ព័ត៌មាន

ឯកឧត្តម ​អគ្គ​មេ​បញ្ជាការ​ វង្ស​ ពិសេន ​អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​ឥណ្ឌា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​
នាយកដ្ឋានព័ត៌មាន(៣)
418
717 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និងលោក​ វរសេនីយ៍​ឯក​ Varadan ​Kumar​ អនុព័ន្ធ​យោធា​ឥណ្ឌា ​ប្រចាំ​កម្ពុជា

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ​ពិសេន ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ទទួល​ជួប​សំណេះ​សំណាល ​និង​ពិភាក្សា​ការ​ងារ​ជា​មួយ ​លោក​ វរសេនីយ៍​ឯក​ Varadan ​Kumar​ អនុព័ន្ធ​យោធា​ឥណ្ឌា ​ប្រចាំ​កម្ពុជា ​ដែល​មាន​និវេសន​ដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ ​នៅ​អគ្គ​បញ្ជាការ​ដ្ឋាន ​កង​យោធពល​ខេមរ​ភូមិន្ទ​ នា​ថ្ងៃ​ទី​១៥​  ខែ​មករា ​ឆ្នាំ​២០១៩​។​

      ឯកឧត្តម ​អគ្គ​មេ​បញ្ជាការ ​បាន​ថ្លែង​អំណរ​គុណ ​និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ ​លោក​ វរសេនីយ៏​ឯក​ Kumar​ ដែល​បាន​ចូល​ជួប​សំ​ដែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ​ងារ​នា​ឱកាស​នេះ។​ ឯកឧត្តម​ បាន​ចាត់​ទុក​បេសកកម្ម​បំពេញ​ការ​ងារ​នៅ​កម្ពុជា ​គឺ​បាន​បង្កើន​ការ​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​ នូវ​ចំណង​សាមគ្គីភាព​ មិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-​​ឥណ្ឌា ​ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ​​ជា​មួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​វង្ស​ ពិសេន ​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​  និង​ក្រសួង​ការ​ពារ​ប្រទេស​ឥណ្ឌា ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​​ និង​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ មាន​ជា​ច្រើន​ផ្នែក​។​ ដោយ​គិត​ចាប់​តាំង ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក ​ឥណ្ឌា​ គឺ​ជា​ប្រទេស​នាំ​មុខ​គេ​ ក្នុង​ការ​ជួយ​កម្ពុជា​ លើ​វិស័យ​ដោះ​មីន​ គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​ជួយ​បណ្តុះ​បណ្តាល ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​ទាំង​ក្នុង​ប្រទេស ​និង​បញ្ជូន​ទៅ​ក្រៅ​ប្រទេស ​ដែល​គិត​មក​ដល់​ពេល​នេះ ​មាន​ចំនួន​៣៤​វគ្គ​ និង​មាន​សិក្ខា​កាម​ចំនួន​ជិត​១,០០០​នាក់​។​ 

      ទន្ទឹម​នឹង​នេះ​ដែរ​ លោក វរសេនីយ៍​ឯក​ Kumar​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ នាយ​​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន ​ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​លោក​ ចូល​ជួប​សំណេះ​សំណាល​នា​ឱកាស​នេះ។​ លោក​អនុព័ន្ធ​បាន​បន្ត​ទៀត​ថា​៖ ឥណ្ឌា​នៅ​តែ​បន្ត​ជួយ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ លើ​ផ្នែក​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​និង​ជួយ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ តាម​សំណូម​ពរ​របស់​ផ្នែក​បណ្តុះ​បណ្ដាល​ របស់​ភាគី​ខាង​កម្ពុជា​​បាន​ដាក់​ស្នើ​សុំ​ទៅ ​និង​បាន​សន្យា​ជួយ​ផ្តល់​បច្ចេក​ទេស​ផ្សេងៗ​ទៀត ​តាម​លទ្ធភាព​ជាក់​ស្តែង​ដល់​កងយោធពល​ខេមរ​ភូមិន្ទ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ