ព័ត៌មាន

​ពិធី​សាក​ល្បង​ផែន​ឈ ​ផែន​តាំង​យោធូប​ករណ៍​យោធា ​កង​ទ័ព​ជើង​គោក​ ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ ​
នាយកដ្ឋានព័ត៌មាន(៣)
438
734 ​ពិធី​សាក​ល្បង​ផែន​ឈ ​ផែន​តាំង​យោធូប​ករណ៍​យោធា ​កង​ទ័ព​ជើង​គោក​ ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ ​

     ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​រៀប​ចំ​ប្រារព្ធ​ពិ​ធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ​ នៃ​ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​(២៤ ​មករា ​ឆ្នាំ​១៩៩៩-២៤ មករា ឆ្នាំ​២០១៩) ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​, នឹង​២២​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ​បាន​រៀប​ចំ​ពិធី​សាក​ល្បង​លើក​ទី១​ និង​លើក​ទី២​ នូវ​ផែន​ឈ​កង​ទ័ព​ថ្មើរ​ជើង​, ​កង​​ទ័ព​​ជំនាញ, នឹង​ផែន​តាំង​យោធូប​ករណ៍​យោធា ​ដែល​មាន​រថក្រោះ ​រថពាស​ដែក​ កាំ​ភ្លើង​ធំ​ប្រតិកម្ម​រហ័ស​, កាំ​ត្បាល់, កាំ​ភ្លើង​ថ្មើរ​ជើង​, គ្រឿង​ចក្រ​វិស្វកម្ម, ជា​ច្រើន​គ្រឿង​ មុន​ចូល​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​ផ្លូវ​ការ​ នា​ថ្ងៃ​ទី​២៤​ ខែ​មករា ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ក្រោម​អធិបតី​ដ៍​ខ្ពង់​ខ្ពស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​នៅ​ក្នុង​បរិវេណ​ នៃ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ស្ថិត​ក្នុង​សង្កាត់​កន្ទោក ​ខ័ណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ។ 

     នៅ​ក្នុង​ពិធី​សាក​ល្បង​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​គម្រប់​២០​ឆ្នាំ​ នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​នេះ​ដែរ​ ក្រុម​ការ​ងារ​បាន​រៀប​ចំ​នូវ​ផែន​ឈ​ និង​ផែន​តាំង ​ដើម្បី​បង្ហាញ​នូវ​ភាព​អង់​អាច​ក្លាហាន​របស់ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​បណ្ដា​ទ័ព​ជំនាញ​ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​របស់​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។ ក្នុង​នោះ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​បាន​រៀប​ចំ​ផែន​ឈ ​និង​ផែន​តាំង​ចំនួន​ ២៤​ផែន​ ដែល​រួម​មាន​៖ ផែន​នាយ​ទាហាន​ជំនាញ​រថក្រោះ​, ផែន​នាយ​ទាហាន​ជំនាញ​កាំភ្លើង​ធំ, ផែន​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​, ផែន​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣, ផែន​កង​ពល​តូច​អន្តរាគមន៍​លេខ​១​, ផែន​កង​ពល​តូច​អន្តរាគមន៍​លេខ​១៤​, ផែន​កង​ពល​តូច​ថ្មើរ​ជើង​លេខ​១៤, ផែន​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​លេខ​៩១១​, ផែន​យោធ​ភូមិ​ភាគ​ពិសេស​, ផែន​យោធ​ភូមិ​ភាគ​ទី១, ​ទី២​,​ ​ទី៣​,​ ​ទី៤​,​ ទី៥,​ ផែន​វិស្វកម្ម​, ផែន​កម្លាំង​អន្តរាគមន៍​កង​ទ័ព​ជើង​គោក​, ផែន​វិទ្យុ​ទាក់​ទង​, ផែន​ការិយាល័យ​អភិវឌ្ឍន៍​, ផែន​ការ​ពារ​ព្រំ​ដែន​, និង​ផែន​ក្បាច់​គុណ​។​ 

     សូម​បញ្ជាក់​ថា៖ ក្នុង​ពិធី​សាក​ល្បង​ផែន​ឈ ​និង​ផែន​តាំង​ទាំង​ពីរ​លើក​នេះ​ គេ​សង្កេត​ឃើញ​មាន​ការ​អញ្ជើញ​ចូល​រួម​ និង​ពិនិត្យ​មើល​សកម្មភាព​ទាំង​នោះ​ដោយ​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃខ.ភ.ម​ នាយ​ឧត្តម​សេនីយ៍ ​ឥត ​សារ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ​ នៃខ.ភ.ម នាយ​ឧត្តម​សេនីយ៍ ​ហ៊ីង ​ប៊ុន​ហៀង ​អគ្គ​មេ​បញ្ជាការ​រង​ នៃខ.ភ.ម ​និង​ជា​មេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​អង្គ​រក្ស​ និងឧត្តម​សេនីយ៍​ឯក​  ហ៊ុន ​ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម ​រួម​នឹង​ថ្នាក់​ដឹក​នាំ​កង​ទ័ព​​ជើង​គោក​ មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​គ្រប់​យោធ​ភូមិ​ភាគ​, មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ កង​ពល​ធំ​ កង​ពល​តូច ​និង​បណ្តា​ទ័ព​ជំនាញ​ជា​ច្រើន​រូប​ផង​ដែរ​។​ កង​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ សូម​ប្ដេជ្ញា​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​​ ការ​ពារ​ព្រះ​មហាក្សត្រ​ ការ​ពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ប្រឆាំង​ដាច់​ខាត​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ប៉ុន​ប៉ង​បំផ្លិច​​បំផ្លាញ​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​ របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​​។ ក្នុង​ការ​សាក​ល្បង​ផែន​ឈ ​និង​ផែន​តាំង​យោធូ​ប​ករណ៍​យោធា ​ទាំង​ពីរ​ថ្ងៃ​នេះ ​ថ្នាក់​ដឹក​នាំ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​ការ​ណែ​នាំ​ដល់​កម្លាំង​ប្រភេទ​ទ័ព​ទាំង​អស់​ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ ធ្វើ​ឲ្យ​បាន​ល្អ​ ទាំង​ផែន​ឈ ​និង​​ផែន​យោ​ធូ​ប​ករណ៍​ ក្នុង​ពេល​សាក​ល្បង​ទាំង​ពីរ​លើក​នេះ ​ដូច​ជា​ក្នុង​ពិធី​ផ្លូវ​ការ​ ត្រូវ​ធ្វើ​ឲ្យ​ល្អ​ ហើយ​ក្នុង​ពេល​ប្រារព្ធ​ពិធី​ក៍​ត្រូវ​តាំង​ចិត្ត​ពង្រឹង​ស្មារតី​ សម្រួច​ឆន្ទៈ ​បញ្ចេញ​នូវ​ភាព​អង់​អាច​ក្លាហាន ​ពិសេស​ត្រូវ​ថែ​ទាំ​សុខ​ភាព ​រក្សា​វិន័យ​ សណ្ដាប់​ធ្នាប់​ អោយ​សាក​សម​ជា​កង​ទ័ព​ជើង​គោក​ នៃខ.ភ.ម​ ដ៏​អង់​អាច​របស់​ជាតិ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ