម្ម​ផ្សេងៗ​។ ត្រូវ​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង ​ទៅ​ជា​ប្រទេស​ ដែល​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ​។ ទោះ​ដោយ​តម្លៃ​ណា​ក៏​ដោយ​មិន​ត្រូវ​ បណ្តែតបណ្តោយ​ឲ្យ​អ្នក​ណា​មួយ​មក​បំផ្លាញ​​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាកនោះ​ទេ​។​ ហើយ​ត្រូវ​តែ​ខិត​ខំ ​រក្សា​នូវ​សន្តិភាព​នេះ​ ត្រូវ​ខិត​ខំ​ចូល​រួម​រក្សា​ នូវ​ស្ថេរ​ភាព​នយោ​បាយ ​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សង្គម​ និងចូល​រួមចំណែក​បំផ្លាញ​ចោល​រាល់​អំពើ​អសកម្ម​ទាំង​ឡាយឲ្យអស់​។

     ទី៣៖ ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ និង​វាយ​កម្ទេច​ចោល ​ឱ្យ​ទាន់​ពេល​វេលា​នូវ​ ឧបាយ​កល​បដិវត្តន៍​ពណ៌ ​ដែល​ប៉ុន​ប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ តាម​រយៈ​មធ្យោបាយ​ មិន​ប្រជា​ធិប​តេយ្យ ​និង​ផ្ទុយ​ជា​មួយ​រដ្ឋ​ធម្មនុញ្ញ​។ កង​កម្លាំង​ប្រដាប់​អាវុធ ​មាន​ភារកិច្ច ​ការ​ពារ​រដ្ឋ​ ដូចច្នេះ​ មិន​មាន​ពាក្យ​ថា ​អព្យា​ក្រឹត​ជា​មួយ​ពួក​ឧទ្ទាម​ ទាំង​​ឧទ្ទាម​ក្នុង​ព្រៃ​ និង​ឧទ្ទាមក្នុង​ទី​ក្រុង​នោះ​ទេ​។​ ​កង​ទ័ព​ ត្រូវ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើ​ភេរវកម្ម​ គ្រប់​រូបភាពដែល​កំពុង​​គំរាម​កំហែង​ពិភព​លោក​បច្ចុប្បន្ន​ហើយការពាជាដាច់ខាត ​មិន​​ឲ្យ​កម្ពុជា ​ក្លាយ​ទៅ​ជា​ជម្រក​របស់​ភេរវកម្មករ​ ឬ​ជា​ទី​កន្លែង​នៃ​ការ​វាយ​ប្រហារ​ភេវរ​កម្ម​នោះ​ទេ​ យើង​ក៏​ត្រូវ​ផ្ដល់​នូវ​ កិច្ច​សហប្រតិបត្តិការជា​មួយ​ប្រទេស ​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ ដើម្បី​រួម​គ្នា​ប្រឆាំង ​នឹង​អំពើ​ភេរវ​កម្ម ​ដែល​កំពុង​គំរាម​កំហែង​ពិភព​លោក​។​ ជា​មួយ​នឹង​ការ​ប្រឆាំង​ភេរវ​កម្ម​ ក៏​ត្រូវ​កម្ចាត់​ចោល​ជា​បន្ទាន់​ ដោយ​មិន​ចាំ​បាច់​រង់​ចាំ​បទ​បញ្ជា ​នូវ​ទង្វើ​ណា​ក៏​ដោយ ​ដែល​ប៉ុន​ប៉ង​ ដើម្បី​ដណ្ដើម​អំណាច​ក្រៅ​ប្រព័ន្ធ​​ប្រជាធិប​តេយ្យ​,​ ក្រៅ​កា​រ​បោះ​ឆ្នោត​ ដែល​ផ្ទុយ​នឹង​រដ្ឋ​ធម្ម​នុញ្ញ​។

       ទី៤៖ ​កង​ទ័ព​ទាំង​អស់ត្រូវ​ចូល​រួម​ជា​មួយ​កម្លាំង​ផ្សេង​ទៀត​ដើម្បី​ជួយ​​ដល់​ប្រជា​ជន​ ពិសេស​ពេល​មាន​គ្រោះ​មហន្ត​រាយ​។ ​កង​ទ័ព​ជា​កូន​ចៅ​ប្រជា​ជន​ ដូច្នេះនៅ​ទី​ណា​ក៏​ដោយ ​កងទ័ពត្រូវធ្វើខ្លួនឲ្យស្អាតស្អំហើយនិង​រួមសុខ​ទុក្ខគ្រប់​កាលៈ​ទេសៈ ជាមួយ​ប្រជា​ជន​ ជួយ​​ប្រជា​​ជន​ដែល​មាន​ការ​លំបាក ​ខិត​ខំ​ធ្វើ​​កិច្ច​ការ​គ្រប់យ៉ាងដែល​យើង​អាច​ធ្វើ​ទៅ​បាន​ ដើម្បីជួយ​ប្រជា​ជន​ ជា​ពិសេស​ប្រជា​ជន​ដែល​មាន​ជីវភាព​ក្រី​ក្រ​ ជួប​ការ​លំបាក​។

      ទី៥៖  កង​ទ័ព​ត្រូវ​គាំទ្រ​ដល់​កម្លាំង ​អនុវត្ត​ច្បាប់ ​ដើម្បី​ឈាន​ទៅ​ដល់​ ការ​ការ​ពារ​ព្រៃ​ឈើ ​ជល​ផល និ​ង​ធន​ធាន​ធម្មជាតិ​ដទៃ​ទៀត​។​ ចូល​រួម​រក្សា​នូវ​ធន​ធាន ​ជល​ផល​ដ៏​កម្រ​របស់យើង ​ក្នុងការទប់ស្កាត់​​ អំពើ​អសកម្ម​នា​នា​ ទាក់​ទង​នឹង​វិស័យ​ជល​ផល​ ដូចជា​ការ​ធ្វើ​នេ​សាទ​ ​ខុស​ច្បាប់​ជាដើមហើយ​ត្រូវ​ចូល​រួម​រក្សា​នូវ​ធន​ធាន​ធម្មជាតិ​ដទៃ​ទៀត ​ដែល​មាន​នៅ​ក្នុ​ង ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ត្រូវ​ដាក់​ទោស​ទណ្ឌ​ អ្នក​ណា​ក៏​ដោយ​  ឋានៈ​ណា​ក៏​ដោយ​ ដែល​ឃុប​ឃិត ​ឬ​ក៏​បំពាន ​​លើ​បទ​បញ្ជា​ទាំង​នោះ​។

      ទី៦៖ ត្រូវ​គាំទ្រ​ដល់​ការ​ប្រមូល​ថវិកា​ជាតិ​ ទាំង​ថ្នាក់​ជាតិ ​ទាំង​ថ្នាក់​ក្រោម​ជាតិ។

      ទី៧៖ ខិត​ខំ​ពង្រឹង​វិន័យ​កង​ទ័ព ​ដើម្បី​បង្កើន​សមត្ថភាព​ លើ​គ្រប់​ផ្នែក​។ ចំណុច​នេះ ​គឺ​ជា​ចំណុច​ដ៏​សំខាន់​មួយ ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ចំពោះការ​ហ្វឹក​ហ្វឺន​ ហើយត្រូវ​ធ្វើ​ជា​ប្រចាំ​គ្រប់​មុខ​ជំនាញ ​ទាំង​អស់​។

​      ទី៨៖ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​សម្ភារៈ ​ឧបករណ៍​គ្រប់​ប្រភេទ​ទាំង​អស់​​ ដែល​ជា​គ្រឿង​បំពាក់​សម្រាប់​កង​ទ័ព​។

      ទី៩៖ យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​កង​ទ័ព ​ជា​ពិសេស​ចំពោះ​តំបន់​ដាច់​ស្រយាល ​ទាំង​អស់​ត្រូវ​មាន​ការ​រៀប​ចំ​​ ដើម្បី​ឲ្យ​កង​ទ័ព​យើង​មាន​គ្រប់​លក្ខណៈ​សម្បត្តិ​  និង​ថែ​ទាំ​សុខ​ភាព​ជម្រក​ស្នាក់​នៅ ​គ្រប់​ទី​កន្លែង​។

      និង​ទី​១០​៖ កង​ទ័ព​ត្រូវ​ដើរ​តួនាទី ​ជា​អ្នក​ការ​ទូត ​ក្នុង​ការ​កសាង ​ទំនាក់​ទំនង​ល្អ​​ជា​មួយ​ប្រទេស​ជិត​ខាង ​និង​កសាង​ទំនាក់​ទំនង​ល្អ ​ជា​មួយ​ប្រទេស​ជា​មិត្ត​ទាំង​អស់​ នៅ​លើ​ពិភព​លោក​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ