ព័ត៌មាន

ឯកឧត្តម នាង ផាត ប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២
នាយកដ្ឋានព័ត៌មាន(៣)
451
716 ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​បណ្ឌិត​ ចូសែហ្វ​ ហ្វែល​ធឺរ​​ (Joseph H. ​​Felter) ​ឧបកា​រី​រង ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក ​ទទួល​បន្ទុក​តំបន់​​អាស៊ី​ខាង​ត្បូង ​និង​អាស៊ី​អាគ្នេយ៍​

     កិច្ច​ប្រជុំ​ពិភាក្សា​​នយោបាយ​​យោធា ​កម្ពុជា​-​អាមេរិក​ លើក​ទី​២​​ បាន​​រៀប​​ចំ​​ធ្វើ​ឡើង​​នា​ព្រឹក​​​ថ្ងៃ​​អង្គារ៍​ ១០​កើត​ ខែ​បុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ទី​ស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ដោយ​មាន​វត្ត​មាន ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​បណ្ឌិត​ ចូសែហ្វ​ ហ្វែល​ធឺរ​​ (Joseph H. ​​Felter) ​ឧបកា​រី​រង ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក ​ទទួល​បន្ទុក​តំបន់​​អាស៊ី​ខាង​ត្បូង ​និង​អាស៊ី​អាគ្នេយ៍​។​ កិច្ចប្រជុំពិភាក្សានយោបាយយោធា កម្ពុជា-អាមេរិក លើកទី២

     ថ្លែង​បើក​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម​ រដ្ឋលេខា​ធិការ​ នាង ផាត ​​ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​​ការ​ពារ​​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​៖ កិច្ច​ប្រជុំ​ពិភាក្សា​នយោបាយ​យោធា ​កម្ពុជា​-​អាមេរិក ​លើក​ទី១​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១​ ខែ​មករា ​ឆ្នាំ​២០១១​ ដែល​ជា​វេទិកា​ដ៏​សំខាន់​មួយ​ សម្រាប់​​អន្តរ​កម្ម​​ប្រកប​ដោយ​ផ្លែ​ផ្កា​ ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ការ​ពារ​ជាតិ​ រវាង​​ប្រទេស​យើង​​ទាំង​​ពីរ​។​ ឯកឧត្តម​ បាន​បន្ត​ថា៖ ​នៅ​ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០២០ ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​​មួយ​ទៀត​ ​​នៃ​ខួប​លើក​ទី​៧០​ នៃ​ទំនាក់​ទំនង​ការ​ទូត​ រវាង​ប្រទេស​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​។​ ខណៈ​ដែល​មិត្ត​បរទេស​ភាគ​ច្រើន​ចាត់​ទុក​​ថា​​ជា​​ការ​វិវត្តន៍​វិជ្ជមាន​មួយ ​ហើយ​បាន​​សរសើរ​​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ប្រឹង​ប្រែង​របស់​យើង​ចំពោះ​ការ​ឆ្ពោះ​ទៅ​មុខ​។​ ជា​មួយ​គ្នា​នេះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​នាង ផាត ​បាន​ថ្លែង​ថា​៖ កិច្ច​ប្រជុំ​ពិភាក្សា​នយោបាយ​យោធា ​កម្ពុជា​-​អាមេរិក ​លើក​ទី​២​នេះ ​ពិត​ជា​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន ​ចំពោះ​សកម្មភាព​សម្រាប់​ឆ្នាំ​នេះ ​និង​ឆ្នាំ​ជា​បន្ត​បន្ទាប់​ និង​ជឿ​ជាក់​ថា​ កិច្ច​ពិភាក្សា​នេះ ​នៅ​តែ​ជា​វេទិកា​ធ្វើ​ការ​ដ៏​មាន​​សារៈ​​សំខាន់ ​ដើម្បី​ចេញ​នូវ​ផែន​ការ​អភិវឌ្ឍន៍​កម្ម​វិធី​ សហ​ប្រតិបត្តិការ​ការ​ពារ​ជាតិ​ របស់​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​និង​សហរដ្ឋ​អាមេរិក ​ហើយ​ជឿ​ជាក់​ថា ​ប្រជាជន​ទាំង​ពីរ​មាន​ឆន្ទៈ​ពេញ​លេញ​ក្នុង​ការ​​បំពេញ​នូវ​តម្រូវ​ការ​ទាំង​អស់​។ 

      បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​បាន​ឲ្យ​​ដឹង​ថា​៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​នាង ផាត​ រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ ​និង​លោក​បណ្ឌិត​ ចូ​សែហ្វ​ ហ្វែល​ធឺរ ​(Joseph H. ​​Felter) ឧបការី​រង ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង​ និង​​អាស៊ី​អាគ្នេយ៍​ បាន​ពិភាក្សា​ពី​ចក្ខុ​វិស័យ​រួម ​ដែល​ចង់​អោយ​តំបន់​​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក​ មាន​ភាព​​បើក​ចំហ ​និង​មាន​ភាព​សេរី ​និង​ពិភាក្សា​ពី​ការ​ដែល​ទំនាក់​ទំនង​រវាង​យោធា ​និង​យោធា​​ដ៏​ល្អ​មួយ​ អាច​ជួយ​កម្ពុជា​ក្នុង​ការ​រក្សា​អធិបតេយ្យ​ភាព​របស់​ខ្លួន​បាន​ ដោយ​គ្មាន​​ការ​បង្ខិត​បង្ខំ​ ដើម្បី​ធានា​បាន​នូវ​សន្តិភាព ​វិបុល​ភាព ​និង​ឯករាជ្យ​ភាព​​របស់​ប្រទេស​កម្ពុជា​ សម្រាប់​​មនុស្ស​​ជំនាន់​ក្រោយ​។​ ជា​មួយ​គ្នា​នេះ​ នឹង​ពិភាក្សា​​សម្រាប់​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​​រវាង​​យោធា ​និង​យោធា ​នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ មាន​ភាព​ជឿន​លឿន​ក្នុង​ការ​ពង្រឹង​ស្ថាប័ន ​និង​អនុវត្ត​កំណែ​ទម្រង់​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ