ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ចូល​រួម​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧០ ​ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ​
នាយកដ្ឋានព័ត៌មាន(៣)
435
732 សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​អញ្ជើញ​ចូល​រួម​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧០ ​ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ​

     ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស ​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​កង​យោធពល​ខេមរ​ភូមិន្ទ​ធ្វើ​ទស្សនៈកិច្ច​ជា​ផ្លូវ​ការ ​និង​ជា​មិត្ត​ភាព​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ​ ចាប់​ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២១​ ខែ​មករា ​ឆ្នាំ​២០១៩​។​

     នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​មករា ​ឆ្នាំ​២០១៩ ​សម្ដេច​ពិជ័យ​សេនា ​ព្រម​ទាំង​គណៈ​​ប្រតិភូ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ​ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​ក្រុង​វៀង​ចន្ទ​។​ នៅ​ក្នុង​ពិធី​នា​ឱកាស​នោះ​​ដែរ​ ក៏​មាន​ការ​ចូល​រួម​ពី​​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ​ ​មក​ពី​ប្រទេស​​វៀត​ណាម ​ថៃ ​សហភាព​មី​យ៉ាន់​ម៉ា ​ចិន​ និង​ប្រតិភូ​កង​ទ័ព​មក​ពី​សហពន្ធ័​រុស្ស៊ី​​​ និង​​ប្រមុខ​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មា​និត​ឡាវ។​ ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ ប៊ុន​យ៉ាំង ​វឡាក់​ជិត​ អគ្គលេខា​ នៃ​គណៈកម្មា​ធិការ​មជ្ឈឹម​បក្ស ​និង​ជា​ប្រធាន​រដ្ឋ​ នៃ​សា​ធារណរដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មា​និត​ឡាវ​ បាន​ថ្លែង​ថា​៖ មុន​នេះ​៧០​ឆ្នាំ ​គឺ​នៅ​ថ្ងៃ​ទី​២០​ ខែ​មករា ​ឆ្នាំ​១៩៤៩​​ កង​ទ័ព​ឡាវ​ឥស្សរៈ​ ដែល​បច្ចុប្បន្ន​ជា​កង​ទ័ព​ប្រជាជន​ឡាវ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តំបន់​ឈរ​ជើង​មួយ​ក្នុង​ខេត្ត​ហួ​ផាន់ ​ដែល​មាន​លោក​ប្រធាន​ កៃ​សន​ ភំ​វិហាន​ បាន​ប្រកាស​​បង្កើត​ដឹក​នាំ ​និង​បញ្ជា​ដោយ​ផ្ទាល់​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖​ ក្រោយ​ពី​កង​ទ័ព​ឡាវ​ឥស្សរៈ​ ត្រូវ​បាន​បង្កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ បាន​ប្រឈម​មុខ​ជា​មួយ​សត្រូវ​ជា​ច្រើន​ដូច​ជា​ ខា​ង​សេដ្ឋកិច្ច​ កម្លាំង​ទ័ព​ អាវុធ​យុទ្ធោ​ប​ករណ៍​ តែ​ដោយ​សារ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ខ្លាំង​ក្លា ​និង​ការ​បន្ត​ប្រពៃ​ណី​តស៊ូ ​មិន​ព្រម​ចុះ​ចាញ់​របស់​បុព្វ​បុរស​ និង​ជន​ជាតិ​ឡាវ​ទាំង​មូល ​និង​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​អស់​ពី​ដួង​ចិត្ត របស់​ប្រជាជន​ឡាវ ​បណ្ដា​ជន​ជាតិ ​ក៏​ដូច​ជា​ប្រទេស​សង្គម​និយម​ជា​បង​ប្អូន​ឡាវ ​កង​ទ័ព​ឡាវ​បាន​ធ្វើ​ការ​ប្រយុទ្ធ​ដ៏​អង់​អាច​ក្លាហាន ​និង​ទទួល​បាន​ជ័យ​ជំនះ​ជា​បន្ត​បន្ទាប់​។​

      ក្នុង​ឱកាស​ប្រារព្ធ​មីទ្ទិញ​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ ​ក្នុង​នាម​បក្ស​ រដ្ឋាភិបាល ​នៃ​សាធារណ​រដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ ​ឯកឧត្តម​ ប៊ុន​យ៉ាំង ​វឡាក់​ជិត​ បាន​សម្ដែង​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ ចំពោះ​វីរ​យុទ្ធជន ​យុទ្ធនារី ​នៃ​កង​ទ័ព​ប្រជាជន​ឡាវ ​ជន​ពិការ ​ក្រុម​គ្រួសារ​ដែល​បាន​ពលី​ជីវិត​ដើម្បី​ ឯករាជ្យ ​ឥស្សរៈ​ភាព ​និង​សុភមង្គល​របស់​ប្រជាជន​ឡាវ​។ នៅ​ក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​ ថ្ងៃ​បង្កើត​កង​ទ័ព​ប្រជាជន​ឡាវ ​នា​ឱកាស​នោះ ​ក៏​បាន​បង្ហាញ​ក្បួន​ព្យុះ​ហយាត្រា​ ទស្សនា​ផង​ដែរ​ ដែល​ក្បួន​ព្យូហ​យាត្រា​ទាំង​នោះ​មាន​ទាំង​អស់​២៥​ផែន​ រួម​មាន​៖​​ ផែន​កម្មាភិបាល​ចូល​និវត្តន៍​,​ ផែន​ទង់​ជ័យ​កង​ទ័ព​ប្រជាជន​ឡាវ​, ​ផែន​កង​ទ័ព​ឡាវ​ឥស្សរៈ​,​ ផែន​កម្លាំង​កង​ទ័ព​រំដោះ​ប្រជាជន​ឡាវ​,​ ផែន​កម្លាំង​ទ័ព​នារី​៣៦៩​,​ ផែន​ទ័ព​នាយ​ទាហាន​ជើង​គោក,​ ​ផែន​នាយ​ទាហាន​ជើងអា​កាស,​ ​ផែន​កម្លាំង​យោធា​ព្រំដែន​,​ ផែន​ទ័ព​ថ្មើរ​ជើង​,​ ផែន​ទ័ព​ប្រយុទ្ធ​ពិសេស​,​ ផែន​ទ័ព​រថពាស​ដែក​ រថ​ក្រោះ​,​​ ផែន​ទ័ព​កាំ​ភ្លើង​ធំ ​ផែន​ទ័ព​ការ​ពារ​អាកាស​,​ ផែន​ទ័ព​វិស្វកម្ម​,​ ផែន​អង្គភាព​បញ្ជូន​សារ,​ ផែន​ទ័ព​សុខា​ភិ​បាល​នារី,​ ផែន​ទ័ព​តំបន់,​ ​ផែន​ប្រជា​ការពារ,​ ផែន​ក្បួន​ទ័ព​រថយន្ត​ថ្មើរ​ជើង,​ ផែន​រថក្រោះ ​រថពាស​ដែក,​ ​ផែន​រថយន្ត​កាំ​ភ្លើង​ធំ​,​ ផែន​រថយន្ត​ប្រភេទ​ការ​ពារ​អាកាស​,​ ផែន​ទ័ព​វិស្វកម្ម ​និង​ផែន​កង​ត្រែ​ទ័ព​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ